ព្រះវិហារ ៖ ក្រុមការងារជួយសហគមន៍ការពារធម្មជាតិរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ អមដំណើរដោយឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន រួមជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងបរិស្ថានមួយចំនួនទៀត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានបន្តចុះពិនិត្យពីតម្រូវការនិងការប្រឈមជាក់ស្តែងរបស់សហគមន៍តំបន់ការពារធម្មជាតិភ្នំត្នោត-ភ្នំពក នៅក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ក្នុងពេលមានវិបត្តិកូវីដ-១៩។
លោក ពៅ យ៉ាក ប្រធានគណៈកម្មាធិការសហគមន៍តំបន់ការពារធម្មជាតិភ្នំត្នោត-ភ្នំពក បានឱ្យដឹងថា សហគមន៍បច្ចុប្បន្នមានបញ្ហាប្រឈមនៅក្នុងការអភិវឌ្ឍជីវភាព ដោយសមាជិកភាគច្រើនជាអ្នកធ្វើស្រែចំការ ប្រកបរបរចិញ្ចឹមជីវិត។ ប៉ុន្តែកន្លងមក សហគមន៍មានបញ្ហាប្រឈម និងតម្រូវការជាអាទិភាពគឺ ១). ទឹកប្រើប្រាស់ ២).មិនទាន់មានការកំណត់ព្រំច្បាស់លាស់នៃតំបន់ស្នូល និងតំបន់អភិវឌ្ឍន៍ដោយចីរភាព និង៣).ទីផ្សារកសិកម្មមិនមានស្ថេរភាព។ ដោយឡែក សហគមន៍មានបំណងឱ្យសមាជិកមានចំណូលបន្ថែមពីការងារកសិកម្ម ដែលក្នុងនោះសហគមន៍បានលើកឡើងពីសក្តានុពលធម្មជាតិនៅក្នុងដែនគ្រប់គ្រងព្រៃឈើសហគមន៍ទំហំចំនួន៦៤៤៣ហិកតា មានទីតាំងវប្បធម៌ ប្រាសាទបុរាណ ព្រៃឈើ និងសត្វព្រៃជាច្រើន សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិ។ លោក ពៅ យ៉ាក បានបន្ថែមថា សហគមន៍នៅខ្វះមធ្យោបាយ និងបច្ចេកទេសសម្រាប់ពង្រឹងផ្នែកទេសចរណ៍ធម្មជាតិ ក៏ដូចជាវិស័យទឹកស្អាតប្រើប្រាស់ក្នុងមូលដ្ឋាន។
ក្នុងឪកាសនេះ ក្រុមការងារបានផ្តួចផ្តើមគំនិត និងលើកទឹកចិត្តអោយប្រជាពលរដ្ឋផ្លាស់ប្តូរការគិត ងាកមករកចំណូលលើការផ្តល់សេវាទេសចរណ៍ធម្មជាតិ តាមរយៈការកែច្នៃ និងចូលរួមការពារ អភិរក្សព្រៃឈើ និងសត្វព្រៃក្នុងតំបន់ និងការប្រកបរបស់កសិកម្មដោយមានផែនការច្បាស់លាស់។ ជាមួយគ្នានេះដែរ លោកជំទាវ ម៉ុម ថានី បានលើកឡើងពីគម្រោងដែលអាចចូលរួមលើកកម្ពស់សមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេសកសិកម្ម និងការគាំទ្រជាសម្ភារៈចាំបាច់ សម្រាប់ការថែទាំសុខភាព អនាម័យបរិស្ថាន ការផ្តល់ជាអណ្តូងទឹកស្អាតជាដើម។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការក្រសួងបរិស្ថាន បានគាំទ្រដល់សហគមន៍ដែលផ្តួចផ្តើមបង្កើតគម្រោងទេសចរណ៍ធម្មជាតិ ដើម្បីប្រជាពលរដ្ឋអាចទាញយកប្រយោជន៍ពីវិស័យនេះ និងជាការរួមចំណែកកាត់បន្ថយការដាក់សម្ពាធលើព្រៃឈើ។ លោកជំទាវ បានជំរុញអោយប្រជាពលរដ្ឋចូលរួម ការពារនិងអភិរក្សធនធានធម្មជាតិល្អគង់វង្ស សម្រាប់កូនចៅយើងជំនាន់ក្រោយ។
ក្រុមការងារជួយសហគមន៍តំបន់ការពារធម្មជាតិ កំពុងពិនិត្យនិងវាយតម្លៃលើបញ្ហាប្រឈមជាក់ស្តែងរបស់សហគមន៍តំបន់ការពារធម្មជាតិ ជាពិសេសក្នុងពេលប្រទេសកម្ពុជាក៏ដូចជាពិភពលោកប្រឈមនឹងជំងឺកូវីដ-១៩ ។ បន្ទាប់មកក្រុមការងារនេះលើកសំណើជូនឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីសម្រេចលើការជួយជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ អោយមានភាពប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ដែរថា ក្នុងឱកាសអញ្ជើញចុះពិនិត្យ និងវាយតម្លៃស្ថានភាពជីវភាពសហគមន៍តំបន់ការពារធម្មជាតិនៅខេត្តព្រះវិហារនៅថ្ងៃនេះ លោកជំទាវ ម៉ុម ថានី និងក្រុមការងារជួយសហគមន៍តំបន់ការពារធម្មជាតិ បានជួបសួរសុខទុក្ខ ក្រុមគ្រួសារ លោក បេន ដេវីស ដែលបានចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ជាមួយសហគមន៍តាបស ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ភូមិសាស្រ្តខេត្តព្រះវិហារផងដែរ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់