ខេត្តព្រះវិហារ៖ នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅមន្ទីរបរិស្ថានខេត្តព្រះវិហារ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដែលបានទទួលអនុវត្តន៍ គម្រោងជិវិត និងធម្មជាតិ ក្រោមការសម្របសម្រួលរបស់អង្គការស្បៀងអាហារ និងកសិកម្ម (FAO) ដែលមានការចូលរួមពីប្រតិភូក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន សមាជិកគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ក្រុមការងារនាយកដ្ឋានជីវភាពសហគមន៍ តំណាងមន្ទីរបរិស្ថាន តំណាង មន្ទីរកិច្ចការនារី តំណាងមន្ទីរកសិកម្ម និង ក្រុមការងារអង្គការ FAO។ គោលបំណងនៃកិច្ចប្រជុំគឺ៖១)ស្វែងយល់ពីមេរៀន និងបទពិសោធន៍ ចំណុចខ្លាំង និងចំនុចខ្សោយនៃការអនុវត្តគម្រោងជិវិតនិងធម្មជាតិ ២) យន្តការ និងសក្តានុពលសម្រាប់កិច្ចសហការអនុវត្តន៍គម្រោងរវាងថ្នាក់ជាតិ ថ្នាក់ខេត្ត និងសហគមន៍ និង ៣) ប្រមូលធាតុចូលក្នុងការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារយេនឌ័រ និងស្ត្រីនៃក្រសួងបរិស្ថាន និងផែនការយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌរ័ក្នុងវិសយ័បរិស្ថានឆ្នាំ២០២១-២០២៥។
គម្រោងជីវិត និងធម្មជាតិដែលបានការគាំទ្រថវិកាពីមូលនិធិបរិស្ថានពិភពលោកបាននិងកំពុងអនុវត្តក្នុងភាពជាដៃគូជាមួយថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍(រយៈពេល៥ ឆ្នាំ)ដើម្បីដោះស្រាយបុព្វហេតុនានា ដែលជាផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើសន្ដិសុខស្បៀងនិងជីវភាពរស់នៅរបស់ជនបទ ជាពិសេសទៅលើស្ត្រី និងកុមារ។ គម្រោងបានខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍ និងផ្តល់វិធីសាស្រ្តគ្រប់គ្រងធនធានធម្មជាតិដែលត្រូវបានគេហៅថាវិធីសាស្រ្តទេសភាពដោយរួមបញ្ចូលការគ្រប់គ្រងទីជម្រាល រួមជាមួយនឹងការអនុវត្តកសិកម្មប្រកបដោយភាពឆ្លាតវៃ និងការដោះស្រាយវិសមភាពយេនឌ័រតាមរយៈការពង្រឹងជម្រើសមុខរបរចិញ្ចឹមជីវិតសម្រាប់ស្ត្រីដើម្បីលើកកម្ពស់ភាពធន់នឹងអាកាសធាតុរបស់ពួកគេ។
តាមរយៈកិច្ចពិភាក្សារវាងមន្ទីរជំនាញទាំងបី គម្រោងបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ សហគមន៍នៃឃុំគូលែនជើងដូចជា៖ ១)ការរៀបចំគម្រោងគឺចេញពីឃុំ និងបញ្ចូលទៅក្នុងផែនការវិនិយោគឃុំប្រាំឆ្នាំ ដែលមានការចូលរួមពីសហគមន៍ ២) ការបង្កើតក្រុមសន្សំដែលជួយដោះស្រាយដល់តម្រូវការប្រជាសហគមន៍ ៣) ផ្តល់បច្ចេកទេសជំនាញកសិកម្ម និងព្យាយាមរកឧបករណ៍សម្រាប់អនុវត្តកសិកម្មឆ្លាតវៃ ៤) បង្កើតសមាគមន៍កសិកម្ម ដែលជួយសម្របសម្រួលដល់តម្រូវការរបស់សមាជិកសមាគមន៍ រួមមានៈ សំភារៈកសិកម្មងាយស្រួល និងជាកន្លែងជួយប្រមូលផ្តុំផលិតផលកសិកម្ម ៥)ស្វែងរកដៃគូសម្រាប់ជួយគាំទ្រដល់សហគមន៍កសិកម្ម និងដៃគូសម្រាប់ទិញនូវផលិតផល ៦) ផ្តល់ចំណេះដឹងក្នុងការរៀបចំចំណីសត្វ ថែទាំ សត្វ ជ្រើសរើសពូជសត្វ និងចាក់វ៉ាក់សាំងសត្វ ៧) ជំនាញក្នុងការទាញយកផលពីអនុផលព្រៃឈើ(ផ្សិតប៉ក់ ជ័រចុង…) ដោយមិនប៉ះពាល់ និងកាប់បំផ្លាញព្រៃ ៨) ផ្តល់ភាពអង់អាចដល់ស្ត្រី តាមរយៈការបង្កើតជម្រើសមុខរបរ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ និង ៨) កាត់បន្ថយនូវចំណាកស្រុក។ ទន្ទឹងនឹងអត្ថប្រយោជន៍ខាងលើគម្រោងក៏មានការប្រឈម និងចំនុចខ្វះខាតមួយចំនួនដូចជា ១) កង្វះការគាំទ្រវ៉ាក់សាំងទាន់ពេល ក្នុងការជួយសង្គ្រោះសត្វ ២)កិច្ចសហការមិនទាន់បានល្អរវាងដៃគូពាក់ព័ន្ធអនុវត្តន៍គម្រោង និងអាជ្ញាធរមូលដ្ឋាន ៣) ពុំមានយន្តការសម្របសម្រួលជាក់លាក់រវាងដៃគូពាក់ព័ន្ធទាំងអស់ ៤) កង្វះទស្សនកិច្ចសិក្សាសម្រាប់សហគមន៍ដើម្បីមានឱកាសចែករំលែកបទពិសោធនន៍ និងរៀនសូត្របន្ថែម។
អង្គការ FAO នឹងគ្រោងរៀបចំសិក្ខាសាលាថ្នាក់ជាតិនាពេលខាងមុខ ដើម្បីវាយតម្លៃប្រសិទ្ធភាពគម្រោង និងដាក់ចេញនូវអនុសាសន៍កែលម្អ។នៅទីបញ្ចប់នៃកិច្ចពិភាក្សា លោកជំទាវរដ្ឋលេខាធិការ ប្រធានប្រតិភូ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធដែលអនុវត្តន៍គម្រោង ជាពិសេសអង្គការ FAO ដែលបានផ្តល់ឱកាសដល់ប្រតិភូស្ត្រីដើម្បីរៀនសូត្រពីបទពិសោធន៍ល្អៗរបស់គម្រោង និងមានឱកាសប្រមូលធាតុចូលក្នុងការរៀបផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិសយ័បរិស្ថានឆ្នាំ២០២១-២០២៥។ លោកជំទាវរដ្ឋលេខាធិការក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធិផល ដែលសហគមន៍សម្រេចបាន និងលើកទឹកចិត្តឱ្យគម្រោងនៅតែបន្តជួយដល់សហគមន៍ និងពិចារណាជួយដល់សហគមន៍ផ្សេងទៀត ជាពិសេសការរៀបចំ និងគ្រប់គ្រងក្រុមសន្សំប្រាក់ ដែលជាយន្តការមួយ ក្នុងចំណោមយន្តការផ្សេងៗ ធ្វើឱ្យសហគមន៍មានភាពរឹងមាំ និងភាពជាម្ចាស់ ចេះធ្វើការងារជាក្រុម និងមានកិច្ចសហការបានល្អ។ លោកជំទាវក៏បានស្នើអោយម្ចាស់គម្រោងពិចារណាក្នុងការផ្លាស់ប្តូរបទពិសោធន៍ រវាងភាគីពាក់ព័ន្ធអនុវត្តន៍គម្រោងតាមរយៈទស្សនកិច្ចសិក្សា ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់