ដែន​ជម្រក​សត្វ​ព្រៃ​សំបូរ ខេត្ត​ក្រចេះ​៖ អ្នកវិទ្យាសាស្រ្តបានបង្ហាញរូបភាព​សត្វ​រមាំង​ (Rucervus eldii)​ ចំនួន​បួន​ក្បាល ដែលគេថតបានជាលើកដំបូងក្នុងអំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ា​ស៊ីន​ថត​ស្វ័យ​ប្រវិត្ត​ នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​សំបូរ ដែលជា​​តំបន់​ការ​ពារ​ធម្មជាតិ​មួយស្ថិតក្រោម​ការ​គាំ​ទ្រ​ដោយ​អង្គ​ការ WWF មានទីតាំង​ស្ថិត​ក្នុង​តំបន់​ទេស​ភាព​ព្រៃ​លិច​ទឹក​មេគង្គ​​​នៃខេត្ត​ក្រចេះ។ សត្វ​រមាំង​​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភេទសត្វ​រង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ ​ទាំងនៅ​ក្នុង​ច្បាប់​ព្រៃ​ឈើ​របស់​ប្រទេស​កម្ពុជា និងក្នុង​បញ្ជី​ក្រហម​របស់​​អង្គ​ការ IUCN ។

ក្រសួងបរិស្ថានពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះការរកឃើញវត្តមានសត្វរមាំង (Rucervus eldii)។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ សត្វព្រៃនៅក្នុងប្រទេសកម្ពុជា។ វត្តមាននៃសត្វរមាំងដែលជា ប្រភេទសត្វកម្រនៅលើពិភពលោកនេះក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា បានបញ្ជាក់ថាពីប្រសិទ្ធភាពនៃការ ការពារនិងអភិរក្ស និងការទប់ស្កាត់បទល្មើសធនធានធម្មជាតិជាពិសេសការបទល្មើសនៃការបរបាញ់សត្វ និងការដាក់អន្ទាក់សត្វព្រៃ។ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដោយសហការជាមួយសហគមន៍តំបន់ការពារធម្ម ជាតិរួមនឹងអង្គការដៃគូបានខិតខំក្នុងការពង្រឹងការអនុវត្តច្បាប់ និងជំរុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋចូលរួម ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិសត្វព្រៃឱ្យបានគង់វង្ស។ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារនិងអភិរក្សសត្វរមាំងទាំងនេះដែលកំពុងតែរស់នៅក្នុងតំបន់ការពារធម្មជាតិ របស់ប្រទេសកម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

ក្រសួងបរិស្ថានរួមនឹងអាជ្ញាធរពាក់ព័ន្ធនៅតែបន្តអនុវត្តវិធានការពារនិងអភិរក្សតំបន់ការពារធម្មជាតិដែលខ្លួនគ្រប់គ្រងប្រកបដោយស្មារតីទទួលខុសត្រូវនិងចាត់វិធានការលើរាល់បទល្មើសធនធានធម្មជាតិដែលបានកើតឡើង។ នៅក្នុងរយៈពេល ៦ ខែឆ្នាំ ២០២០ ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានចុះល្បាតចំនួន ១៣ ៨០៤ លើក និងបានបង្ក្រាបបទល្មើសបាន ៣ ៦៨៩ ហើយក្នុងនោះបញ្ជូនសំណុំរឿងទៅតុលាការបានចំនួន ៣២៩ ករណី រឹបអូសរណាយន្តបានចំនួន ២៥៧៨ គ្រឿង ព្រមទាំងធ្វើការផាកពិន័យអន្តរកាលចំនួន ៤៣៣ ករណី។ ក្រសួងបរិស្ថានទទួលស្គាល់ថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងយប់ថ្ងៃ ប៉ុន្តែបទល្មើសធនធានធម្មជាតិទ្រុងទ្រាយតូចៗនៅតែកើតមានដែល សមត្ដិកិច្ចក្រសួងបរិស្ថាននឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធបន្តបង្ក្រាបនិងទប់ស្កាត់បន្តទៀត។

ប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយជីវៈចម្រុះ និងមានប្រភេទរុក្ខជាតិ សត្វ ជិតពូជ ឬមានដោយកម្រនៅក្នុងពិភពលោក។ សន្ទស្សន៍ជីវៈចម្រុះ (Biodiversity Index) ក្នុងប្រទេសកម្ពុជា គឺទទួលបានពិន្ទុ៧.៥ (MacKinnon, ១៩៩៧) ទោះបីជាយ៉ាងណាក៏ដោយ ពិន្ទុអាចបានខ្ពស់ជាងនេះ អាស្រ័យទៅលើការសិក្សាស្រាវជ្រាវ។ ប្រទេសកម្ពុជា ជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ១២៣ប្រភេទ សត្វស្លាប៥៤៥ប្រភេទ ឧរង្គសត្វ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២៣០៨ប្រភេទ ត្រី៨៧៤ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់១៤ប្រភេទ ស្មៅសមុទ្រ១០ប្រភេទ និងថលជលិក៦៣ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀតដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងតារាង១ ដូចជា៖ ថនឹកសត្វ៣៩ប្រភេទ សត្វស្លាប៣៦ប្រភេទ ឧរង្គសត្វ១៣ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក១២ប្រភេទ ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់