កិច្ចពិភាក្សាអំពី ជំហ៊ានបន្ទាប់ក្នុងការរៀបចំគម្រោងគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក
ថ្ងៃ សុក្រ, 6 ធ្នូ, 2019នារសៀលថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារជួបប្រជុំជាមួយក្រុមការងារធនាគារពិភពលោក ដើម្បីពិភាក្សាអំពី ជំហ៊ានបន្ទាប់ក្នុងការរៀបចំគម្រោងគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក ដោយមានការអញ្ជើញចូលរួមពី លោកជំទាវអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្តមអគ្គនាយក និងអគ្គនាយករងគាំពារបរិស្ថាន លោកប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង និងសហការីធនាគារពិភពលោកសរុប ១០នាក់។ កិច្ចប្រជុំនេះមានគោលបំណង៖ (១). ពិភាក្សាអំពីការងារអាទិភាពនៃការរៀបចំគោលការណ៍ណែនាំ តួនាទី និងទំនួលខុសត្រូវរបស់ក្រសួងស្ថាប័នពាក់ព័ន្ធសម្រាប់ការរៀបចំគម្រោងគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក (២).បង្ហាញទិន្នន័យ និងលទ្ធផលបន្ទាប់ពីការចុះសិក្សាវាយតម្លៃពាក់ព័ន្ធនឹងសំណល់ប្លាស្ទិក និង(៣). ពិភាក្សាលើលទ្ធភាពក្នុងការអភិវឌ្ឍគោលការណ៍បច្ចេកទេសក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក។