ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រកាសបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «លទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅសមុទ្រអាស៊ីបូព៌ា (SDS-SEA)នៅកម្ពុជា» នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឲ្យដឹងថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ និងវេទិកាថ្នាក់រដ្ឋមន្ត្រីលើកទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ដោយកំណត់យកខេត្តព្រះសីហនុ ជាទីតាំងប្រារព្ធពិធី ហើយសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកព្រឹត្តិការណ៍នេះផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា វេទិការៀបចំឡើងនៅថ្ងៃនេះ គឺស្ថិតនៅក្រោមគម្រោងស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅសមុទ្រអាស៊ីបូព៌ា ដែលមានរយៈពេល៥ឆ្នាំ ហើយត្រូវបានអនុវត្តន៍តាំងពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៩ ដោយទទួលបានការគាំទ្រថវិកាពីមូលនិធិបរិស្ថានពិភពលោក (Global Environment Facility-GEF) និងសម្របសម្រួលបច្ចេកទេសដោយអង្គការ PEMSEA។ ដោយសារបញ្ហានៃការអនុវត្តត្រូវបានពន្យារពេល ក៏ដូចជាបញ្ហាជំងឺកូវីដ-១៩ គម្រោងនេះ ត្រូវបានពន្យារពេលរយៈពេល១ឆ្នាំ រហូតដល់ឆ្នាំ២០២០។ គម្រោងនេះ ត្រូវបានអនុវត្តន៍រួមគ្នារវាងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ខេត្តជាប់នឹងតំបន់ឆ្នេរ និងសមុទ្រចំនួន៤ គឺខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយផ្តោតលើទិដ្ឋភាពគោលនយោបាយ និងយន្តការស្ថាប័ន ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការការពារជម្រក និងការស្តាជលផល និងការកាត់បន្ថយហាការបំពុលបរិស្ថាន និងការគ្រប់គ្រងសំណល់ទីក្រុង និងសំណល់សមុទ្រ។
សូមបញ្ជាក់ថា គម្រោងស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅសមុទ្រអាស៊ីបូព៌ា សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់រួមមាន៖១)ការបោះពុម្ពផ្សាយនូវរបាយការណ៍ជាតិស្តីពី ស្ថានភាពតំបន់ឆ្នេរ និងមហាសមុទ្រ នៃប្រទេសកម្ពុជា (National State of Ocean and Coast-NSOC) ដែលជារបាយការណ៍ដំបូងដែលវិភាគលើស្ថានភាព និងការគំរាមកំហែងធនធាន និងបរិស្ថានសមុទ្រ និងការផ្តួចផ្តើមឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ខៀវ (Blue Economy)។ របាយការណ៍នេះ នឹងជាផ្នែកមួយនៃរបាយការណ៍ស្ថានភាពបរិស្ថានជាតិលើកទី៤ ដែលសេចក្តីព្រាងរបាយការណ៍នេះ ត្រូវបានដាក់ក្នុងសិក្ខាសាលាពិនិត្យពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដោយក្រសួងបរិស្ថាន។
២)ការបញ្ចប់ និងបោះពុម្ពផ្សាយសៀវភៅ «ស» ដែលផ្តល់ការត្រួតពិនិត្យ និងអនុសាសន៍សម្រាប់ការធ្វើឲ្យមានគោលនយោបាយសុខដុមនីយកម្ម និងច្បាប់ជាតិ និងការពង្រឹងយន្តការស្ថាប័នសម្រាប់ការអភិវឌ្ឍ និងគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរ និងសមុទ្រកម្ពុជា។
៣)ការបញ្ចប់ និងបោះពុម្ពផ្សាយនូវផែនការជាតិដោះស្រាយបញ្ហាប្រេងកំពប់ និងគោលការណ៍ណែនាំជាតិស្តីពីការប្រើប្រាស់សារធាតុគីមីបំបែកធាតុប្រេងកំពប់ ដែលជាផ្នែកមួយនៃការអនុវត្តក្របខ័ណ្ឌរួមសម្រាប់ការសម្របសម្រួល និងការឆ្លើយតបប្រេងកំពប់នៅឈូងសមុទ្រថៃ។
៤)ទទួលបាននូវវគ្គបណ្តុះបណ្តាលធនធានមនុស្សដល់មន្ត្រីថ្នាក់ជាតិ និងខេត្តទាំង៤នៅក្នុងប្រទេស និងក្រៅប្រទេសលើកិច្ចការគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ ព្រមទាំងពង្រឹងសមត្ថភាពដល់មន្ត្រីមន្ទីរពិសោធន៍ ដើម្បីចូលរួមតាមដានគ្រប់គ្រងគុណភាពទឹក និងការបំពុលសមុទ្រ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់