កំពត៖ នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាស​ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នៅខេត្តកំពត ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង»​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍​ ជំរុញឲ្យមានការសិក្សាធនធានបាតសមុទ្រ ដើម្បីស្វែងយល់សក្កានុពលរបស់ជាតិ និងអភិរក្សធនធានបាតសមុទ្ររបស់កម្ពុជា។​

ស្របពេលជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឱវាទឱ្យក្រសួងបរិស្ថាននិងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ត្រូវរួមគ្នាដើម្បីពិនិត្យមើលធនធានបាតសមុទ្ររបស់កម្ពុជានៅខេត្តកំពត ខណៈដែល ខេត្តកំពតបានប្រែក្លាយ ពីខេត្តដែលអន់ជាងគេកាលពីពេលមុន ហើយបានវិវត្តន៍ខ្លួនទៅជាខេត្តដ៏មានសក្តានុពលនាពេលបច្ចុប្បន្ននិងអនាគត ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡេីងបន្ថែមទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសមានសក្តានុពលច្រើន ដោយសារមានធនធានធម្មជាតិសម្បូរបែប និងអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ សម្តេចតេជោ​នាយករដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់ដែរថា ប្រទេសកម្ពុជាក្រៅពីមានអង្គរវត្ត គឺនៅមានសក្តានុពលផ្នែកទេសចរណ៍ជាច្រើន ដូចជាសមុទ្រ និងទន្លេ ដែលមានទេសភាពល្អស្អាត ដែលរាជរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ ដើម្បីនាំមកនូវវិបុលភាពជូនជាតិ សម្រាប់ជាជ្រុងមួយនៃសេវាកំណើនប្រាក់ចំណូល។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវបញ្ជាដាច់ណាត់ថា យើងត្រូវរក្សាឱ្យបាននូវសមុទ្រស្អាត សមុទ្របៃតង ហើយត្រូវយកចិត្តទុកដាក់ការពារតំបន់ឆ្នេរ រក្សាសិទ្ធជាឆ្នេរស្អាតបំផុតលើសកលលោក ជាពិសេសគឺហាមដាច់ខាតមានការចាក់ដីយកឆ្នេរសមុទ្រដាច់ខាត។ សម្តេច បានបញ្ជាបន្ទាន់ឱ្យ ឯកឧត្តម ជា សុផារ៉ា និងអភិបាលខេត្តកោះកុង ត្រូវយកចិត្តទុកដាក់ករណីចាក់ដីយកឆ្នេរសមុទ្រ ដោយសម្តេចតេជោ ទទួលបានព័ត៌មានថា មានមន្ត្រីយោធាដែលមានបុណ្យស័ក្ក កំពុងល្មើសច្បាប់ចាក់ដីលុបឆ្នេរ ដើម្បីយកដីធ្វើកម្មសិទ្ធិ។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បង្ហើបយ៉ាងដូច្នេះថា « អ្នកដែលពាក់ព័ន្ធរឿងចាក់ដីចូលសមុទ្រនៅខេត្តកោះកុង គឺជាមន្ដ្រីយោធា បើសិនដូច្នោះមិនប្រហែលសម្ដេចមិនទុកឲ្យមានឈ្មោះជាយោធាទៀតនោះឡើយ»។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ភារកិច្ចទទួលខុសត្រូវតំបន់ឆ្នេរ ជាភារកិច្ចរបស់គណៈអភិបាលខេត្តនីមួយៗ ដែលត្រូវមើលឲ្យដិតដល់ ហើយក្រៅពីទប់ស្កាត់ការចាក់ដីលុបឆ្នេរយកដី សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រប់ភាគីពាក់ពន្ធ័ត្រូវធានាថា ឆ្នេរសមុទ្រកម្ពុជា នឹងមិនត្រូវបានបំផ្លាញដោយទឹកស្អុយ ឬ ការកាប់ព្រៃកោងកាង ដើម្បីទន្ទ្រានយកដីនោះទេ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខេត្តអាចប្រារព្ធពិធីបុណ្យសមុទ្របាន គឺជាដោយសារសន្តិភាព ដែលកម្ពុជាទទួលបានដោយលំបាក ប៉ុន្តែសន្តិភាពបាននាំមកនូវសេចក្តីសុខចម្រើន។

សូមបញ្ជាក់ថា​ ដេីម្បីចូលរួមអបអរសារទរពិធីបុណ្យសមុទ្រលើកទី៨​ ឆ្នាំ២០១៩​ ចាប់ពីថ្ងៃ​ទី​២០-២២​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅខេត្ត​ កំពត​ ក្រសួងបរិស្ថានបានចូលរួមដាក់តាំងបង្ហាញឯកសារ សមិទ្ធផល​ និងសកម្មភាពអភិវឌ្ឍន៍លើវិស័យបរិស្ថាន ឧបករណ៍បរិស្ថានផ្សេងៗ និងការសម្តែងសិល្បះរបាំទាក់ទងនឹងសក្តានុពលធនធានធម្មជាតិសមុទ្រកម្ពុជា ដែលបង្កប់ដោយសារអប់រំ និងជម្រុញដល់ប្រជាពលរដ្ឋ និងមហាជនទាំងអស់ចូលរួមការថែរក្សា គ្រប់គ្រងធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព។

ព័ត៌មានបន្ថែម

ឯកឧត្តម វ៉ាន់ មុនីនាថ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ក្រុមការងារបច្ចេកទេស ទីក្រុងនិរន្តរភាព
ថ្ងៃ ព្រហស្បតិ៍, 6 សីហា, 2020 ឯកឧត្តម វ៉ាន់ មុនីនាថ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ក្រុមការងារបច្ចេកទេស ទីក្រុងនិរន្តរភាព
ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិជាការងាររួមដើម្បីនិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ
ថ្ងៃ អង្គារ, 4 សីហា, 2020 ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិជាការងាររួមដើម្បីនិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ
សារលិខិតជូនពរចំពោះសម្ដេចអគ្គមាហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ
ថ្ងៃ អង្គារ, 4 សីហា, 2020 សារលិខិតជូនពរចំពោះសម្ដេចអគ្គមាហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ