ក្រោយពីជោគជ័យខេត្តព្រះវិហារ និងបន្តយកទៅអនុវត្តនៅដែនជម្រកសត្វព្រៃសៀមប៉ាង នៃស្រុកសៀមប៉ាង និងដែនជម្រកសត្វព្រៃភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយចាប់តាំងពីឆ្នាំ២០១៩ គម្រោងស្រូវត្រយង (Ibis Rice Scheme) នេះ បានពង្រីកខ្លួនមកកាន់ដែនជកម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ចេញពីទីវាលស្រែងត្រយង ស្ថិតនៅក្នុងភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ថ្មីៗនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្នុងនាមក្រសួងបរិស្ថាន លោកសូមគាំទ្រ ចំពោះគោលការណ៍ និងលក្ខខណ្ឌដែលគម្រោងស្រូវត្រយង បានដាក់ចេញឱ្យប្រជាកសិករមកអនុវត្ត និងគោរពតាម ជាមួយនឹងការទទួលទិញស្រូវពីកសិករមកវិញក្នុងតម្លៃខ្ពស់ជាងទីផ្សារ ក្នុងចន្លោះពី១,២០០រៀល ទៅ១,៧០០រៀល ទៅតាមប្រភេទស្រូវនីមួយៗ។

លោកបានបន្តថា ដើម្បីទទួលបានតម្លៃទីផ្សារខ្ពស់លើសពីទីផ្សារនេះដែរ គឺតម្រូវឱ្យកសិករ ដែលជាសមាជិកស្រូវត្រយង អនុវត្តតាមគោលការណ៍សំខាន់ៗ ដែលផ្សារភ្ជាប់ជាមួយនឹងការគោរពលើបរិស្ថាន ការពារធនធានធម្មជាតិ រួមមានទី១៖ គឺត្រូវដាំស្រូវដោយគោរពទៅតាមគោលការណ៍សរីរាង្គ ដែលមិនប្រើប្រាស់ជីគីមី ឬក៏ថ្នាំគីមី ឬថ្នាំសម្លាប់សត្វល្អិតមួយចំនួនទៀតលើការដាំដុះរបស់ពួកគាត់, ទី២៖ គឺការគោរពទៅនឹងគោលការណ៍ដាំដុះដែលមានបច្ចេកទេសដោយមានការបង្ហាត់បង្រៀនពីសំណាក់អង្គការ WCS មន្ត្រីជំនាញរបស់អង្គការ WCS និងដៃគូ ដើម្បីធ្វើឱ្យស្រូវដែលដាំដុះទាំងអស់នោះ គោរពទៅតាមបទដ្ឋានបច្ចេកទេស និងតាមការកំណត់និយាមទទួលទិញពីប្រទេសអ្នកបញ្ជាទិញស្រូងត្រយងនេះ, ទី៣៖ ប្រជាកសិករ ដែលបានដាំស្រូវត្រយង ត្រូវប្រើប្រាស់ដីដែលមិនមែនបានពីកាប់ទន្រានកាន់កាប់ដីព្រៃនោះទេ ដែលជាចំណុចហាមឃាត់ដាច់ខាត និងទី៤៖ ប្រជាកសិករ ដែលបានចូលរួមក្នុងគម្រោងនេះ គឺត្រូវតែចូលរួមការពារ និងអភិរក្សសត្វព្រៃ។ ដូច្នេះ តាមលក្ខខណ្ឌនៃគម្រោងទាំង៤នេះ គឺបានធ្វើឱ្យមានភាពល្អប្រសើរឡើង នូវការការពារ និងអភិរក្សធនធានធម្មជាតិ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្តថា សម្រាប់ប្រជាពលរដ្ឋដែលបានអនុវត្តគម្រោងស្រូវត្រយង នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ចំនួន៣ភូមិ គឺភូមិពូរចារ, ភូមិពូគង់ និងភូមិអូរច្រាល កាលពីឆ្នាំ២០១៩ ដែលជាឆ្នាំនៃគម្រោងសាកល្បង មានតែប្រជាកសិករចូលរួមតែ២៩គ្រួសារ ប៉ុន្តែ រហូតមកដល់ឆ្នាំ២០២០ ប្រជាកសិករ បានចូលជាសមាជិកមានចំនួន៧៨គ្រួសារ កត្តាដែលជំរុញឱ្យពួកគាត់ចូលរួមក្នុងគម្រោងនេះ ព្រោះគាត់បានសម្លឹងមើលឃើញពីសារៈប្រយោជន៍របស់គម្រោងស្រូងត្រយង ដែលធ្វើឱ្យពួកគាត់លក់ស្រូវបានថ្លៃ ដោយគ្រាន់តែគោរពតាមគោលការណ៍ដែលកំណត់ដោយអង្គការ WCS លើកិច្ចការងាររក្សាឱ្យបានការពារបរិស្ថាន ធនធានធម្មជាតិ និងសត្វព្រៃ។

បើតាមការបញ្ជាក់របស់ លោក នេត្រ ភក្ត្រា បានបន្ថែមថា ក្រោយពីប្រជាកសិករ បានចូលរួមក្នុងគម្រោងស្រូវត្រយងនេះ មកនៅក្នុងដីស្រែរបស់ពួកគាត់ មានសំឡេងកូនក្អាតយំ កង្កែប ព្រមទាំងមានត្រីទៀតផង ខណៈដែលពីមុនពួកគាត់បាន ប្រើប្រាស់ថ្នាំ ដើម្បីសម្លាប់ស្មៅ ឬសត្វល្អិតៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ជាដើម។ ត្រង់ចំណុចនេះ លោកសន្មត់ថាវាជាជោគជ័យមួយក្នុងការអនុវត្តគម្រោងស្រូវត្រយង ដោយបង្កប់ដោយលក្ខខណ្ឌសំខាន់ៗចំនួន៤ ដែលផ្សារភ្ជាប់ជាមួយការការពារបរិស្ថាន ការការពារធនធានធម្មជាតិ។

ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងបរិស្ថាន លោកសូមសម្តែងនូវការអរគុណដល់អង្គការ WCS ជាមួយអង្គការដៃគូដែលបានយកគម្រោងនេះមកអនុវត្តជាមួយប្រជាកសិករ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីនូវការរីកចម្រើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ក៏បានស្នើសុំឱ្យអង្គការ WCS ពង្រីកម្រោងស្រូវត្រយងនេះ ទៅកាន់តំបន់ផ្សេងៗទៀត ដែលមានតំបន់ការពារធម្មជាតិ ដែលអង្គការបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន ដើម្បីពង្រីកការផលិតស្រូវសរីរាង្គ ជាពិសេសបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ និងការពារបរិស្ថាន ដែលចំណុចទាំងនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន ឬការផ្តល់មុខរបរថ្មីជូនប្រជាពលរដ្ឋជាដើម។

បើតាមលោក កែន សេរីរដ្ឋា នាយកកម្មវិធីប្រចាំប្រទេស នៃអង្គការ WCS ឬសមាគមអភិរក្សសត្វព្រៃ នៅកម្ពុជា បានថ្លែងថា ការអនុវត្តគម្រោងរេដបូក ដែលត្រូវយកមកអនុវត្តនៅប្រទេសកម្ពុជា គឺចង់បង្ហាញពិភពលោកឱ្យឃើញថា ទោះបីមានរបាយការណ៍ ឬការចុះព័ត៌មានជាច្រើន បានផ្សព្វផ្សាយពីការកាប់បំផ្លាញព្រៃឈើ។ល។ និង ។ល។ ហ្នឹង ប៉ុន្តែ តាមរយៈការអនុវត្តបាននូវគម្រោងរេដបូកនេះ បានបង្ហាញដល់អន្តរជាតិថា ប្រទេសកម្ពុជា ពិតជាមានលទ្ធភាពការពារព្រៃឈើនេះបានជាដើម។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់