សិក្ខាសាលាស្តីពី “ការអភិវឌ្ឍទីក្រុងនិរន្តរភាព”
ថ្ងៃ ពុធ, 4 ធ្នូ, 2019សិក្ខាសាលាស្តីពី “ការអភិវឌ្ឍទីក្រុងនិរន្តរភាព”
___________________
អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍទីក្រុងនិរន្តរភាព” ក្រោមអធិបតីភាព ឯកឧត្តម ឯ វុឌ្ឍី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងលោកស្រី Karolien Casaer តំណាង GGGI ប្រចាំកម្ពុជា នៅសណ្ឋាគារអិល ប៊ី អិន អាស៊ាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី០៣-០៥ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំងមានការចូលរួមមកពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន៖ក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមមាន រដ្ឋបាលរាជធានីភ្នំពេញ ខេត្តកែប ព្រះសីហនុ បាត់ដំបង សៀមរាប កំពង់ចាម ត្បូងឃ្មុំ និងកំពង់ចាម សរុបប្រមាណ ៣៧រូប។
សិក្ខាសាលាបណ្តុះបណ្តាលនេះ មានគោលបំណង៖
១-បង្ហាញអំពីនិន្នាការសកលនៃនគរូបនីយកម្ម កាលានុវត្តភាព និងបញ្ហាប្រឈម ជាពិសេសស្វែងយល់ឱ្យបានស៊ីជម្រៅទៅលើវិស័យប្រឈមបំផុតក្នុងការអភិវឌ្ឍទីក្រុង ដូចជាវិស័យគ្រប់គ្រងសំណល់ និងអនាម័យ ដឹកជញ្ជូន ប្រសិទ្ធភាពធនធាន និងបរិយាកាសសំណង់អាគារ (អាគារបៃតង និងលំហបៃតង)
២-បង្ហាញពីវិធីសាស្រ្តវិភាគ និងកំណត់អាទិភាពគម្រោងអភិវឌ្ឍគម្រោងអភិវឌ្ឍទីក្រុងនិរន្តរភាព ឆ្លុះបញ្ចាំងតាមរយៈដំណើការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពរាជធានីភ្នំពេញ
៣-ផ្តល់ចំណេះដឹង និងការវិវត្តថ្មីៗ ស្តីពី គោលនយោបាយជាតិ យុទ្ធសាស្រ្ត និងការរៀបចំស្ថាប័នដោយផ្តោតលើវិស័យនីមួយៗ
និង៤-ផ្តួចផ្តើមកម្មវិធីបណ្តុះបណ្តាលទីក្រុងនិរន្តរភាព និងផែនការសម្រាប់រដ្ឋបាលក្រុងបន្តបន្ទាប់។
សិក្ខាសាលាបណ្តុះបណ្តាលនេះមានការចូលរួមពីវាគ្មិនជាតិតំណាងឱ្យស្ថាប័នធ្វើការងារទាក់ទងនឹងការអភិវឌ្ឍក្រុង និងអ្នកជំនាញការ GGGI និង Global Environment Institute ហេីយថ្លែងក្នុងពិធីបើក ឯកឧត្តម ឯ វុឌ្ឍី បានលើកឡើងថា ក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដោយធានាចីរភាពបរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ទីក្រុងទីប្រជុំជន ផ្អែកលើការពង្រឹងសមត្ថភាព ការកសាងសម្ថភាព និងអភិបាលកិច្ចទីក្រុង ទីប្រជុំជនប្រកបដោយនិរន្តរភាព ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីខេត្តពាក់ព័ន្ធ ដែលនឹងរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់គុណភាពបរិស្ថាន និងកាត់បន្ថយភាពក្រីក្រ តាមរយៈកិច្ចសហការជាមួយក្រសួងស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន៕