កិច្ចប្រជុំ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលេីការគ្រប់គ្រងសំណល់រឹង និងប្លាស្ទីក ការគ្រប់គ្រងតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិ និងការពង្រឹងភាពធន់នឹងអាកាសធាតុសម្រាប់តំបន់ឆ្នេរនិងតំបន់ដីសណ្តមេគង្គ
ថ្ងៃ ព្រហស្បតិ៍, 5 ធ្នូ, 2019នាររសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំត្រដក់ធំទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបប្រជុំជាមួយក្រុមបេសកកម្មរបស់ធនាគារពិភពលោក ដឹកនាំដោយលោក Benoit Bosquet នាយកទទួលបន្ទុកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក ដេីម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលេីការគ្រប់គ្រងសំណល់រឹង និងប្លាស្ទីក ការគ្រប់គ្រងតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិ និងការពង្រឹងភាពធន់នឹងអាកាសធាតុសម្រាប់តំបន់ឆ្នេរនិងតំបន់ដីសណ្តមេគង្គ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ តំណាងនាយកដ្ឋានសមុទ្រនិងឆ្នេរ តំណាងនាយកដ្ឋានអភិរក្សដីសើមទឹកសាប តំណាងនាយកដ្ឋានគ្រប់គ្រងសំណល់រឹង និងសហការីធនាគារពិភពលោក សរុប១៣នាក់។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាលើការរៀបចំ និងអនុវត្តគម្រោងមួយចំនួនដូចខាងក្រោម៖
១-គម្រោងកែលម្អរការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក
២-គម្រោងនិរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា
៣-កសាងភាពធន់នឹងអាកាសធាតុតំបន់ឆ្នេរ និងដីសណ្តមេគង្គ។