នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ រៀបចំឡើងនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្ដម ជា ស៊ីណា អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន អញ្ជើញធ្វើបទបង្ហាញ ស្តីពីលទ្ធផលការងារគាំពារបរិស្ថានឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១។

នាឱកាសនោះ ឯកឧត្ដមអគ្គនាយក បានជម្រាបជូនដល់អង្គសន្និបាតថា អគ្គនាយកដ្ឋានគាំពារបរិស្ថានជាសេនាធិការឱ្យក្រសួងបរិស្ថានក្នុងការគ្រប់គ្រង និងសម្របសម្រួលកិច្ចគាំពារបរិស្ថាន ដែលមានក្របខណ្ឌការងាររបស់ខ្លួន រួមមាន (១)រៀបចំគោលនយោបាយ ច្បាប់ និងគោលការណ៍ណែនាំ (២)តាមដានគុណភាពបរិស្ថាន៖ ខ្យល់ ទឹក ដី (៣)ជំរុញការអនុវត្តច្បាប់(ត្រួតពិនិត្យ អធិការកិច្ចបញ្ហាបំពុលបរិស្ថាន) (៤)ជំរុញគាំទ្រការគ្រប់គ្រងសំណល់រឹង ទឹកលូទីប្រជុំជន (៥)ផ្តល់យោបល់របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន(EIA) និងតាមដានការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន(EMP) (៦)អនុវត្តអនុញ្ញាអន្តរជាតិ និងកិច្ចព្រមព្រៀងតំបន់ និង(៧)ផ្តល់សេវាពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន និងមន្ទីរពិសោធន៍។
នៅឆ្នាំ២០២០នេះ ឈរលើក្របខណ្ឌការងាររបស់ខ្លួន អគ្គនាយកដ្ឋានគាំពារបរិស្ថាន បានបំពេញការងារ និងសម្រេចបានលទ្ធផល មានដូចជា (១)ការងារគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត រួមមាន រៀបចំគោលនយោបាយគ្រប់គ្រងសំណល់រឹងទីប្រជុំជន ធ្វើវិសោធនកម្មលើ អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក និងអនុក្រឹត្យស្តីពីការគ្រប់គ្រងសារធាតុបំផ្លាញស្រទាប់អូហ្សូន និងចំរៀបចំសេចក្តីព្រាង អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់គ្រោះថ្នាក់ និងអនុក្រឹត្យស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យការបំពុលបរិស្ថាន (២)ការងារតាមដានគុណភាពទឹកសាធារណៈទៅតាមគោលដៅ រួមមាន ទឹកទន្លេ១០គោលដៅ ទឹកបឹងទន្លេសាប០២គោលដៅ ទឹកស្ទឹងជុំវិញបឹងទន្លេសាប០៩គោលដៅ ទឹកសមុទ្រ០៧គោលដៅ និងយកសំណាកទឹកមកវិភាគចំនួន២០៣សំណាក និងតាមតំបន់ហានិភ័យបំពុលទឹក រួមមាន ប្រភពទឹកក្នុងក្រុងបាវិត(ព្រែកតាពៅ និងព្រែកធ្លក) និងកម្រិតបំពុលខ្ពស់រដូវប្រាំង(សំណល់រាវ ទឹកលូ និងសំរាម) (៣)ការងារតាមដានគុណភាពខ្យល់សាធារណៈ រួមមាន ការបំពាក់ឧបករណ៍តាមដាននៅរាជធានីភ្នំពេញ១១ទីតាំង និងតាមបណ្តាខេត្តចំនួន៣៨ទីតាំង និងបំពាក់រថយន្តតាមដានគុណភាពខ្យល់សាធារណៈ(វិស្ណុ) (៤)ការងារត្រួតពិនិត្យ និងអធិការកិច្ចប្រភពបំពុល រួមមាន ចុះអធិការកិច្ចប្រភពបំពុលរោងចក្រ១៣០ទីតាំង ចុះតាមដានការអនុវត្តEMPចំនួន១៧៥គម្រោង ចុះអធិការកិច្ចដោះស្រាយបណ្តឹង៤៩ករណី ចេញលិខិតបញ្ជាកែប្រែ៤០ករណី អនុវត្តពិន័យអន្តរការណ៍បទល្មើសបំពុលបរិស្ថាន៩ ករណី ជំរុញការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិលើការបញ្ចេញសំណល់រាវ ផ្សែងពីប្រភពបំពុលសំខាន់ៗ២០ទីតាំង ដំឡើងScreenទទួលទិន្នន័យពីឧបករណ៍តាមដានស្វ័យប្រវត្តិលើការបញ្ចេញសំណល់រាវនិងផ្សែងពីប្រភពបំពុល និងចុះអនុវត្តការកម្ទេចសំណល់សារធាតុគីមីនៃអាជីវកម្មរ៉ែមាស (៥)ការងារពង្រឹងការគ្រប់គ្រងសំរាមទីប្រជុំជន (៦)ការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (៧)ការងារអនុវត្តអនុសញ្ញាអន្តរជាតិ រួមមាន អនុសញ្ញាវីយ៉ែន និងពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញO3 អនុសញ្ញាបាសែលស្តីពីសំណល់គ្រោះថ្នាក់ អនុសញ្ញាស្តុកខូមស្តីពីសារធាតុPOPs អនុសញ្ញាមីណាម៉ាតាស្តីពីបារត និងបានសម្របសម្រួលនីតិវិធីសុំការផ្តល់សច្ចាប័នចូលជាសមាជិកអនុសញ្ញាមីណាម៉ាតានិងវិសោធន៍កម្មពិធីសារម៉ុងរ៉េអាល់ (៨)ការងារកិច្ចសហប្រតិបត្តិការជាមួយដៃគូ និង(៩)ការងារសេវាគាំពារបរិស្ថាន។

ក្នុងដំណើរបំពេញតួនាទីភារកិច្ច ឆ្ពោះទៅសម្រេចបាននូវលទ្ធផលការងារដែលបានដាក់ចេញ អគ្គនាយដ្ឋាន បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ ក្នុងនោះរួមមាន ១.ចំនួនមន្ត្រីមិនទាន់ឆ្លើយតបនឹងទំហំការងារ ២.សមត្ថភាពមន្ត្រីនៅមានកម្រិត លើការងារជំនា លើការកសាងគោលនយោបាយ ច្បាប់ បទដ្ឋាន ៣.ថវិកា សម្ភារ និងមធ្យោបាយសម្រាប់អនុវត្តការងារនៅមិនទាន់ឆ្លើយតបនឹងតម្រូវការ ៤.ស្មារតីទទួលខុសត្រូវរបស់ថ្នាក់ក្រោមជាតិលើការគ្រប់គ្រងសំណល់ទីប្រជុំជន នៅមានកម្រិត ខ្វះការផ្តួចផ្ដើម ៥.បញ្ហាគ្រប់គ្រងសំណល់ និងការទប់ស្កាត់ការបំពុលបរិស្ថាន ស្ថិតក្នុងអាទិភាពទាបនៅឡើយ និង៦.សមត្ថភាពក្រុមហ៊ុនទីប្រឹក្សាសេវាបរិស្ថាននៅមានកម្រិត។

នៅឆ្នាំ២០២១ អគ្គនាយកដ្ឋាន នឹងបន្តអនុវត្ត និងដាក់ចេញនូវទិសដៅការងារបន្ត រួមមាន (១)រៀបចំចងក្រងលិខិតបទដ្ឋានគតិយុត្ត ផែនការយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំបច្ចេកទេស (២)តាមដានគុណភាពទឹក និងខ្យល់សាធារណៈ (៣)ជំរុញការអនុវត្តច្បាប់នៅតាមប្រភពបំពុល (៤)ជំរុញការអនុវត្តការគ្រប់គ្រងសំរាម ទឹកកខ្វក់ទីប្រជុំជន (៥)ជំរុញការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (៦)ការធ្វើបច្ចុប្បន្នភាពទិន្នន័យសំណល់ សារធាតុគ្រោះថ្នាក់ (៧)ការផ្សព្វផ្សាយ និងការពង្រឹងសមត្ថភាពជំនាញ និង(៨)ការងារអនុសញ្ញា និងការអនុវត្តគម្រោង៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់