នៅព្រឹកថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាកែសម្រួលលក្ខណៈសម្បត្តិគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។
យោងតាមសេចក្ដីព្រាង គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានកំណត់លក្ខណសម្បត្តិ៨យ៉ាង ដូចខាងក្រោម៖
១. គ្មានបទល្មើសគ្រប់ប្រភេទ ពិសេសសកម្មភាពលួច ឆក់ ប្លន់។
២. គ្មានបទល្មើសគ្រឿងញៀន។
៣. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង។
៤. មានអនាម័យ មានសោភណ្ឌភាពល្អ និងបរិស្ថានល្អ។
៥. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ ករណីប្រធានសក្ដិ និងរាល់ជម្អឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។
៦. ផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
៧. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៨. គ្មានគ្រោះថ្នាក់ចរាចរណ៍។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍គូសបញ្ជាក់ថាពាក់ព័ន្ធនឹងការលើកកម្រិតចេញជាគោលនយោបាយនេះ គឺដោយសារមានសំណូមពរ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះការងារនេះត្រូវតែធ្វើឡើងជាសមូហភាព ដោយមានស្ថាប័នទាំងអស់ចូលរួម ដើម្បីបាញ់ឆ្ពោះទៅមូលដ្ឋាន ។
សម្ដេចបន្តថាពេលនេះយើងសរសេរគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ហើយការថែមសង្កាត់នេះ គឺដោយសារបណ្ដាក្រុងតាមខេត្តក៏មានសង្កាត់ដែរ ម្យ៉ាងនៅរាជធានីភ្នំពេញក៏មានសង្កាត់ដូចគ្នាដែរ។ សម្ដេចបន្តថាគោលនយោបាយនេះ បានសរសេរច្បាស់ៗ គ្មានពាក្យបង្ការ លុបបំបាត់ ឬកាត់បន្ថយអ្វីទេ ។
សម្ដេចបានពន្យល់ទៀតថា ការដាក់ច្បាស់ៗនូវអ្វីដែលចង់បានក្នុងគោលនយោបាយនេះ គឺដើម្បីបញ្ចប់ភាពស្រពិចស្រពិល ដូច្នេះគោលនយោបាយកែសម្រួលនេះ បានកំណត់ឱ្យច្បាស់តែម្ដង ដូចជាពាក្យគ្មានបទល្មើសគ្រប់ប្រភេទ ជាពិសេសសកម្មភាពលួចឆក់ប្លន់ ឬគ្មានបទល្មើសគ្រឿងញៀនជាដើម ដោយមានផ្នែកបន្ទាប់ពន្យល់យ៉ាងលម្អិត។
យោងតាមសេចក្ដីព្រាង លក្ខណសម្បត្តិគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព មានគោលបំណងបន្តកសាង និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពប្រជាជន និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្រោះមហាន្តរាយ និងជម្ងឺឆ្លងរាតត្បាតគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ។

គ្រប់ចំណុចនៃគោលនយោបាយនេះ គឺដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងកសាងបានជាកម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដោយបំផុសឱ្យមានកិច្ចសហការចូលរួមពីជាមួយសមត្ថកិច្ចផ្នែកសាធារណៈ ផ្នែកឯកជន ផ្នែកពាក់ព័ន្ធ និងប្រជាជនទូទាំងប្រទេស ៕ដោយ-រ៉ាវុធ

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់