កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងអាជីវកម្មថ្មសំណង់
ថ្ងៃ ព្រហស្បតិ៍, 12 ធ្នូ, 2019កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងអាជីវកម្មថ្មសំណង់
_________________
ទីស្តីការក្រសួងបរិស្ថាន នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងអាជីវកម្មថ្មសំណង់ លើផ្ទៃដីទំហំ ១៥,៩០ហិកតា ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំស្យា ក្នុងភូមិសាស្រ្តភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត របស់ក្រុមហ៊ុន CHH INVESTMENT CO,. LTD. (ម្ចាស់គម្រោង) ដែលសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា អធីអិម ហ្រ្គីន ខនសាល់ធេនស៊ី ឯ.ក។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអន្តរក្រសួងពាក់ព័ន្ធក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តកំពត មន្ទីរបរិស្ថានខេត្តកំពត អង្គការ DPA នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា សរុបប្រមាណ ៣៦នាក់។
ជារួម អង្គប្រជុំ បានទទួលលទ្ធផល ដូចខាងក្រោម៖
១- អង្គប្រជុំ បានគាំទ្រគម្រោងអាជីវកម្មថ្មសំណង់នេះ ដើម្បីចូលរួមអភិវឌ្ឍវិស័យសំណង់ និងផ្តល់ចំណូលចូលថវិកាជាតិ តាមរយៈការបង់ពន្ធ និងការបង់សួយសារ
២- ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវសរសេរបញ្ចូលនៅពេលបញ្ចប់គម្រោងក្រុមហ៊ុន ត្រូវប្រគល់ដីជូនរដ្ឋ និងធ្វើការស្តារការដ្ឋានឡើងវិញ ដាក់ចូលទៅក្នុងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងនេះ
៣- ម្ចាស់គម្រោង ត្រូវធ្វើការបំផ្ទុះថ្មនៅចន្លោះពីម៉ោង ១២ថ្ងៃត្រង់ និងម៉ោង៦:០០នាទីល្ងាច និងត្រូវជូនដំណឹងមុន ឱ្យប្រជាពលរដ្ឋបានច្បាស់លាស់ជាប្រចាំ
៤- ម្ចាស់គម្រោង ត្រូវស្រោចទឹកទៅក្នុងការដ្ឋាន និងតាមផ្លូវដឹកជញ្ជូនយ៉ាងយោចណាស់ ០៤ដង/ថ្ងៃ ដើម្បីកាត់បន្ថយការហុយធូលី និងត្រូវធ្វើការគ្របតង់រថយន្តពេលដឹកជញ្ជូន
៥- ម្ចាស់គម្រោង ត្រូវជីកស្រះស្តុកសំណល់ចេញពីការដ្ឋានឱ្យបានគ្រប់គ្រាន់ ដើម្បីធានាថ្មសំណល់រាវដែលចេញពីការដ្ឋានមិនហូរចូលទៅក្នុងដីស្រែរបស់ប្រជាពលរដ្ឋ
៦- ម្ចាស់គម្រោង ត្រូវណែនាំអ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍ និងត្រូវធ្វើការត្រួតពិនិត្យសារធាតុញៀនរៀងរាល់ ០៦ខែម្តង
៧- ម្ចាស់គម្រោង ត្រូវចុះបញ្ជី ប.ស.ស ជូនកម្មករឱ្យបានគ្រប់ៗគ្នា និងត្រូវពិនិត្យសុខភាពពួកគាត់រៀងរាល់ ០៦ខែម្តង
៨- ត្រូវរួមចំណែកជួយអភិវឌ្ឍន៍ការងារសង្គមនៅក្នុងសហគមន៍មូលដ្ឋាន
៩- ម្ចាស់គម្រោង ត្រូវកែសម្រួលរបាយការណ៍នេះ ស្របតាមស្មារតីអង្គប្រជុំ៕