ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថាការប្រឡងប្រណាំងស្ថាប័នគំរូប្រចាំក្រសួងបរិស្ថានមិនត្រឹមតែជួយបង្កើនសមត្ថភាពដល់មន្រ្តីប្រចាំតាមអង្គភាពទេប៉ុន្តែវាក៏ជាផ្នែកមួយសំខាន់ដែលជួយឱ្យកិច្ចការងាររីកចម្រើនដែលបម្រើដល់ប្រទេសជាតិថែមទៀត។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បែបនេះធ្វើឡើងក្នុងពេលដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងការប្រកាសជ័យលាភីនៃអង្គភាពគំរូក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ២០២០
នៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នាទីស្តីការក្រសួងបរិស្ថាន។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ក្នុងការបង្កើនសមត្ថភាពមន្រ្តីនិងពិសេសការរៀបចំឱ្យមានការប្រឡងប្រណាំងតាមអង្គភាពបានធ្វើឱ្យកិច្ចការងារជាច្រើនបានសន្ទុះនិងផ្លែផ្កាគួរកត់សម្គាល់។ជាមួយគ្នាវាក៏ជាផ្នែកសំខាន់ក្នុងការជំរុញលើសមត្ថភាព និងប្រសិទ្ធភាពការងារកាន់តែល្អប្រសើរឡើង។
ក្នុងពិធីនេះដែរ ឯកឧត្តមសាយសំអាល់បានជំរុញដល់មន្រ្តីតាមស្ថាប័ននីមួយៗត្រូវខិតខំបំពេញការងារនិងបម្រើដល់កិច្ចការងារសង្គម ប្រជាពលរដ្ឋនិងពិសេសជួយលើកស្ទួយប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
បញ្ជាក់ក្នុងពិធីនេះដែរ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថានបានឱ្យដឹងថាដើម្បីជំរុញការធ្វើទំនើបកម្មស្ថាប័នចំណុះក្រសួងបរិស្ថាន និងពង្រឹងការងារអធិការកិច្ច ក្រសួងបរិស្ថានបានរៀបចំកម្មវិធីប្រកួតប្រជែងជ្រើសរើសស្ថាប័នគំរូក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ២០២០ ដោយលើកទឹកចិត្តឱ្យអង្គភាពចំណុះក្រសួងបរិស្ថានទាំងអស់ចូលរួមក្នុងការប្រកួតប្រជែងជាជ័យលាភីអង្គភាពគំរូក្នុងវិស័យបរិស្ថានតាមរយៈការរៀបចំពង្រឹង និងកែសម្រួលលក្ខណៈវិនិច្ឆ័យគោលរបស់ខ្លួនរួមមាន៖ ១.គុណភាព ប្រសិទ្ធភាព និងទទួលសេវារដ្ឋបាល ២.ការងារជំនាញរបស់អង្គភាព ៣.ការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអង្គភាព ៥.ការរៀបចំ និងកែល្អបរិស្ថានក្នុងអង្គភាព ៦. ការទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ អាជ្ញាធរ និងដៃគូអភិវឌ្ឍ ៧.គំនិតផ្តួចផ្តើមថ្មីៗ ដើម្បីអង្គភាពមានដំណើរការកាន់តែប្រសើរ និងការប្តេជ្ញាចិត្តក្នុងការកែល្អបន្ត។

ឯកឧត្តមបានមានប្រសាសន៍ឱ្យដឹងដែរថា ក្នុងឆ្នាំ២០២០នេះ ក្រសួងបរិស្ថានបានរៀបចំជ្រើសរើសអង្គភាពគំរូក្នុងវិស័យបរិស្ថានទៅលើ៤ អនុវិស័យនិងមានបេក្ខភាពដែលត្រូវជ្រើសរើសដូចតទៅ ១.អង្គភាពគំរូក្នុងអនុវិស័យនាយកដ្នាន៖ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នាយកដ្ឋានប្រែប្រួលអាកាសធាតុ អគ្គាធិការដ្ឋាន នាយកដ្ឋានជីវចម្រុះ នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន(ស្ទួន) ២.អង្គភាពគំរូក្នុងអនុវិស័យមន្ទីរបរិស្ថានរាជធានី ខេត្ត៖ មន្ទីរបរិស្ថានខេត្តកំពង់ធំ មន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្តសៀមរាប និងមន្ទីរបរិស្ថានខេត្តកំពត ៣.អង្គភាពគំរូក្នុងអនុវិស័យតំបន់ការពារធម្មជាតិ៖ ដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរី ឧទ្យានជាតិកែបខេត្តកែប ឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង ឧទ្យានជាតិវីរៈជ័យខេត្តរតនគិរី និងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នខេត្តឧត្តរមានជ័យ និង៤.អង្គភាពគំរូក្នុងអនុវិស័យសហគមន៍តំបន់ការពារធម្មជាតិ៖ សហគមន៍ត្មាតប៉ើយ-ធឿនក្រសាំងខេត្តព្រះវិហារ សហគមន៍អូរជាំខេត្តបាត់ដំបង សហគមន៍ទឹកធ្លាក់ច្រកល្អៀងខេត្តពោធិ៍សាត់ សហគមន៍ព្រៃធំ អន្លង់ធំខេត្តសៀមរាប និងសហគមន៍ពាមក្រសោបខេត្តកោះកុង៕

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍, 27 វិច្ឆិកា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តជំរុញសកម្មភាពតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលឆ្ពោះទៅភាពស្អាតនិងបង្កើនគម្របបៃតងនៅកម្ពុជា
ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 ក្រសួងបរិស្ថាន រៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងមានការប្រកួតតាំងពិព័រណ៍ស្នាដៃ និងប្រកួតគំនូរជុំរុញការអភិរក្សពូជកេសរកូលព្រៃ
កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា
ថ្ងៃ ពុធ, 26 វិច្ឆិកា, 2025 កិច្ចប្រជុំលើកទី១៖ ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា