ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបប្រជុំជាមួយតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដេីម្បីពិភាក្សាលើកិច្ចសហប្រត្តិបត្តការក្នុងការអនុវត្តន៍គម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា – Cambodia Sustainable Landscape and Ecotourism Project (CSLEP)»
ថ្ងៃ ព្រហស្បតិ៍, 28 វិច្ឆិកា, 2019នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តី ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបប្រជុំជាមួយតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដេីម្បីពិភាក្សាលើកិច្ចសហប្រត្តិបត្តការក្នុងការអនុវត្តន៍គម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា – Cambodia Sustainable Landscape and Ecotourism Project (CSLEP)»។
កិច្ចប្រជុំបានផ្តោតការពិភាក្សាលេីសំណេីររបស់អង្គការ UNDP ក្នុងការប្រេីប្រាស់ថវិកាមួយផ្នែកនៃមូលនិធិបរិស្ថានសកល (GEF7) និងពីគម្រោង CSLEP ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ជួយដល់ការគ្រប់គ្រងនិងការអនុវត្តសកម្មភាពមួយចំនួន ដូចខាងក្រោម:
១-ប្រព័ន្ធព័ត៌មានភូមិសាស្រ្តគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត
២-ការរៀបចំផែនការគ្រប់គ្រង និងការអនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិ
៣-និរន្តរភាពយន្តការហិរញ្ញវត្ថុ និងការគ្រប់គ្រងចំណូល (PES, REDD+)
៤-បង្កើនឱកាសការងារពីវិស័យទេសចរណ៍ធម្មជាតិ និងលើកកំពស់សង្វាក់តម្លៃអនុផលព្រៃឈើ
៥-ការកសាងផ្លូវពង្រឹងប្រព័ន្ធវាស់ស្ទង់ទឹកជំនន់ និងការធានាសុវត្ថិភាពសង្គម និងបរិស្ថាន និង
៦-ការកសាងសមត្ថភាពនិងចំណេះដឹងលើការត្រួតពិនិត្យ និងវាយតម្លៃគម្រោង។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាស្នេីឱ្យមន្ត្រីគម្រោងនៃក្រសួងបរិស្ថាន និងមន្ត្រីនៃអង្គការ UNDP សហការគ្នារៀបចំតារាងថវិកាដែលស្នេីសុំដោយ UNDP បន្ស៊ីជាមួយនឹងថវិកានិងផែនការសកម្មភាពដែលបានលេីកឡេីងដោយអង្គភាពអនុវត្តគម្រោង ដេីម្បីបន្តពិនិត្យពិភាក្សា និងស្នេីសុំការឯកភាពពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។