នៅថ្ងៃចន្ទ ៥កើតខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ លោក ស៊ី រ៉ាមុនី តំណាងឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការសកម្មភាពស្តីពី«ការពង្រីកការចូលរួម និងបង្កើនផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន» នៅខេត្តសៀមរាប។

លោក ស៊ី រ៉ាមុនី បានបញ្ជាក់ថា៖ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានតម្រង់ទិសក្រសួងបរិស្ថាន រៀបចំផែនការយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ(NPASMP)ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ការពារធម្មជាតិនីមួយៗ រួមមាន៖ទី(១)កំណត់ អាទិភាព និងពង្រឹងការពារ និងអភិរក្សធនធានធម្មជាតិ ទី(២)លើកកម្ពស់ការគ្រប់គ្រងតំបន់ការពារ ធម្មជាតិដោយចីរភាព(៣)លើកកម្ពស់ការចូលរួម និងបង្កើនផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន និងទី(៤)ពង្រឹងសមត្ថភាពស្ថាប័ន និងកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធ។ លោកអគ្គនាយករងក្រសួងបរិស្ថានបានបន្ថែមថា គោលដៅចំបងនៃការរៀបចំផែនការសកម្មភាពនៃ(SO3) នេះគឺដើម្បីកំណត់ និងផ្តល់ឱកាស ដល់អ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងៗចូលរួមរៀបចំផែនការ និងអនុវត្តសកម្មភាព ក្នុងន័យចូលរួមទទួលខុសត្រូវទៅតាមតួនាទី និងភារកិច្ចរបស់ស្ថាប័ននីមួយៗ។ ហើយផែនការសកម្មភាពនៃ(SO3) នឹងត្រូវកំណត់អំពីសកម្មភាព និងសកម្មភាពស្នូលសម្រាប់អនុគោលបំណងនៃ(SO3) ដែលជាផ្នែកមួយនៃការធ្វើប្រតិភូកម្មតួនាទី និងការទទួលខុស ត្រូវពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះដែរលោក ស៊ី រ៉ាមុនី បានបន្តទៀតថា៖ដើម្បីសម្រេចបាននូវគោលបំណងជាយុទ្ឋសាស្រ្តទី៣(SO3) គឺ “ការពង្រីកការ ចូលរួម និងបង្កើនផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន” និងការរៀបចំបង្កើតផែនការសកម្មភាពនេះ ត្រូវមានការចូលរួមរបស់របស់អ្នកពាក់ព័ន្ធ នៅក្នុងដំណើរការរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ។ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន នឹងរៀបចំផ្តល់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ/សង្កាត់ មន្រ្តីតំបន់ការពារធម្មជាតិ និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបំពេញកិច្ចការខាងលើនេះ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នឹងត្រូវទទួលការបណ្តុះបណ្តាលជំនាញ(គ្រូបង្គោល) ស្តីពីវិធីសាស្រ្ត ការបញ្ជ្របយេនឌ័រ ដើម្បីទាក់ទាញការចូលរួមពីអ្នកពាក់ព័ន្ធនៅមូលដ្ឋាន ហើយបញ្ហាយេនឌ័រ គឺមានសារៈសំខាន់ក្នុងចូលរួមអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាឱកាស លើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដោយផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថាសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការសកម្មភាពស្តីពី«ការពង្រីកការចូលរួម និងបង្កើនផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន» រៀបចំដោយនាយកដ្ឋានសហគមន៍មូលដ្ឋាន សហការជាមួយគម្រោងរបៀងអភិរក្សជីវៈចម្រុះមហាអនុ តំបន់មេគង្គ(BCCP) រយៈពេល ២ថ្ងៃចាប់តាំងពី ថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួម ពីតំណាងគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងតំណាងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ជាច្រើននាក់។

ព័ត៌មានបន្ថែម

ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
ថ្ងៃ អាទិត្យ, 26 មករា, 2020 ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
កិច្ចប្រជុំស្តីពី «បច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព»
ថ្ងៃ ព្រហស្បតិ៍, 23 មករា, 2020 កិច្ចប្រជុំស្តីពី «បច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព»
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាស្រែអ៊ី និងការ ប្រកាសដាក់ឱ្យដំណើរការគម្រោងអេកូទេសចរណ៍ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី
ថ្ងៃ ពុធ, 22 មករា, 2020 ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាស្រែអ៊ី និងការ ប្រកាសដាក់ឱ្យដំណើរការគម្រោងអេកូទេសចរណ៍ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី