ក្រសួងបរិស្ថានប្រគល់ម៉ូតូ៦គ្រឿង របស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តសៀមរាប
ថ្ងៃ ព្រហស្បតិ៍, 7 ឧសភា, 2020សៀមរាប ៖ ក្រសួងបរិស្ថានប្រគល់ម៉ូតូ៦គ្រឿង របស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ។
បន្ទាប់ពីសេចក្តីរាយការណ៍របស់លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ពីវឌ្ឍនភាពការងារគ្រប់គ្រងបរិស្ថាននៅក្នុងខេត្តសៀមរាប ឯកឧត្តម សៅ សុភាព បានបញ្ជាក់ថា ខេត្តសៀមរាប គឺជាតំបន់ប្រមូលផ្តុំទៅដោយទីកន្លែងកំសាន្ត ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្តដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងនោះ តំបន់អង្គរ ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ដែលល្បីល្បាញជុំវិញពិភពលោក ដូច្នេះក្រសួងបរិស្ថានបានយកចិត្តទុកដាក់បំផុតលើកិច្ចគាំពារបរិស្ថាន កាអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅដោយចីរភាព។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រុញលើកទឹកចិត្តមន្រ្តីមន្ទីរបរិស្ថានខេត្ត និងមន្រ្តីឧទ្យានុរក្ស បន្តនូវសកម្មភាពឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវភាពអសកម្មមួយចំនួន និងជនឆ្លៀតឱកាស ក្នុងការបំផ្លាញធនធានធម្មជាតិ ការចាប់សត្វព្រៃ ពិសេសការកាប់ទន្រ្ទានដីព្រៃយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការផ្តល់សម្ភារៈ បរិក្ខារបស់គម្រោងដល់មន្ទីរបរិស្ថានខេត្តសៀមរាប នៅពេលនេះ គឺជាជំហានទីមួយក្នុងក្របខណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ពង្រឹងការងារល្បាត និងទប់ស្កាត់បទល្មើសក្នុងតំបន់ការពារធម្មជាតិ ចូមរួមការពារ និងអភិរក្សធនធានធម្មជាតិ ការពារតំបន់ទេសភាព និងតំបន់សក្តានុពលទេសចរណ៍ធម្មជាតិ ឱ្យស្ថិតស្ថេរបានល្អ ក្នុងន័យនេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការពារពារ និងអភិរក្សធនធានធម្មជាតិ គឺដើម្បីអភិវឌ្ឍន៍ដោយនិរន្តរភាព ចូលរួមចំណែកសេដ្ឋកិច្ចជាតិ និងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ។
សូមបញ្ជាក់ថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» អនុវត្តរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ នៅក្នុងខេត្តចំនួន៧ ជុំវិញបឹងទន្លេសាប និងតំបន់ជួរភ្នំក្រវាញ គឺធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ក៏ដូចជាធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍កាន់តែមានភាពប្រសើរឡើង ៕
![](https://www.moe.gov.kh/wp-content/uploads/2020/05/95389439_1702035243268923_1309827238434177024_o-300x200.jpg)
![](https://www.moe.gov.kh/wp-content/uploads/2020/05/95705434_1702035559935558_7709026534618562560_o-300x200.jpg)
![](https://www.moe.gov.kh/wp-content/uploads/2020/05/96142508_1702035219935592_274009627765506048_o-300x200.jpg)
![](https://www.moe.gov.kh/wp-content/uploads/2020/05/96117989_1702035989935515_7406770551919738880_o-300x200.jpg)
![](https://www.moe.gov.kh/wp-content/uploads/2020/05/95552910_1702035579935556_7039171057038655488_o-300x200.jpg)
![](https://www.moe.gov.kh/wp-content/uploads/2020/05/95830103_1702035779935536_544004418886959104_o-300x200.jpg)
![](https://www.moe.gov.kh/wp-content/uploads/2020/05/96153735_1702035536602227_8851184816821895168_o-300x200.jpg)
![](https://www.moe.gov.kh/wp-content/uploads/2020/05/96416678_1702037036602077_5448240232010874880_o-300x200.jpg)
![](https://www.moe.gov.kh/wp-content/uploads/2020/05/96137000_1702035933268854_4967670577415323648_o-300x200.jpg)
![](https://www.moe.gov.kh/wp-content/uploads/2020/05/96003869_1702035639935550_5045410477610369024_o-300x200.jpg)
![](https://www.moe.gov.kh/wp-content/uploads/2020/05/96001323_1702035956602185_1733478564788961280_o-300x200.jpg)
![](https://www.moe.gov.kh/wp-content/uploads/2020/05/95630572_1702035999935514_3533174165093744640_o-300x200.jpg)