នៅថ្ងៃព្រហស្បតិ៍ ១ រោច ខែមិគសិរ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ប្រតិភូអន្តរក្រសួង រួមមានក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម សូ ខនឬទ្ធិគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម វង់​ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានចុះពិនិត្យមើលការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់ទេសភាពបឹងលំកុដ ដែលលាតសន្ធឹងល្វឹងល្វើយក្នុងទំហំក្រឡាផ្ទៃ ១១០,៩១ ហិកតា នៅភូមិសមុទ្រ (សមុត) ក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរីឆ្ងាយពីក្រុងបានលុងប្រមាណ ៦០ គីឡូម៉ែត្រ។

លោក បូ លីមី ប្រធានគណៈកម្មការសហគមតំបន់ការពារទេសភាពបឹងលំកុដ បានឱ្យដឹងថា សហគមបានរៀបចំហេដ្ឋរចនាសម្ព័ន្ធសម្រាប់ទទួលភ្ញៀវទេសចរ ហើយ ថវិកាទាំងនោះត្រូវបានយកមកប្រើប្រាស់ក្នុងការជួលអ្នកថែទាំអនាម័យ រៀបចំសណ្តាប់ធ្នាប់ ការបារធនធានធម្មជាតិ។

ប្រជាសហគមន៍ សហការការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីឧទ្យានុរក្ស កំពុងរៀបចំហេដ្ឋរចនាសម្ព័ន្ធ និងកាបោះបង្គោលព្រំឱ្យបានច្បាស់លាស់ ព្រមទាំងរៀបចំផែនការការពារ និងអភិរក្សតំបន់បឹងលំកុដនេះដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃដោយខុសច្បាប់នៅក្នុងតំនន់នោះ។

យោងតាមការបញ្ជាក់ពី លោក បូ​ លីមី តំបន់ទេសភាពបឹងលំកុដជាបឹងធម្មជាតិដែលត្រូវបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពីរយូរលង់ណាស់មកហើយ។ បឹងធម្មជាតិនេះមានសណ្ឋានដូចបេះដូងដែលហ៊ុំព័ទ្ធដោយដីទូល និងដើមឈើខ្ពស់ៗជុំវិញដែលគួរឲ្យទាក់ទាញបំផុត ខណៈផ្ទៃទឹកបឹងទាំងមូលថ្លាខៀវស្រងាត់ដែលអាចមើលឃើញត្រីហែលក្នុងទឹក។ នៅជុំវិញបឺង​ មានរុក្ខជាតិខៀវស្រងាត់ និងដើមឈើធំសំបូរដោយពពួកសត្វស្លាប និងល្មូនគួរជាទីគយគន់។

បឹងលំកុដ ក៏មានរឿងដំណាលសម្រាប់ប្រជាជនជនជាតិដើមភាគតិចទំពូន ដែលរស់នៅតំបន់ក្បែរនេះថា មានទំនាក់ទំនងនឹងបុរស និងស្រ្តីប្រឡងណាំងគ្នាជីកបឹងនេះ។

យោងតាមការបញ្ជាក់ ពីលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគីរី បានឱ្យដឹងថារាជរដ្ឋាភិបាលប្រកាសបង្កើតតំបន់ការពារទេសភាពបឹងលំកុដនេះចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ ធ្វើឡើងដើម្បីធានាការថែករក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌។

ថែរក្សាការពារលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបាននិងកំពុងចូលរួមលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណៈជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ក្នុងតំបន់ ក៏ដូចជាថែរក្សាការពារ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងសារៈសំខាន់ផ្នែកវប្បធម៌របស់សហគមន៍មូលដ្ឋានស្របតាមខ្លឹមសារនៃអនុក្រឹត្យរបស់រាជរដ្ឋភិបាល។

ក្រសួងបរិស្ថាន តាមរយៈអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានពង្រឹងពីតួនាទីរបស់សហគមន៍ ដើម្បីចូលរួមការពារ និងអភិរក្សបឹងលំកុដនេះជាប្រយោជន៍សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ជាមួយគ្នានេះ ក្នុងឆ្នាំកន្លងទៅនេះ ក្រសួងបានលើកទឹកចិត្តប្រជាសហគមន៍តំបន់ទេសភាពបឹងលំកុដ ដោយផ្តល់ជាពូជសត្វ និងបច្ចេកទេសសម្រាប់បង្កើនជីវភាពបន្ថែមទៀតផងដែរ។ នៅជំហានបន្ទាប់ក្រសួងបរិស្ថាននឹងជួយសាងសង់​ បន្ទប់​ទឹក​ កន្លែងរោងសម្រាកកម្សាន្ត​ និងកន្លែងចតយានយន្ត​ ថែមទៀតសម្រាប់ទទួលភ្ញៀវទេសចរ​។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ៦០ កន្លែងមានផ្ទៃដីទំហំ៧, ២ លានហិកតា ស្ថិតនៅក្រោមការគ្រប់គ្រង ការពារ និងអភិរក្សរបស់ក្រសួងបរិស្ថាន។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
ថ្ងៃ អង្គារ, 12 តុលា, 2021 ក្រសួងបរិស្ថានបានរៀបចំការប្រឡងជ្រើសរើសនិស្សិត ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថាន សម្រាប់ឆ្នាំ២០២១
កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
ថ្ងៃ អង្គារ, 12 តុលា, 2021 កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)
ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)
ថ្ងៃ ចន្ទ, 11 តុលា, 2021 ចកវ៉កកម្ពុជា ឬចកវ៉កភ្នំក្រវាញ Cambodian Laughingthrush (Garrulax ferrarius)