មន្ទីរបរិស្ថានខេត្តកំពង់ធំ
ថ្ងៃ ពុធ, 7 តុលា, 2020មន្ត្រីឧទ្យានុរក្សស្នាក់ការព្រះអាទិត្យនៃដែនជម្រកសត្វព្រៃព្រៃឡង់ បានសហការជាមួយស្នាក់ការអូរងាវ ចុះល្បាតរយ:ពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២០ ដល់តំបន់អូរទឹកម, បឹងរោងតាអ៊ុន, ជាំរៀម, អូរស្វាយ និងអូរជ្រេ ដោយប្រទះឃើញខ្សែអន្ទាក់សត្វ ដែលជនសង្ស័យលាក់ទុកសរុបចំនួន៤៥ខ្សែ ។ វត្ថុតាងទាំងអស់នេះ ក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការអូរងាវ។
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំដដែល មន្ត្រីឧទ្យានុរក្សស្នាក់ការច្រកតោល បានចុះល្បាតដល់តំបន់ច្បោះរក្ស ពុំជួបប្រទះអ្វីឡើយ ហើយបន្តល្បាតដល់តំបន់អូរបីជាន់ ក៏បានប្រទះឃើញម៉ាស៊ីនរណាយន្តត្រង់សឺន័រចំនួន០១គ្រឿង និងបានយកមករក្សាទុកនៅស្នាក់ការច្រកតោលផងដែរ។ ដោយឡែក នៅស្នាក់ការមុំបី មន្ត្រីឧទ្យានុរក្ស បានចុះល្បាតដល់តំបន់ភូមិស្វាយ ដោយឃាត់គោយន្តកន្ត្រៃយ៍ចំនួន០២គ្រឿង ដែលដឹកឈើប្រភេទឃ្នាបចម្រុះសរុបចំនួន ០,៩១ ម៉ែត្រគូប និងជំនៀរចំនួន៦ដុំ។
ក្នុងសកម្មភាពដដែលនេះ មន្ត្រីឧទ្យានុរក្សស្នាក់ការដីក្រហម បានចុះល្បាតដល់តំបន់វាលទី៥ និងតំបន់ក្បាលអូរក្រពើ ក៏ប្រទះឃើញជនសង្ស័យកំពុងកាប់ទន្ទ្រានដីព្រៃថ្មីយកធ្វើចម្ការ ប្រហែល០៣ហិកតា។ ពេលកម្លាំងមន្ត្រីឧទ្យានុរក្សទៅដល់ ជនសង្ស័យបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកនូវរណាយន្តត្រង់សឺន័រចំនួន០១គ្រឿង និងបានយកមករក្សាទុកនៅស្នាក់ការមុំបីផងដែរ។ ចំណែកនៅស្នាក់ការអូរក្រពើ មន្ត្រីឧទ្យានុរក្ស សហការជាមួយសហគមន៍កងមាស ចុះល្បាតដល់តំបន់អូរក្បាលត្រោករមៀល ដោយប្រទះឃើញឈើសុក្រំសរុបចំនួន០.៣៨ម៉ែត្រគូប និងរណាយន្តត្រង់សឺន័រចំនួន០១គ្រឿងដុំ។ វត្ថុតាងទាំងអស់នេះ ក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការអូរក្រពើ៕