កំពង់ឆ្នាំង ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា មន្រ្តីឧទ្យានុរក្សត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ពិេសសថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋ។

នេះជាប្រសាសន៍លើកឡើងក្នុងពេលដែលឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ម៉ូតូ៧គ្រឿង នៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តម បានបន្ថែមថា ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវ:ចម្រុះនៅតំបន់ជួរភ្នំក្រវាញ និងតំបន់បឹងទន្លេសាប គឺមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ជាជម្រកសត្វព្រៃគ្រប់ប្រភេទ ការបង្កើតប្រព័ន្ធអេកូឡូស៊ី និងជាទីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចាំបាច់ត្រូវធ្វើការការពារនិងអភិរក្ស ក៏ដូចជាការប្រើប្រាស់ឲ្យមាននិរន្តរភាព។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្រ្តីថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់ ពិសេសមន្ទីរបរិស្ថានខេត្ត និងមន្រ្តីឧទ្យានុរក្ស ចំពោះការខិតខំក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះ និងការស់នៅដោយចីរភាព នៅក្នុងខេត្តកំពង់ឆ្នាំង ដោយឈរលើមូលដ្ឋាននិងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជាប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា ។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា ការប្រគល់សម្ភារៈមធ្យោបាយធ្វើដំណើរ ម៉ូតូចំនួន៧គ្រឿង របស់ គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នាថ្ងៃនេះ បង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់មន្រ្តីបរិស្ថាន និងមន្រ្តីឧទ្យានុរក្ស ក្នុងការបំពេញការងារកន្លងមក និងបន្តធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ដែលជាគោលបំណងចំបងរបស់គម្រោងផងដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារបរិស្ថានក្នុងខេត្តកំពង់ឆ្នាំង របស់លោក យ៉ង ភារម្យ ប្រធានមន្ទីរបរិស្ថានខេត្ត លោកជំទាវ ប៊ន សុភី អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង បានគាំទ្រដល់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» និងបានលើកឡើងពីការចូលរួមសកម្មភាពមេត្រីបរិស្ថានកាន់តែប្រសើរថែមទៀត ដើម្បីធានានិរន្តរភាពបរិស្ថាន ធនធានធម្មជាតិ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ៕

ព័ត៌មានបន្ថែម

អបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា
ថ្ងៃ សុក្រ, 5 មិថុនា, 2020 អបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា
សេចក្តីប្រកាសព័ត៌មាន
ថ្ងៃ ព្រហស្បតិ៍, 4 មិថុនា, 2020 សេចក្តីប្រកាសព័ត៌មាន
កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា
ថ្ងៃ អង្គារ, 2 មិថុនា, 2020 កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា