ព្រះវិហារ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបានអះអាងថា ការអនុវត្តគម្រោងស្រូវត្រយងមានភាពជោគជ័យនៅក្នុងការទប់ស្កាត់ការរុករានទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់នៅក្នុងតំបន់សហគមន៍ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ ការអះអាងនេះធ្វើឡើង ខណៈឯកឧត្តមរដ្ឋលេខាធិការដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានមួយក្រុមទៅទស្សនាឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែង ភ្នំត្នោត – ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងខេត្តព្រះវិហារ នៅថ្ងៃទី ២៩ – ៣១ ខែមករាឆ្នាំ ២០២១ ដោយមានឧបត្ថម្ភគាំទ្រពីគម្រោងUSAID ព្រៃឡង់បៃតង។

សូមរំឭកថា ការអនុវត្តគម្រោងស្រូវត្រយងតម្រូវឱ្យកសិករដែលជាសមាជិកស្រូវត្រយងទាំងអស់ អនុវត្តតាមគោលការណ៍សំខាន់ៗ ដែលផ្សារភ្ជាប់ជាមួយនឹងការគោរពលើបរិស្ថាន ការពារធនធានធម្មជាតិ រួមមានទី១៖ គឺត្រូវដាំស្រូវដោយគោរពទៅតាមគោលការណ៍សរីរាង្គ ដែលមិនប្រើប្រាស់ជីគីមី ឬក៏ថ្នាំគីមី ឬថ្នាំសម្លាប់សត្វល្អិតមួយចំនួនទៀតលើការដាំដុះរបស់ពួកគាត់។ ទី២៖ គឺការគោរពទៅនឹងគោលការណ៍ដាំដុះដែលមានបច្ចេកទេសដោយមានការបង្ហាត់បង្រៀនពីសំណាក់អង្គការ WCS មន្ត្រីជំនាញរបស់អង្គការ WCS និងដៃគូ ដើម្បីធ្វើឱ្យស្រូវដែលដាំដុះទាំងអស់នោះ គោរពទៅតាមបទដ្ឋានបច្ចេកទេស និងតាមការកំណត់និយាមទទួលទិញពីប្រទេសអ្នកបញ្ជាទិញស្រូងត្រយងនេះ។ ទី៣៖ ប្រជាកសិករ ដែលបានដាំស្រូវត្រយង ត្រូវប្រើប្រាស់ដីដែលមិនមែនបានពីការកាប់ទន្រ្ទានកាន់កាប់ដីព្រៃនោះទេ ដែលជាចំណុចហាមឃាត់ដាច់ខាត។ ទី៤៖ ប្រជាកសិករ ដែលបានចូលរួមក្នុងគម្រោងនេះ គឺត្រូវតែចូលរួមការពារ និងអភិរក្សសត្វព្រៃ។ ទន្ទឹមនេះ បើតាមលក្ខខណ្ឌនៃ គម្រោងទាំង៤នេះ គឺបានធ្វើឱ្យមានភាពល្អប្រសើរឡើងនូវការការពារ និងអភិរក្សធនធានធម្មជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា «គម្រោងស្រូវត្រយងនេះគឺមានភាពជោគជ័យនៅក្នុងការទប់ស្កាត់ការរុករានទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ហើយក៏ជាការបង្កើតនូវមុខរបរថ្មី ជម្រើសថ្មី ឱ្យពួកគាត់ងាកមកធ្វើស្រែចម្ការបានស្រូវសម្រាប់គាត់ហូបហើយមានស្រូវសម្រាប់លក់ដូរក្នុងតម្លៃថ្លៃទៅខាងក្រៅទៀត»។ លើសពីនេះទៅទៀត ប្រជាសហគមន៍អាចថែរក្សាការពារបាននូវធនធានធម្មជាតិ ការពារទាំងព្រៃឈើ សត្វព្រៃ។ ជាក់ស្តែងប្រជាពលរដ្ឋមួយចំនួននៅសហគមន៍អេកូទេសចរណ៍ត្មាតប៉ើយខេត្តព្រះវិហារបានចូលរួមហើយពួកគាត់និយាយថា បើដឹងថារក្សាព្រៃ រក្សាសត្វបានលុយតាមរយៈទេសចរណ៍ធម្មជាតិ ម្លេះពួកគាត់អត់បាញ់សម្លាប់ឬអត់ទាន្ទ្រានដីព្រៃនោះឡើយ។

តាមរយៈលទ្ធផលនេះ ក្រសួងបរិស្ថានជំរុញឱ្យអង្គការដៃគូពាក់ព័ន្ធ យកគម្រោងស្រូវត្រយងនេះទៅអនុវត្តតាមតំបន់ការពារធម្មជាតិផ្សេងៗនៅក្នុង២០ខេត្ត ក្នុងចំណោម២៥រាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាជម្រើសថ្មីឱ្យប្រជាសហគមន៍សម្រាប់ប្រកបរបរចិញ្ចឹមជីវិតជំនួសឱ្យការកាប់ឈើ បរបាញ់សត្វ និង រុករានទន្រ្ទានដីព្រៃខុសច្បាប់៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់