ពិធីគោរពវិញ្ញាណក្ខន្ធជូនជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
ថ្ងៃ ចន្ទ, 6 មករា, 2020នៅព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម «ប៉ុល ពត» នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក រាជធានីភ្នំពេញ។
ការគោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះដែលបានបាត់បង់ជីវិត នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងគោលបំណងបណ្ដុះស្មារតី យុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ជាតិ មាតុភូមិ ស្រឡាញ់សន្តិភាព និងចេះសាមគ្គីគ្នាជាធ្លុងមួយ នៅគ្រប់កាលៈទេសៈ ជាពិសេសស្គាល់ច្បាស់ ពីប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលបានកើតឡើង ចំពោះប្រជាជនកម្ពុជា នៅក្នុងរបបប្រល័យពូជសាសន៍ «ប៉ុល ពត» ដែលជាសម័យមួយដ៏ខ្មៅងងឹត បានកាប់សម្លាប់ប្រជាជន និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ បំផ្លាញខ្ទេចខ្ទីអស់នូវហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស និងបានធ្វើឱ្យប្រជាជនស្លាប់ ដោយការអត់ឃ្លានអស់រាប់លាននាក់ ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
ក្នុងនាមយេីង ជាយុវជនជំនាន់ក្រោយ ត្រូវចងចាំពីប្រវត្តិសាស្រ្តរបស់ខ្លួន បង្ការការវិលត្រឡប់នៃសង្រ្គាម និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងនាមជាជាតិសាសន៍ដ៏រឹងមាំ និងរស់រវេីក។