សិក្ខាសាលាឆ្លុះបញ្ចាំង និងចែករំលែកចំណេះដឹងស្តីពី «ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ»
ថ្ងៃ ព្រហស្បតិ៍, 19 ធ្នូ, 2019នៅថ្ងៃពុធ-ព្រហស្បតិ៍ ៧-៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្ដមណ្ឌលគិរី គម្រោង «ការកាត់បន្ថយភាពងាយរងគ្រោះនៃជីវភាពរបស់ប្រជាជនកម្ពុជានៅជនបទតាមរយៈការពង្រឹងការធ្វើផែនការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ និងការអនុវត្ដសកម្មភាពអាទិភាព(SRL)» ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និង UNDP បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង និងចែករំលែកចំណេះដឹងស្តីពី «ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ»។ សិក្ខាសាលានេះមានគោលបំណង ១) ធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពគម្រោង ២) ឆ្លុះបញ្ចាំងលទ្ធផលនៃការអនុវត្ដ ឆ្នាំ២០១៩ និង៣) ចែករំលែកចំណេះដឹង និងមេរៀនបទពិសោធន៍ដល់សិក្ខាកាម។ សិក្ខាសាលានេះមានអ្នកចូលរួមប្រមាណ១០០នាក់ មកពីស្ថាប័នពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាឃុំ/សង្កាត់ និងតំណាងក្រុមកសិករមកពីតាមតំបន់គោលដៅនៃខេត្ដសៀមរាប និងខេត្ដកំពង់ធំ។ ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចែករំលែកនូវខ្លឹមសារសំខាន់ៗដែលឯកឧត្ដមប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងនៅក្នុងCOP25 ពិសេសគឺការទាមទារឱ្យបណ្តាប្រទេសអភិវឌ្ឍន៍បន្តនិងបង្កើនផ្តល់មូលនិធិដល់ប្រទេសក្រីក្រនិងងាយរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ និងសារៈសំខាន់នៃសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍ ដែលនាំឱ្យប្រទេសកម្ពុជាមានឱកាសគិតគូរដល់ការងារប្រែប្រួលអាកាសធាតុ និងបរិស្ថាន។ ឯកឧត្ដមក៏បានផ្តល់នូវទស្សនទានសំខាន់ៗមួយចំនួនរួមមាន៖ ការគិតគូរពីការកសាងស្ថាប័នក្រោយពីគម្រោងបញ្ចប់ដើម្បីធានានិរន្តរភាពការងារ ការបង្កើតជម្រើសនានាសម្រាប់បង្កើនប្រភពចំណូលក្រៅពីវិស័យកសិកម្ម ការកសាងសមត្ថភាព បច្ចេកវិទ្យាតាមរយៈ ការជ្រើសរើសពូជសមស្រប ការបង្កើនផលិតភាព ការពង្រឹងសមត្ថភាពសហគមន៍ ការទទួលបានព័ត៌មានឧតុនិយម សមត្ថភាពធ្វើផែនការ និងការបង្កើនតួនាទីអាជ្ញាធរមូលដ្ឋាន ឱ្យកាន់តែប្រសើរដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។