ឯកឧត្តម សៅ សុភាព ជួបប្រតិភូKOICA ដើម្បីពិភាក្សាលើគម្រោងគ្រប់គ្រងសំរាមនៅខេត្តសៀមរាប
ថ្ងៃ សុក្រ, 29 វិច្ឆិកា, 2019ឯកឧត្តម សៅ សុភាព ជួបប្រតិភូKOICA ដើម្បីពិភាក្សាលើគម្រោងគ្រប់គ្រងសំរាមនៅខេត្តសៀមរាប
……………………………………
នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារជួបប្រជុំជាមួយតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាលើការសិក្សារៀបចំផែនការគម្រោងមេ នៃការគ្រប់គ្រងកន្លែងចាក់សំរាមនៅខេត្តសៀមរាបឆ្នាំ២០២១។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកគាំពារបរិស្ថាន លោក ងែត បុល អនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង និងសហការីរបស់ទីភ្នាក់ងារ KOICA ។
ឯកឧត្តម សៅ សុភាព បានលើកឡើងថាធនាគារពិភពលោក បានផ្តល់ជំនួយដែលមានទឹកប្រាក់ប្រមាណជាង៦០លានដើម្បីជួយក្នុងការរៀបចំគ្រប់គ្រងសំរាម សំណល់រឹងដែលផ្តោតសំខាន់ទៅលើ៣ទីតាំង គឺខេត្តព្រះសីហនុ ខេត្តសៀមរាប និងទីក្រុងភ្នំពេញ។ ឯកឧត្តម បានស្នើសុំ KOICA ធ្វើការពិភាក្សាជាមួយនឹងធនាគាពិភពលោក ដើម្បីពិនិត្យលើកិច្ចសហការគ្នាបន្ថែមលើកគម្រោងគ្រប់គ្រងសំណល់សំរាមនេះឱ្យបានល្អ ។