នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យកម្លាំង ៣០មេហ្គាវ៉ាត់ លើផ្ទៃដីទំហំ ៥៥ហិកតា ដែលមានទីតាំងភូមិសាស្រ្តស្ថិតនៅភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ របស់ក្រុមហ៊ុន SchneiTech Infinite Co., Ltd. (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍ដោយក្រុមហ៊ុន ទីប្រឹក្សា Creative Green Design Co., Ltd.។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួង​ពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គិសនីកម្ពុជា រដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ក្រុមហ៊ុន SchneiTech Infinite Co., Ltd. និងក្រុមហ៊ុនទីប្រឹក្សា​ ចំនួន​ ៣៧នាក់។

ជារួម​ អង្គប្រជុំ​ បានទទួលលទ្ធផល​ ដូចខាងក្រោម​៖
១-​ អង្គប្រជុំ​ គាំទ្រគម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ៣០ MW
២-​ ក្រុមហ៊ុន​ គួរតែសិក្សាពីលទ្ធភាពជួយជីកយកអាចម៍ដី ដើម្បីស្តារអាងស្តុកទឹកដំណាក់ក្រាញ់ និងជួយអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន
៣-​ ក្រុមហ៊ុន​ ត្រូវសិក្សា និងរៀបចំប្រព័ន្ធដោះទឹកភ្លៀងនៅតំបន់គម្រោងឱ្យបានត្រឹមត្រូវ ចៀសវាងការជន់លិចដីស្រែរបស់ប្រជាពលរដ្ឋនៅតំបន់នោះ និងបណ្តាលឱ្យខ្វះខាតទឹកសម្រាប់ធ្វើស្រែចម្ការរបស់ប្រជាជននៅផ្នែកខាងក្រោម ជាពិសេសប៉ែកខាងជើងនៃទីតាំងគម្រោង
៤-​ ក្រុមហ៊ុន​ ត្រូវសិក្សាពីការធ្វើរបងព័ទ្ធជុំវិញទីតាំងគម្រោង ចៀសវាងបង្កឱ្យមានការប៉ះពាល់ដល់សត្វគោក្របីរបស់អ្នកស្រុកដែលអាចធ្លាក់ចូលទៅក្នុងប្រឡាយក្រុមហ៊ុនដោយយថាហេតុ
៥-​ ក្រុមហ៊ុន​ ត្រូវសិក្សាបន្ថែមពីការប្រែប្រួលអាកាសធាតុដែលអាចជះឥទ្ធិពលទៅលើគម្រោង
៦-​ ក្រុមហ៊ុន​ ត្រូវកាត់បន្ថយការហុយធូលី ដែលកើតឡើងដោយសារសកម្មភាពដឹកជញ្ជូន និងឈូសឆាយដី ជាពិសេសធ្វើការស្រោចទឹកជាប្រចាំនៅតាមដងផ្លូវ
៧-​ ក្រុមហ៊ុន​ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និទ្ធ ព្រមទាំងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យចូលបម្រើការក្នុងក្រុមហ៊ុនឱ្យអស់លទ្ធភាព
៨-​ ក្រុមហ៊ុន​ ត្រូវមានផែនការ និងគ្រប់គ្រងសំណល់ផ្ទាំងសូឡាឱ្យបានច្បាស់លាស់
៩-​ ក្រុមហ៊ុន​ ត្រូវសហការជាមួយក្រុមហ៊ុន​ទីប្រឹក្សា ដើម្បីកែសម្រួល​របាយការណ៍​នេះ​ ស្របតាមស្មារតីអង្គប្រជុំ​៕

ព័ត៌មានបន្ថែម

កិច្ចពិភាក្សាអំពីកិច្ចសហការលើការងារគ្រប់គ្រងសំរាម សំណល់រឹង ជាមួយក្រុមហ៊ុន Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE)
ថ្ងៃ ពុធ, 24 កុម្ភៈ, 2021 កិច្ចពិភាក្សាអំពីកិច្ចសហការលើការងារគ្រប់គ្រងសំរាម សំណល់រឹង ជាមួយក្រុមហ៊ុន Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE)
ពិធីប្រគល់រង្វាន់ និងវិញ្ញាបនបត្រដល់ជ័យលាភី ការប្រកួតវីដេអូបែបអត្ថាធិប្បាយ
ថ្ងៃ អង្គារ, 23 កុម្ភៈ, 2021 ពិធីប្រគល់រង្វាន់ និងវិញ្ញាបនបត្រដល់ជ័យលាភី ការប្រកួតវីដេអូបែបអត្ថាធិប្បាយ
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
ថ្ងៃ អង្គារ, 23 កុម្ភៈ, 2021 កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន