ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងនៅចំពោះមុខសិស្សសាលានាយទាហានសកម្ម (ត្មាតពង) នៅក្នុងឱកាសធ្វើបាឋកថាជូននិស្សិតនាយទាហានសកម្មចំនួនជាង ៥០០នាក់ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នេះថា ដោយសារតែកត្តាសុខសន្តិភាពពេញលេញ និងមានស្ថិរភាពនយោបាយ ការអភិវឌ្ឍ បានអនុញ្ញាតឱ្យកម្ពុជាមានឱកាសគ្រប់គ្រាន់គិតគូរលើការកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពដើម្បីកសាងសង្គមកម្ពុជាមួយប្រកប ដោយបរិស្ថានល្អស្អាត និងមានផាសុកភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថានត្រូវបានធានា។ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា៖«យើងខ្ញុំមិនអាចធ្វើអ្វីបាននោះទេ ប្រសិនបើមិនមានសុខសន្តិភាព ហើយកងយោធពលខេមរភូមិន្ទ បានដើរតួនាទីសំខាន់ក្នុងថែរក្សាសុខសន្តិភាព ការពារអាយុជីវិតជាតិ អាយុជីវិតប្រជាជនដែលចាំបាច់បងប្អូនត្រូវតែមានភាពរឹងមាំជានិច្ច»។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ដោយសារមាគ៌ានយោបាយដ៏ត្រឹមត្រូវទាំងនេះហើយ ទើបកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោក ដោយរក្សាបាននូវកំណើនខ្ពស់ ជាមធ្យមក្នុងរង្វង់ ៧,៧% ក្នុងរយៈពេលជាងពីរទសវត្សចុងក្រោយនេះ ហើយបានប្រែក្លាយពីប្រទេសដែលមានចំណូលទាប មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងកំពុងធ្វើដំណើរយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ (High Income Country) នៅឆ្នាំ២០៥០ ពោលគឺកម្ពុជាមិនត្រឹមតែមានចំណូលខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប្រជាពលរដ្ឋពោរពេញទៅដោយចំណេះ​ដឹង វប្បធម៌ របៀបរបបរស់នៅនិងការគិតគូរជឿនលឿន ទីក្រុងមានសោភណ្ឌភាព ប្រកបដោយផាសុកភាព និងភាពបៃតង ហើយសង្គមមានសុខដុមរមនាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ប្រការគួរឱ្យកត់សម្គាល់មួយគឺ កំណើនសេដ្ឋកិច្ចដ៏រឹងមាំនេះ មិន​ត្រឹម​តែ​បានលើកកម្ពស់ជីវភាពរស់នៅ កាត់​បន្ថយ​​ភាពក្រីក្រ និងបង្កើនការងារ​សម្រាប់​ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ធ្វើឱ្យមាន​ការផ្លាស់ប្តូរការគិតគូរ និង​ឥរិយាបថរបស់ប្រជាជន ចំពោះរៀបរបបរស់នៅ និងបញ្ហាបរិស្ថាន បានយ៉ាងច្រើន​ផងដែរ។ ពួកគាត់​​ចាប់ផ្តើម​យកចិត្តទុក​ដាក់​និងខ្វល់ខ្វាយអំពីបរិស្ថាន និងចង់បានការដោះស្រាយសមស្រប​ណាមួយ។ នេះ​គឺជាកាលានុវត្តភាព​សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការជំរុញកិច្ចគាំពារបរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ ក៏ដូចជា​ការអភិវឌ្ឍ​និងការរស់នៅដោយចីរភាពនៅកម្ពុជា។

ឯកឧត្តម សាយ សំអាល់ បានជម្រាបជូននិស្សិតនាយទាហានសកម្មទាំងអស់អំពីសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានសម្រេចបានក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងនិងការពារធនធានធម្មជាតិ ការអភិរក្ស និងការរស់នៅដោយចីរភាព។ ឯកឧត្តមបានថ្លែងថាដើម្បីឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ និងក៏ដូចជាឆ្លើយតបនឹងតម្រូវការនៃទំនាក់ទំនងអន្តរជាតិ ក្រសួងបរិស្ថានបានធ្វើកំណែទម្រង់ស៊ីជម្រៅស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយបានធ្វើទំនើបកម្មស្ថា ប័ន និងកសាងជារដ្ឋបាលទំនើបមួយ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ភាពជោគជ័យរបស់ក្រសួងក្នុងការធ្វើកំណែទម្រង់ ដោយសារតែកត្តាសុខសន្តិភាព និងការអភិវឌ្ឍ និងការខិតខំប្រឹងប្រែងលះបង់កម្លាំងកាយ កម្លាំងចិត្តនិងប្រាជ្ញារបស់ថ្នាក់ដឹកនាំ​មន្ត្រីរាជការនៃក្រសួងបរិស្ថាន និងក្រោមការគាំទ្រនិងផ្តល់មតិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,២លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូតាន។ រហូតមកទល់នឹងឆ្នាំ ២០១៩ នេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ ១៦៨ សហគមន៍។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅធ្វើយ៉ាងណាឱ្យឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើដែលជាទម្លាប់មានពីយូរលង់ណាស់មក ហើយរបស់ប្រជាបលរដ្ឋនៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់សាជាថ្មីពីការតាំងចិត្តរបស់ក្រសួងបរិស្ថានចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីកម្ពុជានៅត្រឹមឆ្នាំ ២០២៥ និងលុបបំបាត់ឱ្យអស់នូវជំងឺឆ្លងផ្សេងទៀតឱ្យអស់ពីតំបន់ការពារធម្មជាតិដោយសហការជាមួយក្រសួងសុខាភិបាលចែកមុងជ្រលក់ ថ្នាំការពារជំងឺគ្រុនចាញ់ ផ្តល់ថ្នាំការពារផ្សេងៗទៀត ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយពីការការ ពារខ្លួនពីជំងឺ ក៏ដូចជាការសម្អាតអនាម័យបរិស្ថានជាដើមដើម្បីផាសុកភាពសម្រាប់ការរស់នៅ។

គួរបញ្ជាក់ថាសាលានាយទាហានសកម្មគឺជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយក្នុងចំណោមមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងទ័ពជាច្រើនរបស់កងយោធពលខេមរភូមិន្ទ។​ សាលាមានបេសកកម្មបណ្តុះបណ្តាលនាយ ទាហានវ័យក្មេងដែលអនាគតពួកគេនឹងក្លាយជានាយកងអនុសេនាតូច ឬជាមេបញ្ជា្កការកងអនុសេនាធំទ័ពថ្មើជើងក្នុងកងយោធពលខេមរភូមិន្ទនាពេលខាងមុខ។ យោងតាមលោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម ចាប់តាំងពីឆ្នាំ ១៩៩៥ រហូតដល់ឆ្នាំ ២០១៩ សាលានាយទាហានសកម្មបានបណ្តុះបណ្តាលនាយទាហានសកម្មបានចំនួន ១៩ វគ្គមានចំនួនសិស្សសរុបចំនួន ១៥៧៤នាក់ (នារីចំនួន ១០២​នាក់) ដែលបានចេញទៅបម្រើការនៅតាមបណ្តាកងឯកភាពនានាទូទាំងកងយោធពលខេមរភូមិន្ទ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកទឹកចិត្តនិងជំរុញឱ្យនិស្សិតនាយទាហានសកម្មខិតខំប្រឹងប្រែងរៀនសូត្រក្រេបចំណេះដឹងដើម្បីបង្កើនវិជ្ជាជីវៈ បម្រើជាតិ និងសម្រាប់អនាគតរបស់ខ្លួន។

ព័ត៌មានបន្ថែម

ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
ថ្ងៃ អាទិត្យ, 26 មករា, 2020 ប្រពៃណីវប្បធម៌ នៃធម្មជាតិ កើតមានរហូតដល់សព្វថ្ងៃនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប
កិច្ចប្រជុំស្តីពី «បច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព»
ថ្ងៃ ព្រហស្បតិ៍, 23 មករា, 2020 កិច្ចប្រជុំស្តីពី «បច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព»
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាស្រែអ៊ី និងការ ប្រកាសដាក់ឱ្យដំណើរការគម្រោងអេកូទេសចរណ៍ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី
ថ្ងៃ ពុធ, 22 មករា, 2020 ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាស្រែអ៊ី និងការ ប្រកាសដាក់ឱ្យដំណើរការគម្រោងអេកូទេសចរណ៍ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី