បន្ទាប់ពីកិច្ចប្រជុំពិនិត្យសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី នីតិវិធីនៃការគ្រប់គ្រង និងប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម នៅក្នុងខេត្តរតនគីរី ប្រតិភូក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយតំណាងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្វែងយល់ពីការការពារ និងអភិរក្សធនធានធម្មជាតិនៅតាមសហគមន៍តំបន់ការពារធម្មជាតិក្នុងខេត្តរតនគីរី។ នៅថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សូ ខនឬទ្ធិគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំប្រតិភូអន្តរក្រសួង ចុះពិនិត្យមើលការអភិរក្សដំរីព្រៃនៃសមាគមអភិរក្សដំរីអៃរាវត្តា នៅក្នុងនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី។
លោកស្រី ខៃ ចិន្តា តំណាងសមាគមអភិរក្សដំរីអៃរាវត្តា បានឱ្យដឹងថាដើម្បីថែរក្សា និងអភិរក្សសត្វដំរីកម្ពុជា និងប្រពៃណីហ្មដំរីតាំងពីបរមបុរាណ ដែលមាននៅសេសសល់ក្នុងខេត្តភាគឦសានប្រទេសកម្ពុជា។ ដើម្បីធ្វើការអភិរក្សពូជដំរីព្រៃ លោកស្រីបានបង្កើត មូលនិធិសមាគមអភិរក្សដំរីអៃរាវត្តា (Airavata Khmer Elephant Foundation) រយៈពេល ៤ ឆ្នាំមកហើយដោយផ្ដល់ឱកាសឲ្យភ្ញៀវទេសចរ បានទស្សនា និងស្នាក់នៅ ទទួលបានភាពស្និទ្ធស្នាលជាមួយសត្វដំរីចិញ្ចឹមក្នុងបរិស្ថាននៃព្រៃធម្មជាតិ។ លោកស្រី ខៃ ចិន្តាបន្តថា កន្លងមក នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៩ មានការរៀបចំដាំកូនឈើចំនួន ២ពាន់ដើម ក្នុងតំបន់ព្រៃសហគមន៍កាទៀង ដើម្បីការពារបរិស្ថាន និងផ្ដល់ជម្រកដល់សត្វព្រៃ ជាពិសេសផ្ដល់ជាចំណីសម្រាប់សត្វដំរី៤ក្បាលចុងក្រោយនៅខេត្តរតនគិរី។ ពិធីដាំកូនឈើនេះ បានទទួលកិត្តិយសអញ្ជើញចូលរួមពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមទាំងថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តម សូ ខនឬទ្ធិគុណ មានកោតសរសើរចំពោះសមាគមដែលបានខិតខំចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសចូលរួមអភិរក្សពូជដំរីព្រៃ ដែលមានចំនួនតិចតួចនៅឡើយក្នុងប្រទេសកម្ពុជា។ ឯកឧត្តម បានលើកទឹកចិត្តឱ្យសមាគមចូលរួមរួមចំណែកអភិរក្សព្រៃឈើ ដែលជាជម្រកសត្វព្រៃក៏ដូចជាធ្វើឲ្យរស់រានឡើងវិញនូវប្រពៃណីចិញ្ចឹមមើលថែសត្វដំរី និងពង្រឹងការថែទាំ និងបន្តពូជដំរីបន្ថែមទៀត។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានគាំទ្រដល់សមាគម ដោយផ្តល់មូលនិធិចំនួន២០០០០ ដុល្លារ ក្នុង១ឆ្នាំ ដើម្បីឲ្យសមាគមយកទៅប្រើប្រាស់ក្នុងគោលបំណងជួយអភិរក្សសត្វដំរី និងការសិក្សាបង្កើនចំនួនដំរីរបស់សមាគមផងដែរ។

នៅក្នុងថ្ងៃដដែលនេះដែរ ប្រតិភូអន្តរក្រសួងបានបន្តទៅទស្សនាស្វែងយល់ពីការគ្រប់គ្រងតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់កាទៀង និងទឹកធ្លាក់កាចាញផងដែរ។ នៅតាមតំបន់ទេសចរណ៍ធម្មជាតិទាំងនេះ មានទេសភាព និងទឹកធ្លាក់យ៉ាងស្អាត មានធនធានធម្មជាតិខៀវស្រងាត់ ដុះតាមអូរ និងតំបន់ទឹកធ្លាក់។ ទឹក ជ្រោះកាទៀង ស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ មានចំងាយប្រមាណ៩គីឡូម៉ែត្រ ពីក្រុងបានលុង ខេត្តរតនគិរី។
ទឹកជ្រោះកាចាញ ស្ថិតនៅក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង និងមានទេសភាពស្អាត នៅចំកណ្តាលព្រៃភ្នំភ្ជាប់ដោយអូរ។ អ្នកទេសចរទាំងអស់ អាចចុះតាមជណ្តើរឈើប្រមាណ៧២ កាំ ទៅក្រោម ឬដើរកំសាន្តលេងតាមស្ពានយោលដែលលាតសន្ធឹងនៅពីមុខចរន្តទឹកធ្លាក់ ។

ក្រៅពីទស្សនាទឹកធ្លាក់ និងលំហែកាយជាមួយធម្មជាតិ រួចហើយ អ្នកទេសចរអាចស្វែងយល់ពីផលិតផលផលិតពីដៃដោយជនជាតិដើមភាគតិចគ្រឹង ដាក់តាំងលក់ ដូចជា ឃ្លោក ស្នា គង ក្រណាត់ប៉ឹង សំពត់តាមបែបប្រពៃណីជនជាតិដើមភាគតិចជាដើម។

លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា ក្រសួងបរិស្ថាន បានកំពុងធ្វើការការពារ និងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិចំនួន៦កន្លែង ដែលមានផ្ទៃដីរួមជាមួយរបៀងអភិរក្សជីវៈចម្រុះឦសាន ចំនួនជាង៧០​ម៉ឺនហិចតា ដែលមានព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះសំបូរបែប ហើយមានប្រជាពលរដ្ឋជនជាតិដើមភាគតិចជាច្រើនអំបូរ រស់នៅមានដូចជាជនជាតិទំពួន ចារ៉ាយ គ្រឹង ព្រៅ កាវែត កាចក់ ព្នង និងលន់។ ក្រសួងបរិស្ថាន បានគាំទ្រដល់សហគមន៍នៅតាមតំបន់ការពារធម្មជាតិ ជាពិសេសការលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការផ្តល់ពូជសត្វ ដំណាំ និងសម្ភារៈ បច្ចេកទេស ការគាំទ្រដល់ការបង្កើតសេវាកម្មទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនចំណូលបន្ថែមសម្រាប់សហគមន៍ និងការការពារ និងអភិរក្សតំបន់បេតិកភណ្ឌ វប្បធម៌ ជំនឿ សាសនារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លោកប្រធានមន្ទីរបរិស្ថានខេត្តរតនគីរី បានបញ្ជាក់បន្ថែមថា ការចូលរួមរបស់សហគមន៍នៅតាមតំបន់ការពារធម្មជាតិ និងចូលរួមចំណែកកាន់តែប្រសើថែមទៀតក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។

ព័ត៌មានបន្ថែម

កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទីរបស់ក្រុមប្រឹក្សាឃុំក្នុងការចូលរួមគ្រប់គ្រងតំបន់ការពារធម្មជាតិ
កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពី ការវាយតម្លៃសេវាកម្មអេកូឡូស៊ី​នៅកម្ពុជា
ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»
ថ្ងៃ ពុធ, 25 វិច្ឆិកា, 2020 ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»