នារសៀលថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំកិច្ចប្រជុំលើកទី៦ នៃក្រុមប្រឹក្សាភិបាលគម្រោង «ការកាត់បន្ថយភាពងាយរងគ្រោះនៃជីវភាពរបស់ប្រជាជនកម្ពុជានៅជនបទ តាមរយៈការពង្រឹងផែនការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ និងការអនុវត្តសកម្មភាពអាទិភាព(SRL)» នៅទីស្ដីការក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ ចូលរួមជាអធិបតីដោយក្រុមប្រឹក្សាភិបាលគម្រោង រួមមាន៖ ឯកឧត្ដម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោង ឯកឧត្ដម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.) លោក Nick Beresford នាយកនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)ប្រចាំនៅកម្ពុជា និងមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងគម្រោងមកពីអន្ដរក្រសួង ក្រុមការងារគម្រោងនិងសហការីមកពីUNDP មន្ដ្រីនៃលេខាធិការដ្ឋាន គ.ជ.អ.ប មន្ដ្រីគម្រោងSRLនិងមន្ដ្រីនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. សរុប ចំនួន ២១នាក់។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បី ១) ពិនិត្យវឌ្ឍនភាពនិងអនុម័តលើរបាយការណ៍វាយតម្លៃចុងបញ្ចប់គម្រោង ២)ដើម្បីធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តនៃការចាកចេញពីគម្រោង និងឯកភាពលើជំហានបន្ទាប់ និង ៣) ដើម្បីពិភាក្សា និងឯកភាពលើការផ្ទេរធនធានរបស់គម្រោង។

លោក Nick Beresford បានបង្ហាញពីភាពពេញចិត្ដនៃលទ្ធផលអនុវត្ដគម្រោងនាពេលកន្លងមក ហើយលោកសង្ឃឹមថា UNDPនឹងអាចកៀរគរថវិកាបន្ថែមទៀតដើម្បីគាំទ្រលើសមិទ្ធផលគម្រោងនៅក្នុងខេត្ដគោលដៅទាំងពីរ និងអាចពង្រីកវិសាលភាពបន្ថែមនៅតាមបណ្ដាតំបន់ដែលងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដម នី គឹមសាន ក៏បានបង្ហាញភាពរីករាយចំពោះលទ្ធផលគម្រោង និងម្ចាស់មូលនិធិដែលបានផ្ដល់ការគាំទ្រក្នុងការអនុវត្ដគម្រោងនេះរហូតសម្រេចបានសមិទ្ធផលជាទីគាប់ចិត្ដ បើទោះបីជាគម្រោងនេះមានទំហំថវិកាមិនច្រើនក៏ដោយ។

ទន្ទឹមជាមួយគ្នាផងដែរ ឯកឧត្ដម ទិន ពន្លក ក៏បានកោតសរសើរចំពោះសមិទ្ធផលគម្រោង និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគម្រោង រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញឱ្យគម្រោងទទួលបានជោគជ័យក្នុងរយៈពេលដូចដែលបានគ្រោងទុក។ បើទោះបីជាគម្រោងបានបញ្ចប់យ៉ាងណាក្ដី លទ្ធផលរបស់គម្រោងចាំបាច់ត្រូវទទួលការគាំទ្របន្ដពីរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការថែរក្សាសមិទ្ធផលគម្រោងឱ្យមាននិរន្ដរភាពបន្ដទៀត។ បន្ថែមពីនេះ ក្រុមប្រឹក្សាភិបាលគម្រោងនិងសមាជិកទាំងអស់បានទស្សនាវីដេអូចងក្រងសមិទ្ធផលរបស់គម្រោង ដែលបានបង្ហាញពីមតិយោបល់របស់កសិករ អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ ចំពោះការអនុវត្ដគម្រោងនាពេលកន្លងមក។ លើសពីនេះ យុទ្ធសាស្ដ្រចាកចេញគម្រោងដែលបានរៀបចំមុនពេលគម្រោងបញ្ចប់ដែលបានចែករំលែក និងពិភាក្សាគ្នាជាច្រើនលើកក៏បានបង្ហាញនៅក្នុងកិច្ចប្រជុំនេះផងដែរ។ បើទោះបីជាគម្រោងបានបញ្ចប់ទៅយ៉ាងណាក្ដី ក៏ក្រុមការងារគម្រោងនៅតែរក្សាទំនាក់ទំនងល្អ ស្វែងរក និងកៀរគរមូលនិធិបន្ថែមទៀត ដើម្បីគាំទ្រដល់តំបន់ដែលទទួលរងគ្រោះដោយការប្រែប្រួលអាកាសធាតុដើម្បីបង្កើនសមត្ថភាពបន្ស៊ាំនិងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុឲ្យកាន់តែមានប្រសិទ្ធភាពនាពេលអនាគត។

ព័ត៌មានបន្ថែម

សត្វរញីផេះមួយក្បាលរួចផុតពីក្រញាំព្រាន
ថ្ងៃ ពុធ, 12 ឧសភា, 2021 សត្វរញីផេះមួយក្បាលរួចផុតពីក្រញាំព្រាន
ដើមភ្លៅនាងរលោងស្រិលនិងស្រស់ស្អាត នៅដែនជម្រកសត្វព្រៃលំផាត់
ថ្ងៃ អង្គារ, 11 ឧសភា, 2021 ដើមភ្លៅនាងរលោងស្រិលនិងស្រស់ស្អាត នៅដែនជម្រកសត្វព្រៃលំផាត់
អបអរសាទរទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក ឆ្នាំ២០២១ ក្រោមប្រធានបទ ច្រៀង ហោះហើរ និងសំកាំង – ដូចសត្វស្លាប!
ថ្ងៃ ចន្ទ, 10 ឧសភា, 2021 អបអរសាទរទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក ឆ្នាំ២០២១ ក្រោមប្រធានបទ ច្រៀង ហោះហើរ និងសំកាំង – ដូចសត្វស្លាប!