កិច្ចប្រជុំអន្តរក្រសួងលើគម្រោងបង្កើតរោងចក្រវាយនភណ្ឌ និងកាត់ដេររបស់ក្រុមហ៊ុន ថបស្ព័ត ថេកស្ថាយ អិលធីឌី
ថ្ងៃ ចន្ទ, 9 ធ្នូ, 2019កិច្ចប្រជុំអន្តរក្រសួងលើគម្រោងបង្កើតរោងចក្រវាយនភណ្ឌ និងកាត់ដេររបស់ក្រុមហ៊ុន ថបស្ព័ត ថេកស្ថាយ អិលធីឌី
______________________
នៅទីស្តីការក្រសួងបរិស្ថាន នៅព្រឹក ថ្ងៃច័ន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងបង្កើតរោងចក្រវាយនភណ្ឌ និងកាត់ដេរ នៅលើផ្ទៃដីទំហំ ១២២.៣៣៥ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង របស់ក្រុមហ៊ុន ថបស្ព័ត ថេកស្ថាយ អិលធីឌី ដែលសិក្សា និងរៀបចំរបាយការណ៍ដោយក្រុមហ៊ុនទីប្រឹក្សា អ៊ី & អេ ខនសាល់ធេន។
ជារួម អង្គប្រជុំ បានទទួលលទ្ធផល ដូចខាងក្រោម៖
១- អង្គប្រជុំគាំទ្រគម្រោងខាងលេី
២- ម្ចាស់គម្រោង ត្រូវត្រួតពិនិត្យឱ្យច្បាស់លាស់ចំពោះការគ្រប់គ្រងសំណល់រឹង-រាវ ជាពិសេសការបង្ហូរសំណល់រាវចូលទៅក្នុងព្រែកតាពៅ
៣- ម្ចាស់គម្រោង ត្រូវបញ្ចូលបន្ថែមនូវលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដែលពាក់ព័ន្ធនឹងគម្រោង និងបញ្ចូលបន្ថែមនូវមតិយោបល់របស់អង្គប្រជុំទៅក្នុងរបាយការណ៍នេះ
៤- ម្ចាស់គម្រោង ត្រូវធ្វើការសហការឱ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីធ្វើការពិនិត្យគុណភាពទឹកដែលបង្ហូរចូលទៅក្នុងអូរតាពៅ
៥- ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវបញ្ចូលបន្ថែមនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការការពារបរិស្ថាន ដែលក្រុមហ៊ុនបានលើកឡើងនៅក្នុងអង្គប្រជុំសម្រាប់អនុវត្តឆ្នាំ២០២០
៦- អង្គប្រជុំស្នើសុំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួយផ្តល់ព័ត៌មានបន្ថែមទៅលើការគ្រប់គ្រងសំណល់រាវដែលចេញពីតំបន់សេដ្ឋកិច្ចពិសេស ទៅកាន់អូរតាពៅ
៧- ក្រសួងលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការធ្វើអាង/ ស្រះស្តុកទឹកដែលចេញពីអាងប្រពឹត្តកម្ម
៨- ម្ចាស់គម្រោង ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងទៅលើការចែកចាយសំណល់ធុងសារធាតុគីមីឱ្យបានច្បាស់លាស់ ដើម្បីធានាថាមិនប៉ះពាល់ដល់សុខភាពសាធារណៈ
៩- ម្ចាស់គម្រោង ត្រូវធ្វើការគ្រប់គ្រងផេះធ្យូងថ្ម និងសំណល់ភក់ឱ្យបានត្រឹមត្រូវទៅតាមលក្ខណះបច្ចេកទេស
១០- ម្ចាស់គម្រោង ត្រូវកាត់បន្ថយផលប៉ះពាល់ដោយសម្លេង ដោយគិតគូពីសុខភាពបុគ្គលិក-កម្មករ ជាពិសេស ម្ចាស់គម្រោង ត្រូវគោរពទៅតាមច្បាប់ការងារដែលបានកំណត់៕