នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ «បច្ចុប្បន្នភាពនៃដំណើរការ ការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ» ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ដោយមានការចូលរួមពីឯកឧត្តម ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ជាសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ តំណាង ទូតដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ស្ថាប័នសិក្សា និងអ្នកពាក់ព័ន្ធផ្សេងៗចំនួនប្រមាណ ៧២នាក់ (ស្រី៖ ១៤នាក់)។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖ (១)ធ្វើបច្ចុប្បន្នភាព ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងឯកភាពលើដំណើរការនៃការរៀបចំឯកសារស្តីពីការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution-NDC) (២)ពង្រឹងការចូលរួម និងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកពាក់ព័ន្ធក្នុងដំណើរការរៀបចំរបាយការណ៍បច្ចុប្បន្នភាព NDC និង (៣)ស្វែងយល់ពីតួនាទី និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធសំខាន់ៗ។

ឯកឧត្តម ទិន ពន្លក បានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈមមួយសម្រាប់ពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍តិចតួច ដូចជាប្រទេសកម្ពុជា ដែលសមត្ថភាពមនុស្ស ថវិកា និងបច្ចេកទេសនៅមានកម្រិតដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមក៏បានបន្តថា ដោយសារកត្តាសុខ សន្តិភាពនិងស្ថេរភាពសង្គមធ្វើឱ្យរាជរដ្ឋាភិបាលមានឱកាលក្នុងការចូលរួមជាសហគមន៍អន្តរជាតិក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ រដ្ឋាភិបាលបានបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងគោលដៅអភិវឌ្ឍន៍ដោយចីរភាព យុទ្ធសាស្ត្រចតុកោណ ផែនការអភិវឌ្ឍន៍ជាតិ និងរៀបចំយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុកម្ពុជា២០១៤-២០២៣។ ក្រៅពីនេះ រដ្ឋាភិបាលបានរៀបចំនិងដាក់ជូននូវរបាយការណ៍ NDC ដើម្បីចូលរួមចំណែកអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុនៅឆ្នាំ២០១៥ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងរៀបចំរៀបចំរបាយការណ៍បច្ចុប្បន្នភាព NDC ដែលត្រូវដាក់ជូនទៅអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅក្នុងសន្និសីទលើកទី២៦ ក្នុងខែវិច្ឆិកាឆ្នាំ២០២០។ ទាំងដៃគូអភិវឌ្ឍន៍ (UNDP, WorldBank, FAO, UNICEF, GGGI, UNWomen ។ល។) និងស្ថាប័នពាក់ព័ន្ធ (ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ) ចូលរួមបានបង្ហាញចំណាប់អារម្មណ៍និងគាំទ្រទាំងបច្ចេកទេសនិងថវិកាក្នុងការរៀបចំរបាយការណ៍នេះ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់