​«ខ្ញុំសូមគោរពចំពោះវិរភាព និងសូមសម្តែងនូវការដឹងគុណដ៏ជ្រៀលជ្រៅបំផុតចំពោះក្រុមការងាររ៉េដបូកជាតិទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានលះ
បង់អស់កម្លាំងកាយ កម្លាំងចិត្តស្មារតី និងកម្លាំងបញ្ញាក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិនានាបានល្អប្រសើរ»។ នេះគឺជាប្រសាសន៍របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៩ នៅចំពោះមុខមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរខេត្ត មន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្សរួមនឹងអង្គការដៃគូនានាក្នុងកម្មវិធីផ្តល់ប័ណ្ណសរសើរដល់ក្រុមការងាររ៉េដបូកជាតិនៅទីស្តីការក្រសួងបរិស្ថាន។

​ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា៖«កត្តាសុខសន្តិភាព កំណើនសេដ្ឋកិច្ចជាប់ៗគ្នាក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ និងការអភិវឌ្ឍន៍ប្រទេសបានអនុញ្ញាតឱ្យកម្ពុជាមានឱកាសពេញលេញក្នុងការគិត គូរខ្ពស់ពីបញ្ហាបរិស្ថាននិងការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ។ អាស្រ័យដោយ សារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិបានល្អប្រសើរ យើងបានលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត។ ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លានដុល្លារអាមេរិកពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney​ និង Shall និងក្រុមហ៊ុន Gucci»។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា ថវិកាទាំងអស់ដែលបានមកពីការលក់ឥណទានកាបូននេះត្រូវបានយកទៅប្រើប្រាស់សម្រាប់ការពារ និងអភិរក្សព្រៃឈើ និងអភិ
វឌ្ឍន៍ជីវភាពសហគមន៍ក្នុងតំបន់ការពារធម្មជាតិទាំង ៣ ដើម្បីធ្វើជាគំរូសម្រាប់ឈានទៅទទួលបានថវិកា «ការទូទាត់ផ្អែកតាមលទ្ធផល» ពីមូលនិធិអាកាសធាតុបៃតងនៃអនុសញ្ញាក្របខណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលគ្រោងនឹងអនុវត្តចាប់ពីឆ្នាំ ២០២០ ហើយដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា​ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះនៅក្នុងតំបន់អាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានឱ្យដឹងផងដែរថា៖ «ជាមួយគ្នានេះ យើងកំពុងតែធ្វើការសិក្សានិងបន្តលក់កាបូននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងបន្ថែមទៀត»។

បើតាមការឱ្យដឹងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន​ ចំពោះការទូទាត់ទីផ្សារកាបូនស្ម័គ្រចិត្ត ផ្អែកតាមលទ្ធផល កម្ពុជានឹងបញ្ចប់ការត្រៀមលក្ខណៈ (REDD+ Readiness) ក្នុងពាក់កណ្តាលឆ្នាំ២០២០ ដើម្បីមានសិទ្ធិដាក់គម្រោងយកថវិកាពីមូលនិធិអាកាសធាតុបៃតង។​ ក្នុងពេលបច្ចុប្បន្ន កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូកបានល្អដទៃទៀត មានដូចជាម៉ាឡេស៊ី វៀតណាម ឥណ្ឌុនេស៊ី ប្រេស៊ីល អេក្វាទ៍រ កូឡំប៊ី ឈីលី ម៉ិកស៊ីកូ កេនយ៉ា ដែលនឹងមានសិទ្ធិដាក់គម្រោងយកថវិកាពីមូលនិធិអាកាសធាតុបៃតង។ ផ្អែកតាមកម្រិតយោងព្រៃឈើ (Forest Referral Level) កម្ពុជាអាចផលិតឥណទានកាបូនលើសពី ១០ លានតោន/ឆ្នាំ សម្រាប់ទទួលបានថវិកាក្នុងក្របខណ្ឌការទូទាត់ផ្អែកតាមលទ្ធផលពីមូលនិធិអាកាសធាតុបៃតង។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់​បានគូសបញ្ជាក់ថា៖ «លទ្ធផលដែលយើងទទួលបាននៅពេលនេះគឺកើតចេញពីការសហការ និងយកចិត្តទុក ដាក់ខ្ពស់ក្នុងការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិដែលយើងបានថែរក្សានិងការពារព្រៃឈើបានល្អប្រសើរ»។

ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ៤១% នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,២លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូតាន។ ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយ​ធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទេសចរណ៍ធម្មជាតិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាសសម្រាប់អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនានា ដោយជាមួយគ្នានោះ ជួយគាំទ្រដល់ការងារអភិរក្សផងដែរ។

រេដបូក​ (REDD+: Reducing Emission from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណង (១) ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និង(២)ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាស​ដែលមុខងារនេះ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានលើកទឹកចិត្តដល់ប្រទេសសម្បូរណ៍ព្រៃឈើ ខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីទទួលបានថវិកាក្នុងទម្រង់ជា ទីផ្សារកាបូនស្ម័គ្រចិត្ត (Voluntary Carbon Market) និងការទូទាត់ផ្អែកតាមលទ្ធផល Result-Based Payment)។

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដីតាមរយៈការលក់ឥណទានកាបូន
ថ្ងៃ អង្គារ, 21 មករា, 2020 រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដីតាមរយៈការលក់ឥណទានកាបូន
មន្ទីរបរិស្ថានខេត្តសៀមរាប
ថ្ងៃ ចន្ទ, 20 មករា, 2020 មន្ទីរបរិស្ថានខេត្តសៀមរាប
លទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស
ថ្ងៃ ចន្ទ, 20 មករា, 2020 លទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស