វេទិកាកេសរកូលលើកទី១ នៅកម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងបរិស្ថានដោយមានការដាក់តាំងពិពណ៌កេសរកូលជាច្រើនប្រភេទដល់អ្នកចូលរួមទស្សនា។ ជាមួយគ្នា នេះ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព និងសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិ​នៃទីក្រុងប៉ារីស​ប្រទេសបារាំងក៏ត្រូវបានធ្វើឡើងដែរដើម្បីសហការរៀបចំបង្កើតមជ្ឈមណ្ឌល​ស្រាវជ្រាវនិង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន។ បច្ចុប្បន្ននេះ មន្ត្រីជំនាញនៃ ក្រសួងបរិស្ថានបានស្រាវជ្រាវនិងអភិរក្សកេសរកូល (ផ្កាអ័រគីដេ) បានចំនួន ១៦០ ប្រភេទ ខណៈប្រភេទកេសរកូលសរុបនៅក្នុងប្រទេសកម្ពុជាត្រូវគេប៉ានស្មានថាមានប្រមាណជាង ៥០០ ប្រភេទ។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថាវេទិកានេះគឺជាឱកាសសម្រាប់យើងស្វែងយល់និងដកពិសោធលើការងារទៅវិញទៅមក លើការងារអភិរក្សធនធានពន្ធុ (Plant Genetic)​ ក៏ដូចជាវិស័យបរិស្ថាននិងធនធានធម្មជាតិ ដែលជាការបោះជំហានថ្មីថែមមួយកម្រិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង បន្ថែមពីលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងវិស័យជាច្រើនទៀត។

គួរបញ្ជាក់ថាកាលពីឆ្នាំ ២០១៨ កន្លងទៅ រាជរដ្ឋាភិបាលបានសម្រេចបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក្នុងគោលបំណងលើកកម្ពស់ការសិក្សាស្រាវជ្រាវ​ អភិរក្សកេសកូល អប់រំផ្សព្វផ្សាយពីតម្លៃនៃ​កេសរកូល និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្ត ក៏ដូចជាសំដៅធានាឱ្យបាននូវការគ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិឱ្យមានប្រសិទ្ធភាព ព្រមទាំងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។

ឯកឧត្តម អ៊ាង សុផល្លែតបានមានប្រសាសន៍ថា មជ្ឈមណ្ឌលនេះ​ នឹងផ្តល់អត្ថប្រយោជន៍ផ្សេងៗជាច្រើនជាអាទិ៍៖ រក្សា និងស្ដារពូជកេសរកូលព្រៃក្នុងស្រុក ប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រានិងធ្វើសារពើភ័ណ្ឌ
ជាកន្លែងសម្រាប់អ្នកសិក្សាស្រាវជ្រាវអនុវត្តដោយផ្ទាល់ ផ្ដល់ចំណេះដឹង និងព័ត៌មានវិទ្យាសាស្រ្តពីកេសរកូលព្រៃសម្រាប់មនុស្សជំនាន់ក្រោយ ភ្ជាប់ទំនាក់ទំនងមនុស្សនិងធម្មជាតិ ជាគោលដៅទេសចរណ៍ធម្មជាតិថ្មី បង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ទទួលចំណេះដឹង ជំនាញ និងបទពិសោធន៍ពីអ្នកជំនាញជាតិ និងអន្តរជាតិ កៀរគរថវិកា សម្ភារ និងបច្ចេកទេសក្នុងការគ្រប់គ្រងធនធាន។

ឯកឧត្តម អ៊ាង សុផល្លែតបានគូសបញ្ជាក់ថា៖ «យើងមានបំណងប្រែក្លាយមជ្ឈមណ្ឌលនេះឱ្យក្លាយទៅជាផលិតផលទេសចរថ្មីបែបធម្មជាតិ បន្ថែមលើផលិតផលទេសចរបេតិកភណ្ឌវប្បធម៌ដ៏សម្បូរណ៍បែបនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប។ វាក៏នឹងរួមចំណែកកាត់បន្ថយការពឹងផ្អែករបស់សហគមន៍មូលដ្ឋានដែលកំពុងរស់នៅជុំវិញតំបន់នេះពីការកាប់ឈើ និងការទាញយកធនធានធម្មជាតិ ជីវៈចម្រុះ មកជាអ្នករៀបចំ​សេវាកម្មទេសចរ និងផលិតផលិតផលទេសចរនៅពេលដែលមជ្ឈមណ្ឌល​នេះត្រូវបានអភិវឌ្ឍន៍ពេញលេញ និងគ្រប់​ជ្រុងជ្រោយស្របតាមផែនការមេ។ ជាងនេះទៅទៀត វានឹងជួយពង្រឹងតួនាទីនិងការទទួលខុសត្រូវរបស់សហគមន៍មូលដ្ឋានក្នុងការចូលរួមចំណែកកម្ពស់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធាន​ធម្មជាតិ​ដោយនិរន្តរភាព​ ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅមូលដ្ឋាន ការបណ្តុះនូវជំនាញវិជ្ជាជីវៈ និងជំរុញការរស់នៅដោយចីរភាព ដោយធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចតាមសហមគមន៍មូលដ្ឋាននីមួយៗ»។

ដើម្បីជំរុញការអភិវឌ្ឍនិងប្រតិបត្តិការនៃមជ្ឈមណ្ឌល​ស្រាវជ្រាវនិង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន ឱ្យបានកាន់តែល្អប្រសើរក្នុងដំណាក់ថ្មីនេះ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានស្នើឱ្យស្ថាប័នពាក់ព័ន្ធជាពិសេសនាយកដ្ឋានអភិរក្សជីវៈចម្រុះ បន្ត​រៀបចំ​ផែនការមេ និងផែនការគ្រប់​គ្រង​សារមន្ទីរប្រវត្តិសាស្រ្ត​ធម្មជាតិ​ភ្នំពេញ ព្រមទាំង​ពន្លឿន​ការអភិវឌ្ឍ «មជ្ឈមណ្ឌល​ស្រាវជ្រាវ និងអភិរក្ស​កេសរកូល សុខអាន ភ្នំគូលែន» បន្តរៀបចំបង្កើតតិណាល័យធម្មជាតិ និងគួរខិតខំកៀរគរការចូលរួមសហការពីដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងដំណើរប្រតិបត្តិការនៃមជ្ឈមណ្ឌល​ស្រាវជ្រាវនិង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន ដើម្បីធានាបាននូវប្រសិទ្ធភាពនិងនិរន្តរភាព នៃមជ្ឈមណ្ឌលដ៏មានសារសំខាន់នេះ។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់