នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី«ការបង្កើតរបៀងអភិរក្សជីវៈចម្រុះសម្រាប់ប្រព័ន្ធតំបន់ការពារធម្មជាតិ» ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន គណៈអភិបាលខេត្ត មន្ទីរបរិស្ថាន នាយកតំបន់ការពារធម្មជាតិ មន្ត្រីជំនាញ គ្រឹះស្ថានឧត្តមសិក្សា អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សហគមន៍ និងវិស័យឯកជន សរុបចំនួន ២១៦នាក់។
សិក្ខាសាលាថ្ងៃនេះត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន ក្នុងគោលបំណងពិនិត្យ ពិភាក្សា ប្រមូលផ្តុំមតិយោបល់ និងសម្រេចលើសំណើបង្កើតរបៀងអភិរក្សជីវៈចម្រុះ ដើម្បីធានាសុវត្ថិភាពប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ការពារធម្មជាតិ តាមរយៈការតភ្ជាប់តំបន់ការពារទាំងអស់ជាលក្ខណៈរបៀងអភិរក្សជីវៈចម្រុះ ស្របតាមមុខងារ និងសេវាកម្មនៃប្រព័ន្ធអេកូឡូស៊ី សំដៅឆ្លើយតបនឹងកំណែទម្រង់លើវិស័យបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើភាពចាំបាច់ និងសារៈប្រយោជន៍នៃការរៀបចំក្រមបរិស្ថាន ការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងតំបន់ការពារនិងអភិរក្សធម្មជាតិ និងការបង្កើតរបៀងអភិរក្សជីវៈចម្រុះ ដោយតភ្ជាប់តំបន់ការពារធម្មជាតិទាំង៤៥តំបន់ ឱ្យទៅជាតំបន់របៀងអភិរក្សចំនួន៥ ដែលរួមមាន៖ ១. របៀងអភិរក្សជីវៈចម្រុះខាងត្បូងបឹងទន្លេសាប ២. របៀងអភិរក្សជីវៈចម្រុះខាងជើងបឹងទន្លេសាប ៣. របៀងអភិរក្សជីវៈចម្រុះខាងកើតទន្លេមេគង្គ ៤. តំបន់ឧទ្យានសមុទ្រនិងកោះ និង ៥. តំបន់បឹងទន្លេសាបនិងទន្លេមេគង្គ។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឱ្យអង្គសិក្ខាសាលាទាំងមូលពិនិត្យផ្តល់យោបល់ ដើម្បីឱ្យសំណើបង្កើតរបៀងខាងលើទទួលបានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសការចូលរួមពីសហគមន៍មូលដ្ឋាន ដែលឆ្លុះឱ្យឃើញនូវការអនុវត្តប្រជាធិបតេយ្យតាមបែបវិមជ្ឈការនៅថ្នាក់ក្រោមជាតិ។ ព្រឹត្តិការណ៍ថ្ងៃនេះឆ្លុះឱ្យឃើញនូវការរៀបចំឡើងវិញនូវរបៀបរបបដឹកនាំ និងការគ្រប់គ្រងលើវិស័យបរិស្ថាន និងធនធានធម្មជាតិ និងជាការដាស់តឿន កែប្រែផ្នត់ គំនិត និង ឥរិយាបថពាក់ព័ន្ធ នឹង ការគ្រប់គ្រង របស់ ស្ថាប័នមានសមត្ថកិច្ច និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន៕

photo_2016-11-08_12-09-32 photo_2016-11-08_12-09-31 photo_2016-11-08_12-09-29 photo_2016-11-08_12-09-29-2 photo_2016-11-08_12-09-27 photo_2016-11-08_12-09-26

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់