កំពង់​ឆ្នាំង: ឆ្លង​កាត់​ព្រៃ​ខ្លុង​ប្រប​សង​ខាង​ផ្លូវ​លំ​ប៉ុន​ខ្លួន​រថយន្ដ​ត្បុល​ទៅ​រួច ចម្ងាយ​ប្រមាណ​ជិត ១០ គីឡូម៉ែត្រ​ពី​ច្រក​ចូល​ទល់​មុខ​ខ្លោង​ទ្វារ​វត្ដ​ពោធិ៍​វ័នរង្សី​ព្រះ​ពុទ្ធ​បាន​ត្រាស់ ស្ថិត​ក្នុង​ភូមិ​ក្ដុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹក​ផុស ខេត្ដ​កំពង់​ឆ្នាំង​ ទឹក​ធ្លាក់​ស្រែ​អំពិល ហ៊ុមព័ទ្ធ​ដោយ​រុក្ខជាតិ​បៃតង​ខ្ចី​នា​រដូវ​វស្សា​ ​ជា​រមណីយដ្ឋាន​ក្រៅ​បញ្ជី​ដ៏​ត្រកាល​ប្រាថ្នា​ផ្សព្វផ្សាយ​ខ្លួន​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ស្គាល់​ទូលំ​ទូលាយ​។ ទឹក​ធ្លាក់​មាន​ប្រភព​ពី​ជួរ​ភ្នំ​ឱរ៉ាល់​ចម្ងាយ​ប្រមាណ​ ៤០ គីឡូម៉ែត្រ​ពីទី​រួម​ខេត្ដ និង​ ៣០ គីឡូម៉ែត្រ​ពីទីរួម​ស្រុក​​ទឹក​ផុសនេះ ស្ថិត​នៅ​ពី​ក្រោយ​រមណីយដ្ឋាន​ទឹក​ធ្លាក់​ច្រក​ល្អៀង​ដ៏​ល្បី​ល្បាញ​ប្រចាំ​ខេត្ដពោធិ៍​សាត់​។

ផ្លូវ​ទៅ​​ទឹក​ធ្លាក់​ស្រែ​អំពិល​ ​ល្មម​អាច​ឲ្យ​រថយន្ត​បរ​ត្បុល​ទៅ​មុខ​។ រូបភាព៖ ភ្នំពេញប៉ុស្តិ៍

ប៉ុន្ដែ​ភ្ញៀវ​ទេសចរ​មិន​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​កាត់​ឆ្លង​រក​គ្នា​បាន​ឡើយ​ ដោយ​សារ​តែ​វា​បាំង​ព្រៃ​ភ្នំ​។ ចុះ​ពី​លើ​រថយន្ដ​ ភ្ញៀវ​អាច​ធ្វើ​ដំណើរ​សសៀរ​ពី​ចំណុច​ខាង​ក្រោម​នៃ​ទឹក​ធ្លាក់​ទៅ​កាន់​ប្រភព​ទឹក​ខាង​លើ​ដែល​មាន​ចម្ងាយ​ប្រមាណ​ ២០០ ទៅ ៣០០ ម៉ែត្រ​។ ម្យ៉ាង​វិញ​ទៀត ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ត្រង់​ទៅកាន់​ប្រភព​ទឹក​ខាង​លើ​ ជា​ចំណុច​ចាប់​ផ្ដើម​ រួច​ដើរ​ចុះ​តាម​ខ្សែ​ទឹក​ត្រឡប់​មក​ក្រោម​វិញ​ក៏​បាន​។ ​ពី​ប្រភព​ទឹក​ខាង​លើ​ ទឹក​ស្ទឹង​ស្រែ​អំពិល​ហូរ​ធ្លាក់​ក្នុង​សភាព​ទន់​ភ្លន់​ជ្រែក​កាត់​ក្រហែង​ថ្ម​តូច​ធំ​តម្រៀប​ត្រៀប​ត្រា​លើ​កម្រាល​បាត​ស្ទឹង​ហាក់​ទុក​ជា​កំណល់​កល់​ជើង​ភ្ញៀវ​ឲ្យ​ដើរ​ស្រួល​។ ថ្លុក​ទឹក​ដ៏​ថ្លា​ឈ្វេង​ដែល​ត្រូវ​បាន​ចរន្ដទឹក​ហូរ​ឆ្លាស់​ផ្លាស់​ប្ដូរ​ឥត​ឈប់​ឈរ​ អំណោយ​ផល​ការ​ងូត​ទឹក​លេង​កម្សាន្ដ​​ក្រោម​វត្ដមាន​មច្ឆា​ហែល​ត្រសង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​។

បើ​លោក​អ្នក​យល់​ថា ទីតាំង​​ដែល​មាន​ទឹក​ហូរ​តិច​ៗ​នេះ​មិន​គ្រប់​គ្រាន់​សម្រាប់​ក្រុម​គ្រួសារ និង​មិត្ដភក្ដិ​ដ៏​ច្រើន​សន្ធឹក​ទេ សូម​កុំ​ទ័លអាល​បារម្ភ ដំណាក់​ក្រោម​ៗ​ទៀត ដង​ស្ទឹង​ស្រែ​អំពិល​នៅ​មាន​កន្លែង​ហូរ​ធ្លាក់​ដោយ​អន្លើទៀត ដែល​ខ្លះ​កម្ពស់​កន្លះ​ម៉ែត្រ​រហូត​ដល់​ជាង​មួយ​ម៉ែត្រ​ និង​ថ្លុក​ទឹក​ជម្រៅ​ត្រឹម​ចង្កេះ។ ប្របដោយ​រុក្ខជាតិ​ផ្កា​ស្គុស​ស្គាយ ខ្លះ​ចេញ​ផ្លែដ៏​ស្រស់​ស្អាត​នា​រដូវ​ភ្លៀង​ដុះ​លម្អ​ក្បែរ​ៗ​ទឹក​ ដង​ស្ទឹង​ទឹក​ធ្លាក់​ស្រែ​អំពិល​ហាក់​ដូចជា​ទីឋាន​លម្ហែ​កាយ​ធម្មជាតិ​ថ្មី​ស្រស់​ៗ​ដែល​មិន​មាន​ការ​រំខាន​ពី​មនុស្ស​ច្រើន​នោះ​ទេ​។ ដោយ​សារតែ​ខ្វះ​ថវិកា​ចុះ​បញ្ជី​ជា​សហគមន៍​ផ្លូវ​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ខេត្ដ​កំពង់​ឆ្នាំង សហគម​ន៍​ស្រែ​អំពិល​ក្រៅ​បញ្ជី​ដែល​យក​នាម​ជា​ប្រជា​ពលរដ្ឋ​មាន​ភារកិច្ច​ទូទៅ នាំ​គ្នា​ខិតខំ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​​សេស​សល់​ទុក​ជា​សម្បត្ដិ​ធម្មជាតិ​អមសម្រស់​​ទឹក​ធ្លាក់​ស្ទឹង​ស្រែ​អំពិល​​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ។

លោក​ សោ ភា ប្រធាន​សហគមន៍ ស្រែ​អំពិល ទើប​បង្កើត​ឡើង​មួយ​ឆ្នាំ បាន​ឲ្យ​ដឹង​ថា សហគមន៍​នេះ​រៀបចំ​គម្រោង​ការពារ​អនុផល​ព្រៃ​ឈើដើម្បី​បង្កើត​ជា​អេកូ​ទេសចរណ៍​សម្រាប់​ជា​ប្រយោជន៍​សហគមន៍​​ទាំង​មូល​។ ប៉ុន្ដែ​គម្រោង​អេកូ​ទេសចរណ៍​លើក​ស្ទួយ​ជីវភាព​ប្រជា​ពលរដ្ឋ​តាម​រយៈ​ការ​លក់​ដូរ​ផ្លែឈើ​ជូន​ភ្ញៀវ​ទេសចរ​ហាក់​ដូច​ជា​នៅ​ទីម​ទាម​​ដោយ​សារ​តែ​កត្ដា​ខ្វះ​ខាត​ថវិកា​ និង​ការ​ជួយ​ជ្រោម​ជ្រែង​ពី​វិធានការ​របស់​អាជ្ញាធរ​។

លោក​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ធ្លាប់​ដាក់​សំណើ​សុំ​ការ​ទទួល​ស្គាល់​ជា​​សហគមន៍​​ចុះ​បញ្ជី​ត្រឹមត្រូវ​។ ប៉ុន្ដែ​យើង​ខ្វះ​ខាត​ថវិកា​រត់​ការ​ផ្សេង​ៗ​។ ប្រជា​ពលរដ្ឋ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ដ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចុះ​បញ្ជី​នេះ​»។ លោក​បាន​ប្រាប់​ពី​ការ​ចុះ​បញ្ជី​តំបន់​ទឹក​ធ្លាក់​ថា៖ «ខាង​មន្ទីរ​ទេសចរណ៍​ខេត្ដ​ថា គាត់​នឹង​ចុះ​បញ្ជី​ជា​តំបន់​ទេសចរណ៍​ឲ្យ ហើយ​គាត់​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ និង​បាន​ថតរូប​ជុំ​គ្នា​ទៀត​ផង»។ លោកបាន​ឲ្យ​ដឹង​ថា ទឹក​ធ្លាក់​ស្រែ​អំពិល ទទួល​ភ្ញៀវ​ទេសចរ​ច្រើន​នៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ៕

អត្ថបទ និង រូបភាព៖​ ភ្នំពេញប៉ុស្តិ៍

ព័ត៌មានបន្ថែម

កសិករនៅខេត្តស្ទឹងត្រែង រួមគ្នាជាមួយអ្នកជំនាញអភិរក្សត្រយ៉ងយក្សនៅដែនជម្រកសត្វព្រៃសៀមប៉ាង​ខាង​លិច
ថ្ងៃ ពុធ, 27 ធ្នូ, 2017 កសិករនៅខេត្តស្ទឹងត្រែង រួមគ្នាជាមួយអ្នកជំនាញអភិរក្សត្រយ៉ងយក្សនៅដែនជម្រកសត្វព្រៃសៀមប៉ាង​ខាង​លិច
តើអ្នកឆ្លងឆ្នាំនៅឯណា?​ យុវជនមួយក្រុមទៅឆ្លងឆ្នាំនៅមណ្ឌលគិរី​លំហែរកាយនៅតំបន់ធម្មជាតិ  «ពេលដើរលេងនៅតំបន់ធម្មជាតិច្រើន ទើបដឹងថាស្រុកខ្មែរស្រស់បំព្រងជាងមុន»
ថ្ងៃ សុក្រ, 22 ធ្នូ, 2017 តើអ្នកឆ្លងឆ្នាំនៅឯណា?​ យុវជនមួយក្រុមទៅឆ្លងឆ្នាំនៅមណ្ឌលគិរី​លំហែរកាយនៅតំបន់ធម្មជាតិ «ពេលដើរលេងនៅតំបន់ធម្មជាតិច្រើន ទើបដឹងថាស្រុកខ្មែរស្រស់បំព្រងជាងមុន»
តំបន់ទេសចរណ៍ធម្មជាតិប្លែកៗកំពុងទាក់ទាញចំណាប់អារម្មណ៍យុវជនកម្ពុជាកាន់តែខ្លាំង
ថ្ងៃ សុក្រ, 15 ធ្នូ, 2017 តំបន់ទេសចរណ៍ធម្មជាតិប្លែកៗកំពុងទាក់ទាញចំណាប់អារម្មណ៍យុវជនកម្ពុជាកាន់តែខ្លាំង