ទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ទា ជុប អនុរដ្ឋលេខាធិការ​នៃក្រសួងបរិស្ថាន បានដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងខ្សែបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុល ជាឆ្អឹងខ្នងសម្រាប់បណ្តាញជាតិ និងភ្ជាប់អនុតំបន់ (ខ្សែបញ្ជូនអគ្គិសនី ពីអនុស្ថានីយអគ្គិសនីបែកចាន ទៅអនុស្ថានីយអគ្គិសនីខាងកើតភ្នំពេញ) ដែលមានទីតាំង ស្ថិតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល របស់អគ្គិសនីកម្ពុជា (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំ របាយការណ៍ ដោយក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd.។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន និងតំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរ បរិស្ថានរាជធានីភ្នំពេញ មន្ទីរបរិស្ថានខេត្តកណ្តាល នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន អគ្គិសនីកម្ពុជា និងក្រុមហ៊ុនទីប្រឹក្សា​ ចំនួន​ ៣៣នាក់។

ជារួម​ អង្គប្រជុំ បានទទួលលទ្ធផល​ ដូចខាងក្រោម៖
១-​ អង្គប្រជុំ​ បានគាំទ្រគម្រោងនេះ
២-​ ម្ចាស់គម្រោង​ ត្រូវបង្ហាញពីជម្រើស ទាំង៣ ព្រមទាំងបញ្ចូលជម្រើសទាំង៣នេះទៅក្នុងរបាយការណ៍ IESIA
៣-​ ម្ចាស់គម្រោង​ ត្រូវសិក្សាពីផលប៉ះពាល់ទៅលើកម្មសិទ្ធិដីឯកជន លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដោយសហការជាមួយក្រុមហ៊ុនទីប្រឹក្សាឯករាជ្យផ្នែកអចលនវត្ថុ​ ឱ្យបានត្រឹមត្រូវ​ ស្របតាមតម្លៃទីផ្សារ
៤-​ ម្ចាស់គម្រោង​ ត្រូវពិភាក្សាជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍ ដែលពាក់ព័ន្ធនឹងគន្លងខ្សែបញ្ជូនអគ្គិសនីឆ្លងកាត់រោងចក្រផលិតទឹកស្អាត​បាក់ខែង ដើម្បីសិក្សា​រកដំណោះស្រាយ
៥-​ ម្ចាស់គម្រោង​ ត្រូវសិក្សាពីគន្លងខ្សែបញ្ជូនថ្មី ដែលប៉ះពាល់ដល់សាលាបឋមសិក្សាពុកឫស្សីក្រោម
៦-​ ម្ចាស់គម្រោង​ ត្រូវរៀបចំយន្តការ និងនីតិវិធី ដោះស្រាយផលប៉ះពាល់ មុនពេល​ធ្វេីការសាងសង់គម្រោង
៧-​ ម្ចាស់គម្រោង​ ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើម្បីកែសម្រួល​របាយការណ៍​នេះ​ ស្របតាមស្មារតីអង្គប្រជុំ៕

ព័ត៌មានបន្ថែម

មូលនិធិបរិស្ថាននិងសង្គម រួមចំណែកលើកកម្ពស់សុខភាពនិងគុណភាពសិក្សានៅតាមសាលារៀន
ថ្ងៃ សុក្រ, 20 មិនា, 2020 មូលនិធិបរិស្ថាននិងសង្គម រួមចំណែកលើកកម្ពស់សុខភាពនិងគុណភាពសិក្សានៅតាមសាលារៀន
មន្ទីរបរិស្ថានខេត្ត​មណ្ឌលគិរី​
ថ្ងៃ ព្រហស្បតិ៍, 19 មិនា, 2020 មន្ទីរបរិស្ថានខេត្ត​មណ្ឌលគិរី​
ពិធីសម្ភោធ ប្រគល់ និងដាក់ឱ្យប្រើប្រាស់នូវប៉ម និងធុងទឹកចម្រោះទឹកស្អាតនៅវិទ្យាល័យក្រុងព្រះសីហនុ
ថ្ងៃ ចន្ទ, 16 មិនា, 2020 ពិធីសម្ភោធ ប្រគល់ និងដាក់ឱ្យប្រើប្រាស់នូវប៉ម និងធុងទឹកចម្រោះទឹកស្អាតនៅវិទ្យាល័យក្រុងព្រះសីហនុ