សហគមន៍តំបន់ការពារធម្មជាតិចំនួន១២សហគមន៍ នៅដែនជម្រកសត្វព្រៃ ស្រែពក, ភ្នំព្រេច និងកែវសីមា ភូមិសាស្រ្តខេត្តមណ្ឌលគិរី បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រងសហគមន៍ និងអភិរក្សធនធានធម្មជាតិ។ ពិធីចុះកិច្ចព្រមព្រៀងនេះ ប្រព្រឹត្តិទៅក្រោមអធិបតី លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពី រដ្ឋបាលខេត្ត អាជ្ញាធរដែនដី អង្គការជាដៃគូរពាក់ពទ្ធ័ ប្រធានបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ខាងកើតទន្លេមេគង្គ និងប្រជាសហគមន៍ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអញ្ជ័រ ឃុំសុខសាន្ត ស្រុកកោះញែក នៃដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។

សហគមន៍តំបន់ការពារធម្មជាតិទាំង១២ ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន មាន៖
១. សហគមន៍តំបន់ការពារធម្មជាតិ «ទូលុង»
២. សហគមន៍តំបន់ការពារធម្មជាតិ«ត្រពាំងក្អើម»
៣. សហគមន៍តំបន់ការពារធម្មជាតិ «ពូជ្រៃ »
៤. សហគមន៍តំបន់ការពារធម្មជាតិ «ក្រង់រពុក»
៥. សហគមន៍តំបន់ការពារធម្មជាតិ«យ៉ូកណាមរ៉ាម»
៦. សហគមន៍តំបន់ការពារធម្មជាតិ «អបួនលើ»
៧. សហគមន៍តំបន់ការពារធម្មជាតិ «អូរង្លាវ»
៨.សហគមន៍តំបន់ការពារធម្មជាតិ «ម៉ាលើលកងប្រស់»
៩. សហគមន៍តំបន់ការពារធម្មជាតិ «ភ្នំក្តុក»
១០.សហគមន៍តំបន់ការពារធម្មជាតិ «ភ្នំរហាវ»
១១.សហគមន៍តំបន់ការពារធម្មជាតិ «ឡៅរមៀត»
១២.សហគមន៍តំបន់ការពារធម្មជាតិ «ស្រែព្រះ»
នៅក្នុងពិធីចុះកិច្ចព្រមព្រៀងដែលរៀបចំឡើងនៅភូមិអញ្ជ័រ ឃុំសុខសាន្ត ស្រុកកោះញែក នៃដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានកោតសរសើដល់ការចូលរួមរបស់សហគមន៍តំបន់ការពារធម្មជាតិទាំង១២ ក្នុងការងារអភិរក្សធនធានធម្មជាតិ និងលើកម្ពស់ជីវភាពសហគមន៍។ លោកជំទាវ រដ្ឋលេខាធិការ ក៍បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី និងអង្គការដៃគូនានា ដែលបានគាំទ្រ និងសម្របសម្រួល ដើម្បីឱ្យសហគមន៍តំបន់ការពារធម្មជាតិទាំង១២ បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន។ លោកជំទាវបន្តថា កិច្ចព្រមព្រៀងនេះគឺជាវិភាគទានមួយយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអនុវត្ដគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដែលមានគោលដៅពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការចូលរួមពីសហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិចរស់នៅក្នុងឬក្បែរតំបន់ការពារធម្មជាតិ។ឯកឧត្តមឈឹម កាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានសម្តែងសេចក្តីរីករាយ ដោយសហគមន៍តំបន់ការពារធម្មជាតិចំនួន១២ បានទទួលការចុះកិច្ចព្រព្រៀងជាមួយក្រសួងបរិស្ថាន ទទួលសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព នៅក្នុងតំបន់ដែនជម្រកសត្វព្រៃទាំង៣ខាងលើ។ ឯកឧត្តម អភិបាលរងខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តមណ្ឌលគិរីបាននិងកំពុងចូលរួមចំណែក និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើការចូលរួមរបស់សហគមន៍មូលដ្ឋានដើម្បីគ្រប់គ្រងព្រៃឈើ និងធនធានធម្មជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៍បានស្នើឱ្យអាជ្ញាធរឃុំ ស្រុក និងមន្ទីរពាក់ព័ន្ធជំវិញខេត្ត បន្តគាំទ្រ ផ្តល់សេវាដល់សហគមន៍ដែលត្រូវការ ដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់ធនធានធម្មជាតិ និងផ្តល់ភាពជាម្ចាស់ដល់សហគមន៍។

ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន តំណាងក្រសួងបរិស្ថាន ជាអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហគមន៍តំបន់ការពារធម្មជាតិទាំង១២ ដែលសុពលភាពនៃកិច្ចព្រមព្រៀងនេះមានរយៈពេល១៥ឆ្នាំ។ គោលដៅចំបងនៃកិច្ចព្រមព្រៀងនេះ គឺផ្តល់សិទ្ធិដល់សហគមន៍ក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិដើម្បីលើកកម្ពស់ជីវភាពសហគមន៍ដោយនិរន្តរភាព ស្របតាមផែនការគ្រប់គ្រងសហគមន៍។ យោងតាមច្បាប់ស្តីពី«តំបន់ការពារធម្មជាតិ» គឺព្រៃសហគមន៍តំបន់ការពារធម្មជាតិ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលបានទទួលស្គាល់សិទ្ធិ និងតួនាទីចូលរួមគ្រប់គ្រងធនធានធម្មជាតិរបស់សហគមន៍មូលដ្ឋាន។

នៅក្នុងឱកាសនោះដែរ ក៍មានពិធីចុះកិច្ចព្រមព្រៀងហិរញ្ញបទានរវាងអង្គការ WWF កម្ពុជា ជាមួយសហគមន៍តំបន់ការពារធម្មជាតិចំនួន១១ ដែលមានផែនការគ្រប់គ្រប់ និងអភិវឌ្ឍន៍សហគមន៍សមស្រប ដើម្បីទទួលបានថវិកាចំនួនជាមធ្យម ១២០០០ដុល្លាសហរដ្ឋអាមេរិក។ គម្រោងដែលមានឈ្មោះ «ហិរញ្ញបទានភាគីទីបី» បាននិងកំពុងធ្វើការជាមួយសហគមន៍ចំនួន១៥ សហគមន៍ មានរយៈពេល៥ឆ្នាំ (២០១៧ ដល់២០២១) ដោយសហគមន៍នីមួយៗអាចលើកសំណើអភិវឌ្ឍន៍សហគមន៍ក្នុងរយៈពេលមួយឆ្នាំម្តង ហើយសំណើនោះមានគោលដៅលើកកំពស់ជីវភាព ការអភិវឌ្ឍសហគមន៍ ក្នុងន័យកាត់បន្ថយដល់ការដាក់សម្ពាធលើការប្រើប្រាស់ធនធានធម្មជាតិ។
សូមបញ្ជាក់ថា មកដល់ឆ្នាំ២០១៩ នេះ សហគមន៍តំបន់ការពារធម្មជាតិចំនួន១៦៨ ត្រូវបានរៀបចំ និងចុះបញ្ជីនៅក្រសួងបរិស្ថាន ចូលរួមគ្រប់គ្រងលើដីព្រៃសហគមន៍ចំនួន២៨៥,៦០៩ហិកតា ដែលស្មើនឹង ៤ភាគរយ នៃផ្ទៃដីតំបន់ការពារធម្មជាតិនៅកម្ពុជា (៧.២លានហិកតា)

 

ព័ត៌មានបន្ថែម

ឯកឧត្តម វ៉ាន់ មុនីនាថ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ក្រុមការងារបច្ចេកទេស ទីក្រុងនិរន្តរភាព
ថ្ងៃ ព្រហស្បតិ៍, 6 សីហា, 2020 ឯកឧត្តម វ៉ាន់ មុនីនាថ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ក្រុមការងារបច្ចេកទេស ទីក្រុងនិរន្តរភាព
ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិជាការងាររួមដើម្បីនិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ
ថ្ងៃ អង្គារ, 4 សីហា, 2020 ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិជាការងាររួមដើម្បីនិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ
សារលិខិតជូនពរចំពោះសម្ដេចអគ្គមាហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ
ថ្ងៃ អង្គារ, 4 សីហា, 2020 សារលិខិតជូនពរចំពោះសម្ដេចអគ្គមាហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឈានចូល៧០ឆ្នាំ