កិច្ចប្រជុំស្តីពី «បច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព»
ថ្ងៃ ព្រហស្បតិ៍, 23 មករា, 2020នៅព្រឹកថ្ងៃព្រហស្បត៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព និង ឯកឧត្តម សូខនឬទ្ធីគុណ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំស្តីពី «បច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន តំណាងអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ តំណាងអគ្គនាយកដ្ឋានចំណេះដឹង និងពត៌មានបរិស្ថាន លោកប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប តំណាងមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ មន្ត្រីឧទ្យានុរក្ស និងមន្ត្រីពាក់ព័ន្ធ សរុប ២៨នាក់ ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង៖ (១).ពិនិត្យលើបច្ចុប្បន្នភាពនៃការប្រើប្រាស់ និងគ្រប់គ្រងដីក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព (២).ពិនិត្យលទ្ធភាពក្នុងការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង (៣).ពិនិត្យ ពិភាក្សាអំពីបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយ និងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើស និង(៤).ពង្រឹងស្មារតី និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្មុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព។