(ព្រះវិហារ)៖ ក្រសួងបរិស្ថាន បានដាក់ឱ្យប្រើប្រាស់ទីចាត់ការប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិ (PAMP) ជាលើកដំបូង សម្រាប់ខេត្តព្រះវិហារ។ នេះជាលើកដំបូងដែលកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់សំដៅគ្រប់គ្រងទិន្នន័យល្បាតឱ្យបានហ្មត់ចត់ ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសខុសច្បាប់ឱ្យបានទាន់ពេលវេលា។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទំនើប ដើម្បីតាមដានបទល្មើសធនធានធម្មជាតិនេះ បានធ្វើឡើងក្រោមវត្តមានលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន, លោក ស៊ូ សេរី អភិបាលរងខេត្តព្រះវិហារ, ប្រធានមន្ទីរខេត្ត និងអង្គការដៃគូកាលពី៣០ ខែមករា ឆ្នាំ២០២១។

ទីចាត់ការប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិ ដែលស្តិតនៅក្នុងមន្ទីរបរិស្ថាន ខេត្តព្រះវិហារនេះ គឺទទួលបានការគាំទ្របច្ចេកទេស ដោយគម្រោង USAID ព្រៃឡង់បៃតង។

បើតាមលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ទីចាត់ការនេះត្រូវបានបង្កើតជាលើកទី១ ដោយចាប់ផ្តើមពីខេត្តព្រះវិហារ និងបន្តទៅកាន់តំបន់ផ្សេងទៀត សំដៅគ្រប់គ្រង ទិន្នន័យល្បាតឱ្យបានហ្មត់ចត់ ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសឱ្យទាន់ពេលវេលាតាមប្រព័ន្ធទំនាក់ទំនងទំនើប ហើយនេះគឺជាការបោះជំហានថ្មីមួយទៀត របស់ក្រសួងបរិស្ថាន និងអង្គការជាដៃគូ ក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ធម្មជាតិ តាមបច្ចេកវិទ្យាទំនើបឱ្យមាននិរន្តភាព។

ក្នុងឱកាសនោះដែរ លោក Carlos Lamadrid នាយកការិយាល័យគម្រោង ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំកម្ពុជា បានលើកឡើងថា នេះជាទីបញ្ជាការប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិ ដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការ នៅក្នុងប្រទេសកម្ពុជា ហើយនឹងធ្វើជាគំរូសម្រាប់ការសិក្សា និងការធ្វើឱ្យប្រសើរឡើង ដើម្បីដាក់ឱ្យប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

លោក Carlos Lamadrid ក៏បានបង្ហាញក្តីរំពឹងទុកថា ការប្រកាសដាក់ឱ្យប្រើប្រាស់ទីចាត់ការប្រព័ន្ធត្រួតពិនិត្យ តំបន់ការពារធម្មជាតិនេះ វានឹងជួយយលើកកម្ពស់តម្លាភាព និងគណនេយ្យភាពដែលត្រូវការដើម្បីទាក់ទាញ ការវិយោគហិរញ្ញវត្ថុប្រកបដោយនិរន្តភាព នៅក្នុងគម្រោងអភិរក្ស នៅកម្ពុជាថែមទៀត។

បើតាមលោក មាស ញឹម អនុប្រធានមន្ទីបរិស្ថានខេត្តព្រះវិហារ បានឱ្យដឹងថា បច្ចុប្បន្ននេះបទល្មើស ដែលបានបង្ក្រាបនៅក្នុងតំបន់ការពារធម្មជាតិ ខេត្តព្រះវិហារ កើតឡើងច្រើនជាងគេ មានចំនួន៣ធំៗ រួមមានទី១៖ បទល្មើសកាប់ទន្រ្ទានដីធ្លី, ទី២៖ ការកាប់ឈើធ្វើអាជីវកម្ម និងទី៣៖ ការបរបាញ់សត្វព្រៃដោយខុសច្បាប់។

បន្ថែមពីនេះលោក មាស ញឹម បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២០ កន្លងទៅនេះ អាជ្ងាធរខេត្តព្រះវិហារ បានរកឃើញបទល្មើខុសច្បាប់ចំនួន ២២ករណី បានបញ្ជួនទៅតុលាការ ដោយក្នុងនោះដែរ តុលាការបានលើកយកមកផ្តន្ទាទោស មានចំនួន១០ករណី ហើយបាននឹងកំពុងជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ។ ក្រៅពីនេះនៅសល់១២ករណីទៀត តុលាការកំពុងបន្តនីតិវិធីច្បាប់៕

ប្រភព Fresh News

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់