ទីស្តីការក្រសួងបរិស្ថាន នៅព្រឹក​ ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំ​កិច្ច​ប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុ​ប៉ះពាល់បរិស្ថាន និងសង្គមដំបូង សម្រាប់គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ សម្រាប់អនុគម្រោង ការគ្រប់គ្រងទឹកកខ្វក់ និងទឹកភ្លៀងក្រុងស្ទឹងសែន ខេត្តកំពង់ធំ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និង​រៀបចំ​របាយការណ៍​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា SBK Research and Development Co., Ltd.។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពីឯកឧត្តម និងលោកជំទាវអនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន តំណាងអគ្គលេខាធិការដ្ឋានក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍ដោយ​ចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួង​ពាក់ព័ន្ធ​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា រដ្ឋបាល​ខេត្តកំពង់ធំ នាយកដ្ឋានវាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន​​ និងក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd. សរុបចំនួន​ ៣៦នាក់។

ជារួម​ កិច្ចប្រជុំនេះ​ បានទទួលលទ្ធផល​ ដូចខាងក្រោម​៖
១-​ អង្គប្រជុំគាំទ្រគម្រោងនេះ
២-​ ម្ចាស់គម្រោង​ ត្រូវបន្ថែមនូវចំណុចខ្វះខាតផ្នែកបច្ចេកទេសជីកកប់លូ និងការតភ្ជាប់ប្រព័ន្ធលូពីលំនៅដ្ឋាន​របស់​ប្រជាជន ដោយអនុលោមទៅតាម អនុក្រឹត្យលេខ ២៣៥ អនក្រ.បក ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និង​ប្រព័ន្ធ​ប្រព្រឹត្តកម្ម​ទឹកកខ្វក់
៣-​ ម្ចាស់គម្រោង​ ត្រូវត្រួតពិនិត្យសំណល់​ភក់ដែលចេញពីអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដោយត្រូវសម្ងួតឱ្យស្ងួត និងពិនិត្យគុណភាពឱ្យបានត្រឹមត្រូវមុននឹងយកទៅប្រើប្រាស់ធ្វើជាជីកសិកម្ម ឬប្រើប្រាស់ផ្សេងៗ
៤-​ ម្ចាស់គម្រោង​ ត្រូវធ្វើការសម្របសម្រួលឱ្យបានត្រឹមត្រូវក្នុងការដោះស្រាយការប៉ះពាល់ទៅលើការរស់នៅ ការប្រកបរបររកស៊ី និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដោយសារសកម្មភាពគម្រោង ព្រមទាំងធ្វើការដោះស្រាយឱ្យបានរួចរាល់មុននឹងធ្វើការអនុវត្តគម្រោងដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន
៥-​ ម្ចាស់គម្រោង​ ត្រូវត្រួតពិនិត្យត្រង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានទៀតទាត់ និងជាប្រចាំ ដើម្បីការពារការ​បញ្ចេញក្លិន ឬលេចធ្លាយ ដែលបង្កឱ្យប៉ះពាល់ដល់ការរស់របស់ប្រជាពលរដ្ឋនៅក្បែរទីតាំងគម្រោង ព្រមទាំងដាំដើមឈើ​នៅ​ជុំ​វិញ​ទីតាំង​ស្ថានីយ​ប្រព្រឹត្តកម្មទឹកកខ្វក់
៦-​ ម្ចាស់គម្រោង​ ត្រូវធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងសំណល់រឹង-រាវ ដែលកើតឡើងដោយសារសកម្មភាពគម្រោង ដោយអនុវត្តទៅតាមអនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង​ទីប្រជុំជន
៧-​ ម្ចាស់គម្រោង​ ត្រូវធ្វើការគ្របតង់​នៅពេលដឹកជញ្ជូន និងគ្រប់គ្រងអាចម៍ដីពីការជីកកប់ប្រព័ន្ធលូឱ្យបានត្រឹមត្រូវ ចៀសវាងការហុយធូលីដែលប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ
៨-​ ម្ចាស់គម្រោង​ ត្រូវធ្វើការសហការជាមួយ​ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានឱ្យបានត្រឹមត្រូវ
និង៩-​ ម្ចាស់គម្រោង​ ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើម្បីកែសម្រួល​ក្នុងរបាយការណ៍IESIA ឱ្យបានត្រឹមត្រូវ​ ស្របតាមស្មារតីអង្គប្រជុំ​៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់