ខេត្តព្រះសីហនុ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ៧មករា
ថ្ងៃ សុក្រ, 17 មករា, 2020នៅរសៀលថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ៧មករា (៧/មករា/១៩៧៩-៧/មករា/២០២០)។ ព្រឹត្តិការណ៍ រៀបចំឡើងដោយមានមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ប្រធាន អនុប្រធាន សមជិក ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះឯកឧត្តម សាយ សំអាល់ បានអានសុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីមីទ្ទីញរំលឹកខួបលើកទី៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា (៧/១/១៩៧៩-៧/១/២០២០)។ ជាមួយគ្នានេះឯកឧត្តម ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងផងដែរពីការផ្តើមចេញពីស្មារតី៧មករា កម្ពុជាបានកសាងឡើងវិញ ចាប់តាំងពីបាតដៃទទេដោយរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា រហូតធ្វើឲ្យមានការអភិវឌ្ឍគ្រប់វិស័យមកទល់នឹងបច្ចុប្បន្ននេះ៕