«ក្រសួងបរិស្ថានបានបង្កើតឱ្យមានគោលការណ៍លើកទឹកចិត្តមេត្រីភាពបរិស្ថាន តាមរយៈការផ្តល់ប័ណ្ណ​សរសើរមេត្រីភាពបរិស្ថាន វិញ្ញាបនបត្រទទួលស្គាល់ ការប្រកួតប្រជែងពានរង្វាន់ និងមេដាយដល់រូបវន្តបុគ្គល និងនីតិបុគ្គល ក្រសួង ស្ថាប័ន អង្គភាព សហគ្រាស រោងចក្រ ដែលបានចូលរួមសកម្មភាពមេត្រីភាពបរិស្ថានផ្តោតសំខាន់ទៅលើការលើកទឹកចិត្តដល់រូបវន្តបុគ្គល ដែលមានឥរិយាបថ ចេះស្រទ្បាញ់ និងចូលរួមចំណែកថែរក្សា ការពារបរិស្ថាន មានទម្លាប់ល្អ និងប្រតិបត្តិល្អចំពោះបរិស្ថាន។»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅអំឡុងពេលនៃពិធីបើកសិក្ខាសាលាស្តីពីការលើកទឹកចិត្តមេត្រីភាពបរិស្ថាននៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៩ នៅរាជធានីភ្នំពេញ។ សិក្ខាសាលា ស្តីពីការលើកទឹកចិត្តមេត្រីភាពបរិស្ថាននេះត្រូវបានរៀបចំឡើយដោយនាយកដ្ឋានរង្វាន់និងលើកទឹកចិត្តនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីយុវជន និងនិស្សិតជាង ១០០នាក់។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ការមានទម្លាប់ល្អចំពោះបរិស្ថាន ឬការធ្វើសកម្មភាពមេត្រីភាពបរិស្ថានមិនមែនជាការលំបាកទ្បើយ ប៉ុន្តែអ្វីដែលលំបាកគឺឥរិយាបថអវិជ្ជមានចំពោះបរិស្ថានរបស់យើងទៅវិញទេ។ ដូចនេះ ការកែប្រែផ្នត់គំនិត និងឥរិយាបថអវិជ្ជមានចំពោះបរិស្ថានទៅជាការធ្វើសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថាន គឺជាកត្តាមួយចាំបាច់ដោយចាប់ផ្តើមពីបុគ្គលយើងម្នាក់ៗ បន្តផ្សព្វផ្សាយដល់បុគ្គលច្រើននាក់ផ្សេងៗទៀត។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖«ប្រការសំខាន់ក្នុងការចាប់ផ្តើមមានទម្លាប់ល្អខាងបរិស្ថាន គឺផ្តើមចេញពីការចេះឈឺឆ្អាលក្នុងការសម្អាតអនាម័យបរិស្ថាន ការទុកដាក់វេចខ្ចប់សំណល់ដែលយើងបង្កើតទ្បើងឱ្យបានត្រឹមត្រូវ ពោលគឺចេះទុកដាក់សំណល់សំរាមក្នុងធុង មិនបោះចោលសំរាមពាសវាលពាសកាល ចេះសន្សំសំចៃថាមពលនៅផ្ទះ និងនៅកន្លែងធ្វើការ ចេះសន្សំសំចៃការប្រើប្រាស់ទឹក ការដាំដើមឈើ និងរុក្ខជាតិផ្សេងទៀតដើម្បីបរិស្ថានបៃតង»

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថាការកែប្រែផ្នត់គំនិតសាធារណជនឱ្យមានឥរិយាបថចេះស្រទ្បាញ់ និងចូលរួមចំណែកថែរក្សា ការពារបរិស្ថាន មានទម្លាប់ល្អ និងប្រតិបត្តិល្អចំពោះបរិស្ថាន ពិតជាមានសារសំខាន់ណាស់ ក្នុងបរិការណ៍ដែលពិភពលោក ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា កំពុង​យកចិត្តទុកដាក់​​កាន់តែខ្លាំងឡើងៗទៅលើការបែ្រប្រួលអាកាសធាតុ និង ខិតខំជំរុញការអភិវឌ្ឍបៃតងដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចថ្មី ឆ្ពោះទៅកាន់ការអភិវឌ្ឍដោយចីរភាព ការកាត់បន្ថយភាពក្រីក្រ និងការរស់នៅដោយចីរភាព តាមរយៈកិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងការលើកកម្ពស់ប្រសិទ្ធភាពថាមពល ជាដើម។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស យុវជន សិស្ស និស្សិត ដែលជាសរសរទ្រូងដ៏រឹងម៉ាំរបស់ប្រទេសជាតិ សូមចូលរួមអនុវត្តទម្លាប់ល្អ ស្រលាញ់ និងថែរក្សា បរិស្ថាន ឱ្យកាន់តែច្រើនឡើងៗ ដើម្បីប្រែក្លាយប្រទេសកម្ពុជាក្លាយទៅជាប្រទេសមានបរិស្ថានស្អាត មានខ្យល់បរិសុទ្ធ ក្នុងបុព្វហេតុនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់ជីវភាពរស់នៅដោយចីរភាពនៅកម្ពុជា»។ទាក់ទងនឹងបញ្ហានេះដែរ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ដើម្បីកែប្រែផ្នត់គំនិតសាធារណជនឱ្យមានឥរិយាបថចេះស្រទ្បាញ់ និងចូលរួមថែរក្សា ការពារបរិស្ថាន គឺមិនមែនជាការងាយស្រួលនោះទេ យើងចាំបាច់ត្រូវការកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសការចូលរួមរបស់បុគ្គលម្នាក់ៗ ដើម្បីសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថាន។ តាមរយៈវេទិការនៅថ្ងៃនេះ អ្នកចូលរួមជាពិសេសយុវជនកម្ពុជា នឹងបន្តផ្សព្វផ្សាយដល់បុគ្គលច្រើននាក់ផ្សេងៗទៀត។

​​សូមជម្រាបថា នៅក្នុងនីតិកាលទី៦ នេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤» បន្តពី​យុទ្ធសាស្ត្រ​ចតុកោណដ៏ជោគជ័យចំនួន ៣ ដំណាក់កាលកន្លងមក ដោយ​ផ្តោតការយកចិត្ត​ទុកដាក់​កាន់តែខ្លាំងឡើងទៅលើ​ការ​សម្របខ្លួន​របស់កម្ពុជាចំពោះ​ការប្រែ​ប្រួល​​អាកាស​ធាតុ និងការអភិវឌ្ឍ​ដោយចីរភាព បន្ថែមលើ​កិច្ចខិតខំ​ប្រឹង​ប្រែង និង​សមិទ្ធផល​ផ្នែកសេដ្ឋកិច្ច-សង្គមជាច្រើន ​ដែល​សម្រេច​បានក្នុង​នីតិកាលមុនៗ។ ជាក់ស្តែង កញ្ចប់​ថវិកាជាតិ​ ដែល​ត្រូវបាន​វិភាជន៍​សម្រាប់​ការចំណាយ​លើ​ការងារប្រែប្រួល​អាកាស​ធាតុ​​ មានការ​កើន​ឡើង​ជាលំដាប់ ហើយ​ការវិនិយោគ​របស់​រាជរដ្ឋាភិបាលក្នុងផ្នែក​បម្រែបម្រួល​អាកាស​ធាតុ ​បានកើនឡើង​ជាង ​៣ ដង នៅក្នុង​រយៈ​ពេល៨ឆ្នាំ​ចុងក្រោយនេះ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា ឆ្លើយតបនឹងនិន្នាការឈានឡើងយ៉ាងឆាប់រហ័សនៃសង្គមកម្ពុជា ក្រសួងបរិស្ថានបានខិតខំ​លើក​កម្ពស់​​ប្រសិទ្ធភាព​ការងាររបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើប និងកែលម្អនូវក្របខណ្ឌ​ច្បាប់​និង​គោល​នយោបាយជាបន្តបន្ទាប់ ដើម្បី​ពង្រឹង​ភាព​ជាដៃគូ​កាន់តែប្រសើរជាមួយអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស​វិស័យ​ឯកជន ក្នុងការលើក​កម្ពស់​អនុលោមភាព​ទៅតាមច្បាប់ និងលិខិតបទដ្ឋាននានានៅកម្ពុជា សំដៅរួមគ្នាការពារបរិស្ថាន ព្រមទាំង​គាំទ្រ​ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការរស់នៅរបស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ចីរភាព។

«ក្នុងន័យនេះ ក្រសួងបាននិងកំពុងកសាង ព្រមទាំងពង្រឹងការអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដូចជា​ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន សំណល់បរិក្ខារអគ្គិសនីនិង​អេឡិចត្រូនិក និង​ថង់ប្លាស្ទិក ជាដើម​។ ក្រសួងក៏​កំពុង​យកចិត្តទុកដាក់ខ្ពស់ក្នុងការ​ជំរុញ​ចលនា​ប្រឡងប្រណំាងទីក្រុង​ឈានមុខ គម្រោង ​បៃតង ការគ្រប់សំរាម​សំណល់​រឹង-រាវ ការរៀបចំអាងប្រព្រឹត្តកម្ម ការគ្រប់គ្រងការបំពុលខ្យល់ ការរៀបចំ​សួនច្បារ​បៃតង ការសន្សំសំចៃថាមពល​និង​ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ​បៃតង ព្រមទាំងការគិតគូរផ្សេងៗទៀត ដែល​បង្ក​លក្ខណៈ​ឱ្យមាន​បរិស្ថាន​នៃការរស់នៅ និង​ការអភិវឌ្ឍដោយចីរភាព»។ នេះគឺជាការថ្លែងរបស់ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា មុននឹងគូសបញ្ជាក់ថា៖«ការចូលរួមរបស់ប្រជាពលរដ្ឋគឺជាភាពចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅរួមមួយ ពោលគឺការក្តាប់មកវិញនូវមោទនភាពជាតិ និងការកសាងជាតិទំនើបមួយ​ដ៏រស់រវើក គុណភាពនិងនិរន្តរភាព​​​បរិស្ថាន និង​កេរ្តិ៍ដំណែល​​ធនធាន​ធម្មជាតិ​​របស់​​​កម្ពុជា ត្រូវ​បាន​ការពារ​ និង​អភិរក្ស​សម្រាប់​ជា​ប្រយោជន៍ដល់​​​ប្រជាជន​កម្ពុជា​គ្រប់រូប»

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់