នៅក្នុងអនុវិទ្យាល័យចតុមុខ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កុមារី អៀង នោល័ក្ស សិស្សថ្នាក់ទី៩ G1 និងមិត្តភក្តិជាច្រើនផ្សេងទៀត បានយកដបដាក់ទឹកបរិសុទ្ធ ចេញធុងចម្រោះទឹកមួយកន្លែងនៅក្នុងសាលារៀន។ កុមារី អៀង នោល័ក្ស តែងតែមកយកទឹកទុកពិសារទាំងនៅក្នុងថ្នាក់ នៅពេលលេងកីឡា និងសម្រាកពីការសិក្សា។ «ខ្ញុំបានប្រើប្រាស់ទឹកបរិសុទ្ធនេះ ដោយខ្ញុំយកដបដាក់ទឹកមកពីផ្ទះ ខ្ញុំបានកាត់បន្ថយការប្រើប្រាស់ទឹកសុទ្ធប្លាស្ទិក ដែលបង្កបញ្ហាដល់បរិស្ថាន» លើកឡើងដោយ កុមារី អៀង នោល័ក្ស នៅពេលយកដបទឹកមកបំពេញនៅកន្លែងធុងសម្រោះទឹកក្បែរថ្នាក់រៀន នៃអគារសិក្សាមួយរបស់អនុវិទ្យាល័យចតុមុខ។ បន្ថែមពីនេះ កុមារី អៀង នោល័ក្ស បានបន្ថែមថាក្រសួងបរិស្ថាន រៀបចំឱ្យមានធុងចម្រោះទឹកនេះ គឺផ្តល់ទឹកស្អាតមានសុវត្ថិភាពក្នុងការពិសារ និងជាការគិតគូរខ្ពស់ចំពោះក្មេងជំនាន់ក្រោយដូចជារូបកុមារី។

ដូចជាគ្នាដែរ កុមារា ពេជ្រ ពិសិដ្ឋ និង កុមារី ឈុន មិនា ជាសិស្សថ្នាក់ទី៩ ដូចកុមារីអៀង នោល័ក្សដែរ បានមកច្រកទឹកដបសម្រាប់បរិភោគ ពីធុងចម្រោះទឹកស្អាតនៅពេលសម្រាកពីការរៀនសូត្រ។ សិស្សានុសិស្ស ទាំងអស់បានឱ្យដឹងស្រដៀងគ្នា ពីទឹកចិត្តរីករាយចំពោះការទទួលបានទឹកស្អាតសម្រាប់បរិភោគនៅក្នុងសាលារៀន ដែលជួយឱ្យចេះរក្សាអនាម័យ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងកាត់បន្ថយចំណាយប្រចាំថ្ងៃពីការទិញទឹកដបច្រកដោយប្លាស្ទិក។

គណៈគ្រប់គ្រងសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូ នៃអនុវិទ្យាល័យចតុមុខ ក៏បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះគម្រោងរបស់ក្រសួងបរិស្ថាន។ តាមការស្នើសុំរបស់សាលារៀន ក្រសួងតាមរយៈមូលនិធិបរិស្ថាននិងសង្គម បានផ្តល់ធុងចម្រោះទឹកស្អាតនេះ ដែលជាការលើកទឹកចិត្តឱ្យសិស្សមានទម្លាប់ល្អ ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការគ្រប់គ្រងសំរាម យល់ដឹងពីនាម័យនៅតាមសាលារៀន ផ្សារភ្ជាប់ទៅសហគមន៍ ជាពិសេស ជួយសិស្សានុសិស្សមានសុខភាពល្អ មករៀនទៀងទាត់ និងរៀនសូត្រពូកែថែមទៀត។

ក្រសួងបរិស្ថាន តាមរយៈមូលនិធិបរិស្ថាន និងសង្គម បានកំពុងតម្លើង និងផ្តល់ជូនធុងចម្រោះទឹកស្អាត តាមសាលារៀនចំនួន១១ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យ តាមរយៈការអប់រំ ផ្សព្វផ្សាយផ្តល់ជូនធុងចម្រោះទឹកបរិសុទ្ធជូនសាលារៀនមួយចំនួន និងចូលរួមពង្រឹងការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃ ដូចជាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងការបរិភោគទឹកស្អាតផងដែរជាដើម។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់