ភ្នំពេញ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី 《ជម្រើសចាំបាច់សម្រាប់ជីវភាពសហគមន៍ក្នុងអំឡុង និងក្រោយពេលកូវីដ-១៩》 ដោយមានការចូលរួមតំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន គណៈកម្មការបណ្តាញសហគមន៍ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានជាសេនាធិការរបស់ក្រសួងបរិស្ថាន បាន និងកំពុងដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការគាំទ្រ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាក្នុងការចូលរួមអភិរក្សតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីចូលរួមអភិរក្សធនធានធម្មជាតិ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។

ក្នុងឱកាសនោះ លោកជំទាវ ម៉ុម ថានី មានប្រសាសន៍ថា ការចូលរួមរបស់សហគមន៍មូលដ្ឋាន គឺជាធាតុមួយយ៉ាងសំខាន់ និងមិនអាចខ្វះបាន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាការអភិវឌ្ឍនៅមូលដ្ឋាន។ យ៉ាងណាម៉ិញ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺចាំបាច់ និងតម្រូវឱ្យមានការចូលរួមពីសំណាក់សហគមន៍មូលដ្ឋានផងដែរ ពីព្រោះថា ពួកគាត់បានរស់នៅក្បែរ និងក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងបាននឹងកំពុងប្រើប្រាស់ធនធានធម្មជាតិ សម្រាប់បំពេញតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ឈរនៅលើទស្សនៈនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងលិខិតបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រ ជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមពីសាធារណៈជនទូទៅ និងសហគមន៍មូលដ្ឋាន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈការរៀបចំបង្កើត ជាសហគមន៍នេសាទ សហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ ដែលជាយុទ្ធសាស្ត្រសមស្រប សំដៅធានាបាននូវកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ប្រកបដោយកាលានុវត្តភាព និងដោយចីរភាព។

លោកជំទាវរដ្ឋលេខាធិការ បញ្ជាក់ថា ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅលើពិភពលោក និងប្រទេសកម្ពុជាធ្វើឱ្យប៉ះពាល់ផ្ទាល់ដល់វិស័យទេសចរណ៍ ឧស្សាហកម្ម រោងចក្រកាត់ដេរ សំណង់ សេវាកម្ម ហិរញ្ញវត្ថុ កសិកម្ម អប់រំ សុខាភិបាល។ល។ ដែលធ្វើឱ្យមានការបាត់បង់ការងារ និងប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ បានបង្កើតនូវគណៈកម្មការជាតិគណៈកម្មការអន្តរក្រសួង និងគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី-ខេត្ត ដើម្បីជាយន្តការដឹកនាំ សម្របសម្រួល កំណត់គោលនយោបាយ យុទ្ធសាស្រ្ត និងបច្ចេកទេសពាក់ព័ន្ធ និងអនុវត្តផែនការទប់ស្កាត់ និងគ្រប់គ្រងផលប៉ះពាល់នៃជំងឺកូវីដ១៩ ។ រាជរដ្ឋាភិបាលបាននិងកំពុងបន្តចាត់វិធានការចាំបាច់នានា ជាពិសេស គឺការគិតគូលើតម្រូវការជាមូលដ្ឋាន នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកជំទាវម៉ុម ថានី លើកទឹកចិត្តឱ្យអ្នកចូលរួមសិក្ខាសាលទាំងអស់ នាពេលនេះ ខិតខំប្រឹងប្រែងបន្តទៀត ដើម្បីជាប្រយោជន៍សហគមន៍រួមនៅក្នុងសហគមន៍ និងប្រទេសជាតិរបស់យើង ជាពិសេសស្នើឱ្យលោក លោកស្រីទាំងអស់ ចូលរួមជាមតិយោបល់ ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំផែនការអនុវត្តសកម្មភាពបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់