ខេត្តកំពង់ធំ ៖ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន បានចាប់ផ្តើមដំណើការជាថ្មីក្នុងឆ្នាំ២០២០។ ពិធីបើកការណែនាំឆ្ពោះទៅដំណើការវេទិកាលើកទី៤០ សម្រាប់ការរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ដែលរៀបចំដោយក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួម ពីឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មានបរិស្ថាន តំណាងរដ្ឋបាលខេត្តកំពង់ធំ ព្រមជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅមន្ទីរបរិស្ថានខេត្តកំពង់ធំ ។

ឯកឧត្តម ជួប ប៉ារីស៍ មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តែងតែរៀបចំវេទិកាជជែកពិភាក្សាអំពី បរិស្ថាននេះឡើងនៅរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សមកពីបណ្តាសកលវិទ្យាល័យនានា បញ្ចេញសមត្ថភាព សិក្សាស្រាវជ្រាវ និងស្វែងរកចំណេះដឹង បទពិសោធន៍ថ្មីៗតាមបែបវិទ្យាសាស្រ្ត និងចែករំលែកនូវចំណេះដឹងទាំងនោះទៅដល់សាធារណជនទូទៅឱ្យយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថាន សំដៅចូលរួមអនុវត្តទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលក្នុងគោលដៅថែររក្សាបាននូវការការពារ និងអភិរក្សបរិស្ថាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ។ ឆ្នាំនេះគឺជាវេទិកាលើកទី៤០ហើយ សម្រាប់ការរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ដែលរៀបចំដោយក្រសួងបរិស្ថាន ហើយឆ្នាំនេះក៏ជាលើកទី១ហើយ ដែលក្រសួងបរិស្ថាន បានរៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានកម្រិតវិទ្យាល័យនៅតាមបណ្តារាជធានី/ខេត្ត ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់សិស្សានុសិសស្ស នៅតាមបណ្តាខេត្ត បានសិក្សាស្វែងយល់បន្ថែមអំពីបញ្ហាបរិស្ថាន និងចូលរួមចែករំលែកចំណេះដឹងទាំងនោះទៅដល់សហគមន៏របស់ខ្លួន ហើយលើសពីនោះទៀតគឺការផ្តល់ឱកាសសម្រាប់ការចុះទស្សនកិច្ចសិក្សាស្វែងយល់ជាក់ស្តែនៅតំបន់គម្រោង។

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព មានប្រសាសន៍ថ្លែងអំណរគុណដល់គម្រោងUSAID ព្រៃឡង់បៃតង ដែលបានគាំទ្រ និងជួយសម្រួល និងផ្តល់ឱកាសដល់ប្អូនៗសិស្សានុសិស្ស លើការសិក្សាស្រាវជ្រាវអំពីធនធានជីវចម្រុះក្នុងតំបន់នេះផ្ទាល់ សំដៅចូលរួមចំណែកក្នុងកិច្ចគាំពារ និងអភិរក្សជីវៈចម្រុះក៏ដូចជាការប្រមូលធាតុចូលសំខាន់ៗសម្រាប់ការសិក្សាស្វែងយល់របស់ប្អូនៗ ក្នុងការប្រកួតប្រជែងនាពេលខាងមុខ ។
ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ នេះ គឺមានលក្ខណៈពិសេសជាងការប្រកួតប្រជែងឆ្នាំកន្លងមក ដោយបេក្ខជនដែលចូលរួមប្រកួតប្រជែង អាចធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទជាក់ស្តែងដែលកំពុងតែកើតមានក្នុងមូលដ្ឋានរបស់ខ្លួន ដោយផ្តោតលើការការពារ និងអភិរក្សធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋានជាដើម។ ឯកឧត្តមបានលើកទឹកចិត្តឱ្យសិស្សានុសិស្ស ខិតខំយកចិត្តទុកដាក់ចូលរួមក្នុងវេទិកានេះ ដែលនឹងផ្តល់សារអប់រំដល់សារធារណជនទូទៅយល់ដឹងពីអត្ថប្រយោជន៍នៃជីវៈចម្រុះ និងជម្រើសមុខរបរសម្រាប់ប្រជាសហគមន៍ ដើម្បីឈានទៅរកការកែប្រែឥរិយាបថរបស់បុគ្គល និងអភិវឌ្ឍទង្វើប្រកបដោយសីលធម៌សំដៅចូលរួមយ៉ាងសកម្មក្នុងការពារ និងអភិរក្សជីវៈចម្រុះឱ្យបានស្ថិតស្ថេរសម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់។
សូមបញ្ជាក់ថា សម្រាប់វគ្គប្រកួតដំបូងនឹងមានសិស្សានុសិស្សមកពីវិទ្យាល័យចំនួនពីរក្នុងមួយខេត្ត រួមមានខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដើម្បីប្រកួតជ្រើសរើសយកក្រុមសិស្ស ០១វិទ្យាល័យទៅចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត ហើយសម្រាប់រាជធានីភ្នំពេញមានវិទ្យាល័យចំនួន០៨ ចូលរួមប្រកួតនៅរាជធានីភ្នំពេញដើម្បីជ្រើសរើស យកក្រុមសិស្សចំនួន០៤វិទ្យាល័យទៅចូលរួមទស្សនកិច្ចសិក្សា និងប្រកួតនៅវគ្គផ្តាច់ព្រ័តនៅខេត្តព្រះវិហារ ជាមួយក្រុមសិស្សមកពីខេត្តគោលដៅទាំង០៤ទៀត ដើម្បីជ្រើសរើសយកក្រុមយុវជនជ័យលាភីចំនួន៤ វិទ្យាល័យ/ក្រុម ប្រចាំឆ្នាំ២០២០នេះ។ រីឯប្រធានបទសម្រាប់ការជជែកពិភាក្សាសម្រាប់វេទិកាទាំងមូលគឺផ្តោតទៅលើ ការគ្រប់គ្រងព្រៃឈើ ធនធានធម្មជាតិ ជីវៈចម្រុះ និងបញ្ហាការប្រែប្រួលអាកាសធាតុ ហើយប្រធានបទទាំងនោះមានភាពខុសប្លែកគ្នាតាមខេត្តនីមួយៗ ហើយក្នុងមួយខេត្តនឹងត្រូវជជែកពិភាក្សាលើ ០១ប្រធានបទសម្រាប់វគ្គប្រកួតដំបូង។ ដោយឡែកសម្រាប់រាជធានីភ្នំពេញនឹងតម្រូវឱ្យមានប្រធានបទចំនួន០៥ ដោយហេតុថាចំនួនវិទ្យាល័យដែលចូលរួមមានចំនួន៨វិទ្យាល័យ ។
វគ្គប្រកួតផ្តាច់ព្រ័តនៃវេទិការឆ្នាំនេះ កម្មវិធីក៏នឹងមានរៀបចំដំណើរទស្សនកិច្ចសិក្សាស្វែងយល់បទពិសោធន៏ និងការអនុវត្តជាក់ស្តែងនៅតំបន់គម្រោងព្រៃឡង់ស្ថិតនៅខេត្តព្រះវិហារ សម្រាប់ ប្អូនៗ ក្មួយៗសិស្សានុសិស្សដែលជាបេក្ខជនប្រកួតទាំងអស់ រួមជាមួយក្រុមយុវជនជ័យលាភីលេខ១ប្រចាំឆ្នាំ២០១៩ ផងដែរ មុននឹងបេក្ខជនទាំងនោះចាប់ផ្តើមប្រកួតជជែកពិភាក្សាក្នុងវគ្គផ្តាច់ព្រ័ត៕

ព័ត៌មានបន្ថែម

ពេលមានភ្លៀងធ្លាក់ជារដូវផ្សិតក្ងោកនៅតាមព្រៃ
ថ្ងៃ ចន្ទ, 10 សីហា, 2020 ពេលមានភ្លៀងធ្លាក់ជារដូវផ្សិតក្ងោកនៅតាមព្រៃ
ក្រសួងបរិស្ថានបន្តផ្តល់ធុងសំរាមជូនសាលារៀនក្នុងរាជធានីភ្នំពេញដើម្បីពង្រឹងចំណេះដឹងលើការគ្រប់គ្រងសំរាមនៅតាមសាសាលរៀន
ថ្ងៃ ចន្ទ, 10 សីហា, 2020 ក្រសួងបរិស្ថានបន្តផ្តល់ធុងសំរាមជូនសាលារៀនក្នុងរាជធានីភ្នំពេញដើម្បីពង្រឹងចំណេះដឹងលើការគ្រប់គ្រងសំរាមនៅតាមសាសាលរៀន
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាននិងក្រុមការងារ ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរាជទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ថ្ងៃ ចន្ទ, 10 សីហា, 2020 ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាននិងក្រុមការងារ ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរាជទូតថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា