កិច្ចប្រជុំពិនិត្យសេចក្តីព្រាងប្រកាសស្តីពី នីតិវិធីនៃការគ្រប់គ្រង ការប្រមូលចំណូល និងការប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម
ថ្ងៃ ព្រហស្បតិ៍, 12 ធ្នូ, 2019កិច្ចប្រជុំពិនិត្យសេចក្តីព្រាងប្រកាសស្តីពី នីតិវិធីនៃការគ្រប់គ្រង ការប្រមូលចំណូល និងការប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម
រតនគិរី ៖ កិច្ចប្រជុំពិនិត្យសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី នីតិវិធីនៃការគ្រប់គ្រង និងប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម បានរៀបចំឡេីងក្រោមអធិបតីភាព ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម វង់ សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តីតាមមន្ទីរ អង្គភាពពាក់ព័ន្ធនានា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅមន្ទីរបរិស្ថានខេត្តរតនគិរី ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីប្រមូលធាតុចូល សម្រាប់គោលការណ៍ណែនាំស្តីពី នីតិវិធីនៃការគ្រប់គ្រង និងប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម ឱ្យមានប្រសិទ្ធភាព ដោយផ្តោតទៅលើការពិនិត្យពិភាក្សាលើនិតិវិធីនៃប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម ។
ក្នុងឱកាសនោះ ឯកឧត្តម សូ ខនឬទ្ធិគុណ បានមានប្រសាសន៍ថា ៖ នីតិវិធីនៃការគ្រប់គ្រង ការប្រមូលចំណូល និងការប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម មានសារៈសំខាន់ចូលរួមកិច្ចគាំពារបរិស្ថាន អភិរក្សជីវៈចម្រុះ និងប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប មាននិរន្តភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ដោយចីរភាព ។
ឯកឧត្តមបានបន្តថា កិច្ចប្រជុំនៅថ្ងៃនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមមតិយោបល់ទៅលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី នីតិវិធីនៃការគ្រប់គ្រង និងប្រើប្រាស់មូលនិធិ ក្នុងគម្រោងនានាដើម្បីផលប្រយោជន៍សង្គម និងបរិស្ថាន ។
សូមបញ្ជាក់ថា មូលនិធិបរិស្ថាន និងសង្គម ត្រូវផ្តល់សម្រាប់សកម្មភាព ៖
• ការគាំពារបរិស្ថាន ការអភិរក្សព្រៃឈើ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ប្រកបដោយនិរន្តភាព និងការរស់នៅប្រកបដោយចីរភាព
• ការស្តារបរិស្ថាន និងកែលម្អធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីឡើងវិញ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា
• ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រសើរឡើងវិញនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ដែលរស់នៅក្នុង និងក្បែរតំបន់គម្រោងអភិវឌ្ឍន៍ ឬតំបន់ផ្សេងទៀត
• ការសិក្សាស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្រ្តជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី
• ការស្រាវជ្រាវបច្ចេកទេស និងវិទ្យាសាស្រ្តលើវិស័យបរិស្ថាន
• ការផ្សព្វផ្សាយពីវិស័យបរិស្ថាន
• ទ្រទ្រង់កម្មវិធីបង្កើតសហគមន៍ការពារធម្មជាតិ និងសហគមន៍នានាបម្រើឱ្យវិស័យបរិស្ថាន
• ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យបរិស្ថាន និងធនធានធម្មជាតិ
• ការអប់រំផ្សព្វផ្សាយលើតំបន់ការពារធម្មជាតិ ៕