នៅក្នុងឱកាសផ្តល់ធុងសំរាមជូនសាលារៀន នៅព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានលើកឡើងថា ដើម្បីឱ្យការងារបរិស្ថានសម្រេចបានជោគជ័យ គឺត្រូវតែមានចូលរួមទាំងអស់គ្នា ហើយសាលារៀនត្រូវតែដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការបណ្តុះស្មារតី ផ្នត់គំនិតស្រទាប់មនុស្សជំនាន់ថ្មីជាពិសេសសិស្សានុសិស្សចូលរួមក្នុងសកម្មភាពមេត្រីបរិស្ថាន។
ឯកឧត្តម បានទាញចំណាប់អារម្មណ៍ថា ដើម្បីឱ្យការរស់នៅប្រកបដោយចីរភាព គេត្រូវមានសរសរស្តម្ភ ចំនួន០៣ គឺ ១)សេដ្ឋកិច្ច ២)មនុស្ស និង៣)បរិស្ថាន ហើយដែលត្រូវមានការចូលរួម និងចាប់ផ្តើមពីយើងម្នាក់ៗ។ ហេតុនេះ ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យមានការចូលរួមក្នុងការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ ព្រមទាំងការបញ្ជ្រាបការយល់ដឹងអំពីការបែកចែកសំរាមទៅតាមប្រភេទ «អាចកែច្នៃបាន មិនអាចកែច្នៃបាន និងសំណល់សរីរាង្គ» ព្រោះថាសំរាមទាំងនោះនឹងនៅតែមានតម្លៃ ប្រសិនបើយើងទុកដាក់ទៅតាមប្រភេទឲ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកឡើងនូវទម្លាប់ងាយៗប្រចាំថ្ងៃ ដែលយើងម្នាក់ៗអាចធ្វើបានដើម្បីជួយដល់បរិស្ថាន ដូចជា ការទទួលអាហារឱ្យអស់ពីចាន ការកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក និងការប្រើប្រើប្រាស់កន្រ្តកដាក់សម្ភារជាដើម។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្ស ចំនួន០២ចំណុច គឺ ១)ស្រឡាញ់ការរៀនសូត្រ និង២)ស្រឡាញ់បរិស្ថាន ព្រោះការចូលរួមផ្តើមចេញពីការស្រឡាញ់។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសហការជាមួយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានប្រគល់ធុងគ្រប់គ្រងសំរាមជូនសាលារៀនចំនួន១១ ក្នុងរាជធានីភ្នំពេញ បន្ថែមទៀត បន្ទាប់ពីបានប្រគល់ជូនលើកទី១ កាលពីខែកក្កដា និងលើកទី២ នៅខែសីហា ឆ្នាំ២0២0 កន្លងទៅ ជូនសាលារៀនសរុបចំនួន២២រួចមកហើយ។ លោក រស់ សោភា នាយកផ្នែកច្បាប់និងកិច្ចការសាធារណៈ របស់ក្រុមហ៊ុនកូកាកូឡា បានឱ្យដឹងថា គោលបំណងដែលក្រុមហ៊ុនសហការជាមួយក្រសួងបរិស្ថានផ្តល់ធុងសំរាមដល់សាលារៀន ដើម្បីសម្រេចឲ្យបាននៅត្រឹមឆ្នាំ២០៣០ នូវគោលដៅ «ប្រមូល» និង«កែច្នៃ» ឲ្យបាន ៥០% នៃចំនួនសំបកវេចខ្ចប់សរុបដែលយើងបានប្រើប្រាស់។ គោលដៅចីរភាពមួយនេះ ជាគំនិតផ្តួចផ្តើមជាសកលរបស់ក្រុមហ៊ុនកូកា-កូឡាពិភពលោក ក្រោមគម្រោងឈ្មោះថា «ពិភពលោកគ្មានសំរាម» ដោយយើងចាប់ផ្តើមអនុវត្តនូវរូបមន្តសរសរស្តំ ៣ គឺ «រចនា» «ប្រមូលកែច្នៃ» និង «ចាប់ដៃគូសហការ»។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រគល់ធុងសំរាមនាថ្ងៃនេះ គឺជាសកម្មភាពគាំទ្រដល់បរិស្ថានស្អាតនៅតាមសាលារៀន។ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានលើកឡើងថា ពិធីប្រគល់សំរាមដល់បណ្តាសាលារៀន នៅរាជធានីភ្នំពេញ គឺជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ដើម្បីចូលរួមបំផុសគំនិតសិស្សានុសិស្សឱ្យយល់ដឹងអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ សំដៅលើកកម្ពស់កិច្ចគាំពារបរិស្ថាន។
ក្នុងឱកាសនោះសាលារៀនបានទទួលធុងគ្រប់គ្រងសំរាម រួមមាន៖ វិទ្យាល័យជា ស៊ីម សន្ធរម៉ុក វិទ្យាល័យទឹកល្អក់ វិទ្យាល័យហ៊ុន សែន បុរី១០០ខ្នង វិទ្យាល័យឫស្សីកែវ វិទ្យាល័យវត្តភ្នំ វិទ្យាល័យទួលទំពូង វិទ្យាល័យជម្ពូវ័ន វិទ្យាល័យទួលអំពិល វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រះយុគន្ធរ និងវិទ្យាល័យអនុវត្ត៕

ព័ត៌មានបន្ថែម

ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ថ្ងៃ សៅរ៍, 16 តុលា, 2021 ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ថ្ងៃ សុក្រ, 15 តុលា, 2021 ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ
ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
ថ្ងៃ អង្គារ, 12 តុលា, 2021 ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១