កិច្ចប្រជុំអន្តរក្រសួងស្តីពីគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមកម្ពុជា
_______________

ទីស្តីការក្រសួងបរិស្ថាន នៅរសៀល ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បាន​ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍​វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមកម្ពុជា នៅលើផ្ទៃដី ៩៣.៩៤៩ម៉ែត្រក្រឡា (សម្រាប់ដំណាក់កាលទី១ មានផ្ទៃដីទំហំ ៤៤.៩០០ម៉ែត្រក្រឡា) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣៦ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ របស់ក្រុមហ៊ុន យុនណាន សេងម៉ៅ អ៊ិនវេសមេន (ខេមបូឌា) ឯ.ក ដែលបានសិក្សា និងរៀបចំ​របាយការណ៍ដោយក្រុមហ៊ុនទីប្រឹក្សា អ ស៊ី ប៊ី ស៊ី ស៊ី។

ជារួម​ អង្គប្រជុំ​ ទទួលបានលទ្ធផល​ ដូចខាងក្រោម៖
១-​ គាំទ្រលើគម្រោងវិនិយោគនេះ ដែល​បានរួមចំណែកជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា និងបង្កើនចំនួនអគារពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងកោតសរសើរដល់ម្ចាស់គម្រោងដែល​បានដាក់បញ្ចូលរចនាបទខ្មែរក្នុងប្លង់អគារនេះ
២-​ ស្នើឱ្យម្ចាស់គម្រោង​ សរសេរឈ្មោះគម្រោងជាភាសាខ្មែរឱ្យធំជាងឈ្មោះជាភាសាបរទេស ដើម្បីបង្ហាញអត្តសញ្ញាណខ្មែរ
៣-​ ស្នើឱ្យម្ចាស់គម្រោងពន្លឿនដំណើរការស្នើសុំលិខិតអនុញ្ញាត​សាងសង់ ហើយក្នុងករណីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តល់ពិនិត្យមតិយោបល់
៤-​ ស្នើឱ្យម្ចាស់គម្រោងរៀបចំប្រព័ន្ធទឹកកខ្វក់ ដាច់ដោយឡែកពីប្រព័ន្ធទឹកភ្លៀង
៥-​ ទាក់ទងនឹងការគ្រប់គ្រងសំណល់រឹង-រាវ ស្នើឱ្យម្ចាស់គម្រោង​បែងចែកសំណល់ផ្ទះបាយតាមប្រភេទឱ្យបានត្រឹមត្រូវ ជៀសវាងបង្ហូរសំណល់​ខ្លាញ់ទៅក្នុងប្រព័ន្ធលូ។ ចំពោះធុងសំរាមវិញ ត្រូវរក្សាទុកដាក់នៅកន្លែងសមរម្យ ជៀសវាងការទុកដាក់នៅទីសាធារណៈ នាំឱ្យខូចសោភណ្ឌភាពទីប្រជុំ ព្រមទាំងសហការជាមួយក្រុមហ៊ុនប្រមូលសំរាម​ដែលបានទទួលសិទ្ធិពីរាជរដ្ឋាភិបាល​ ដេីម្បីប្រមូលសំរាមឱ្យបានទៀងទាត់
៦-​ ស្នើឱ្យម្ចាស់គម្រោងអនុវត្តឱ្យបានខ្ជាប់ខ្ជួនលើកិច្ចសន្យាសាងសង់ ជៀសវាងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ​ ដែលរស់នៅក្បែរទីតាំងគម្រោង និងធានាមិនឱ្យមានការបង្ហូរទឹកកខ្វក់ទៅលើផ្ទះរបស់ពួកគេ។ ក្នុងករណីមានអគ្គីភ័យ ឬគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងបណ្តាលមកពីសកម្មភាពគម្រោង ម្ចាស់គម្រោងត្រូវធានាសំណងជូនអ្នករងគ្រោះទាំងអស់
៧-​ ស្នេីឱ្យម្ចាស់គម្រោង​ រៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់​ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស
៨-​ ស្នើឱ្យម្ចាស់គម្រោង​ សាងសង់ផ្លូវ​ ជាកន្លែងចុះឡើងសម្រាប់ជនពិការ
៩-​ ស្នើឱ្យម្ចាស់គម្រោង​ ដាំដើមឈើជាលំហរបៃតង​ ស្របតាមច្បាប់កំណត់ (១ដើម ក្នុង១៥០ម៉ែត្រក្រឡា)
១០-​ ស្នើឱ្យម្ចាស់គម្រោងធានាថា បុគ្គលិក​ដែលបម្រើការងារនៅក្នុងទីតាំងគម្រោង ត្រូវមានប័ណ្ណ ប.ស.ស គ្រប់ៗគ្នា
១១-​ ស្នើឱ្យក្រុមហ៊ុន​ អនុវត្តទៅតាមមតិយោបល់ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះឱ្យបានខ្ជាប់ខ្ជួន៕

ព័ត៌មានបន្ថែម

មន្ត្រីឧទ្យានុរក្សនៃស្នាក់ការខ្នងភ្នំ ចុះល្បាតទៅដល់ចំណុចពើងព្រះប្រាំអង្គក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
ថ្ងៃ សុក្រ, 30 កក្កដា, 2021 មន្ត្រីឧទ្យានុរក្សនៃស្នាក់ការខ្នងភ្នំ ចុះល្បាតទៅដល់ចំណុចពើងព្រះប្រាំអង្គក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
កិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA)
ថ្ងៃ សុក្រ, 30 កក្កដា, 2021 កិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA)
លិខិតថ្លែងអំណរគុណរបស់ធនាគារអភិវឌ្ឍន៍កូរ៉េ ជូនចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន
ថ្ងៃ ព្រហស្បតិ៍, 29 កក្កដា, 2021 លិខិតថ្លែងអំណរគុណរបស់ធនាគារអភិវឌ្ឍន៍កូរ៉េ ជូនចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន