កិច្ចប្រជុំវាយតម្លៃគម្រោង «មជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់» នៃគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍របស់ក្រុមហ៊ុន YEEJIA TOURISM DEVELOPMENT COMPANY LTD ស្ថិតក្នុងឧទ្យានជាតិព្រះសីហនុ «រាម» ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន
ថ្ងៃ ព្រហស្បតិ៍, 5 ធ្នូ, 2019នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារ ROSEWOOD PHNOM PENH ក្រសួងបរិស្ថាន សហការជាមួយក្រុមហ៊ុន YEEJIA TOURISM DEVELOPMENT COMPANY LTD បានរៀបចំកិច្ចប្រជុំវាយតម្លៃគម្រោង «មជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់» នៃគម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍របស់ក្រុមហ៊ុន YEEJIA TOURISM DEVELOPMENT COMPANY LTD ស្ថិតក្នុងឧទ្យានជាតិព្រះសីហនុ «រាម» ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុ តំណាងក្រុមហ៊ុន YEEJIA TOURISM DEVELOPMENT COMPANY LTD តំណាងសមាគមទំនាក់ទំនងមិត្តភាពអន្តរជាតិចិន ក្រុមហ៊ុនយូណាយ ក្រុមហ៊ុន ឌីហ្សាញចិន HMD សរុបចំនួន ៦៥នាក់។ កិច្ចប្រជុំមានគោលបំណងអបអរសាទរ និងស្តាប់នូវការធ្វេីបទបង្ហាញគម្រោង «មជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់» ដែលនឹងគ្រោងសាងសង់នៅលើផ្ទៃដីទំហំ ៤០ហិកតា សម្រាប់ សាលសន្និសីទអន្តរជាតិ សណ្ឋាគារលំដាប់ផ្កាយ៥ ដែលគ្រោងប្រើប្រាស់ទុនសរុប ១២០ លានដុល្លាសហរដ្ឋអាមេរិក ហើយប្រើពេលសាងសង់ចំនួន ៤ឆ្នាំ (២០២០-២០២៣) អាចទទួលភ្ញៀវសរុបបានចំនួន ៦០០០នាក់។ ក្រៅពីមុខងារសេវា ដែលមានដូចសណ្ឋាគារវិស្សមកាលតាមឆ្នេរសមុទ្រដែលល្បីល្បាញក្នុងពិភពលោក សណ្ឋាគារនេះបានរៀបចំវីឡាទោលចំនួន ១៣សម្រាប់ថ្នាក់ដឹកនាំ អាស៊ាន១០+៣ ផងដែរ។ គម្រោងមជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់នេះ នឹងត្រូវបានសម្រេចដោយប្រមុខរាជរដ្ឋាភិបាលរួចហើយបន្ទាប់ពីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងភាគីចិន នៅក្នុងការរៀបចំសាងសង់នេះ។
អង្គប្រជុំបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះគម្រោងនេះ ហើយបានផ្តល់មតិយោបល់បន្ថែមលើរូបរាង សោភណភាពសំណង់ មុខងារសំណង់ ការរៀបចំលំហរបៃតង ការផ្គុំគ្នារវាងបរិស្ថានធម្មជាតិនិងសំណង់ បច្ចេកទេសសំណង់ និងភាពសមស្របទៅនឹងរចនាបថខ្មែរ។