ថ្មីៗនេះ ក្រសួងបរិស្ថានបានពិនិត្យឃើញថា មានអង្គការមិនមែនរដ្ឋាភិបាល និងសមាគម
មួយចំនួន ដែលពុំបានចុះបញ្ជី ឬកិច្ចព្រមព្រៀងត្រឹមត្រូវតាមច្បាប់ បាននិងកំពុងធ្វើសកម្មភាពយ៉ាង
អនាធិបតេយ្យក្នុងតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ សកម្មភាពបំពានលើច្បាប់យ៉ាងគឃ្លើនបែបនេះ ដោយជ្រកក្រោមស្លាកជាអ្នកស្រឡាញ់បរិស្ថាន និង
ធនធានធម្មជាតិ គឺជាចេតនាទុច្ចរិតក្នុងការធ្វើវិទ្ធង្សនាប្រឆាំងនឹងរាជរដ្ឋាភិបាល លើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ តែប៉ុណ្ណោះ។

​ចំពោះអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមណា ដែលនៅតែបន្តបំពានធ្វើសកម្មភាពយ៉ាង
អនាធិបតេយ្យនិងខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានគ្មានជម្រើសអ្វីក្រៅពីការអនុវត្ត
វិធានការច្បាប់​ ជាពិសេសច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់ និងបញ្ឈប់សកម្មភាព បែបនេះទេ ហើយក្រសួងក៏ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយតាមដានពិនិត្យនិងចាត់វិធានការតាមច្បាប់ ទៅលើអង្គការមិនមែនរដ្ឋាភិបាលឬសមាគមណាដែលធ្វើសកម្មភាពដោយមិនមានច្បាប់ត្រឹមត្រូវ។

​ក្រសួងបរិស្ថាន គ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់ និងចូលរួមការពារធនធាន
ធម្មជាតិឡើយ ប៉ុន្តែតម្រូវឱ្យទាំងអស់គ្នាគោរពច្បាប់ជាធរមាន និងធ្វើសកម្មភាពស្របតាមច្បាប់កំណត់ និងដោយក្តីស្មោះត្រង់ក្នុងភាពជាដៃគូ ដើម្បីរួមកម្លាំងគ្នាថែរក្សាធនធានធម្មជាតិកម្ពុជាឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

ក្រសួងបរិស្ថាន សូមគូសបញ្ជាក់សាជាថ្មីថា ក្រសួងសូមស្វាគមន៍អង្គការមិនមែនរដ្ឋាភិបាល ឬសមាគម ដែលបានចុះបញ្ជី និងកិច្ចព្រមព្រៀងត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ ឱ្យចូលរួមក្នុងការងារ ការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងការងារលើកស្ទួយជីវភាពរស់នៅ របស់ប្រជាសហគមន៍ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ ដើម្បីបុព្វហេតុសម្បត្តិធម្មជាតិ របស់យើងទាំងអស់គ្នា។

បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលរួមមាន
តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ សរុបចំនួន ៦០ កន្លែង គ្របដណ្តប់លើផ្ទៃដី ប្រមាណជាង ៧,២ លានហិកាតា ស្មើប្រមាណ ៤១% នៃផ្ទៃដីសរុបរបស់ព្រះរាជាណាចក្រកម្ពុជា។ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន ១២៦០នាក់ ឈរជើងនៅតាមតំបន់ការពារធម្មជាតិនីមួយៗ បាននិងកំពុងធ្វើសកម្មភាពល្បាត ការពារ និងអភិរក្សធនធានធម្មជាតិ ដោយមានការចូលរួម និង
កិច្ច សហការល្អពីសំណាក់អាជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល សមាគម និងសហគមន៍ មូលដ្ឋានពាក់ព័ន្ធទាំងយប់ទាំងថ្ងៃ។

ទន្ទឹមនឹងនេះដែរ ក្រសួងបរិស្ថានបាននិងកំពុងពង្រឹង និងពង្រីកកិច្ចសហការជាមួយអង្គការ មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សមាគម ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាននានា ដើម្បី លើកកម្ពស់ប្រសិទ្ធភាពការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ក៏ដូចជាជំរុញការងារ កំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រង និង
ការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រី
ឧទ្យានុរក្ស និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋានផងដែរ។

ក្រសួងបរិស្ថាន សូមយកឱកាសនេះ អំពាវនាវឱ្យអង្គការមិនមែនរដ្ឋាភិបាល ឬសមាគម នានា ដែលបាននិងកំពុងធ្វើសកម្មភាពដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ បញ្ឈប់សកម្មភាពបែប
នេះជាបន្ទាន់ ដើម្បីចៀសវាងការប្រឈមមុខដាក់គ្នាតាមផ្លូវច្បាប់។ ក្រសួងក៏សូមអំពាវនាវព្រមទាំង
លើកទឹកចិត្តឱ្យអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សមាគម ដៃគូអភិវឌ្ឍន៍ និងសហគមន៍ មូលដ្ឋានទាំងអស់ ដែលមានទឹកចិត្តស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ផ្តល់កិច្ចសហការឱ្យបាន កាន់តែជិតស្និទ្ធ និងខ្លាំងក្លាបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាព និងសកម្មភាពការពារ និងអភិរក្ស ធនធានធម្មជាតិដ៏មានតម្លៃរបស់យើងសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕
​​​​​​​
ថ្ងៃសុក្រ ៣ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៣
​​​​​​​​​​​​ រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២០

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់