ក្រសួងបរិស្ថានរៀបចំពិធីអបអរសាទរខួបទី៤១​កំណើតរណសិរ្ស២ធ្នូ

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ដោយសារគុណបំណាច់នៃស្មារតីប្រវត្តិសាស្រ្តនៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ២ ធ្នូ និងថ្ងៃជ័យជំនះ ៧ មករា បានជំរុញឱ្យប្រទេសជាតិ​មានការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះ​វិស័យបរិស្ថាន​ ទទួលបាន​ការយកចិត្តទុកដាក់កាន់តែប្រសើរឡើង។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៩ នាទីស្តីការក្រសួងបរិស្ថាន នាថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា ចាប់ពីថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩​ រហូតមកដល់បច្ចុប្បន្ន វិស័យបរិស្ថានមានផ្លាស់ប្តូរយ៉ាងសំខាន់ ដែលពីឆ្នាំ១៩៩៣ មករាជរដ្ឋាភិបាលបានខិតខំបង្កើតបានជារដ្ឋលេខាធិការដ្ឋានបរិស្ថាន ការបង្កើតឧទ្យានជាតិ និងតំបន់ការពារធម្មជាតិ ហើយបន្ទាប់មកក្លាយជាក្រសួងបរិស្ថាន និង​បានបំពេញតួនាទីលើការគ្រប់គ្រងបរិស្ថាន​ រីកចម្រើនរហូតដល់សព្វថ្ងៃ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា មន្រ្តីរាជការក្រសួងបរិស្ថាន បានពុះពារ លះបង់ខ្ពស់ ដើម្បីបុព្វហេតុបរិស្ថាននៅកម្ពុជា ដែលធ្វើឱ្យកើតមានសមិទ្ធផលជាច្រើន ក្នុងនោះប្រជាជនមានការយល់ដឹង​ និងចូលរួមក្នុងវិស័យបរិស្ថានកាន់ច្រើនឡើងផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម បានបង្ហាញនូវសេចក្តីសង្ឃឹមថា នៅក្នុងរយៈពេលជាង១០ឆ្នាំទៅមុខទៀត បរិស្ថាននឹងទទួលបានការចូលរួម​និងយល់ដឹងកាន់តែប្រសើរថែមទៀត ព្រោះកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍសេដ្ឋកិច្ច និងប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ ។

សូម​បញ្ជាក់​ថា​ ក្នុង​ពីធីអបអរសាទរខួបអនុស្សវរីយ៍លើកទី៤១ នៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ឯកឧត្តម សាយ សំអាល់ បានជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន ទាំងចាស់ទាំងថ្មី និងក្រុមគ្រួសារនៃស្ថាបនិកចលនារណសិរ្ស២ធ្នូ ធ្លាប់បំពេញការងារក្នុងវិស័យបរិស្ថាន និងរំលឹកដល់សមិទ្ធផលការងារ ជាប្រវត្តិសាស្រ្តក្នុងការអភិវឌ្ឍវិស័យបរិស្ថានឱ្យមានការរីកចម្រើនជារៀងរហូតមក។

“រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ដែលបង្កើតឡើងនៅភូមិ២ធ្នូ ឃុំជើងឃ្លូ ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី២ធ្នូឆ្នាំ១៩៧៨។ ឆ្លងកាត់ដំណាក់កាលរីកចំរើនជាច្រើនមករណសិរ្សនេះក៏បានប្តូរឈ្មោះមកជា”រណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា”និងជាចុងក្រោយនេះបានប្តូរមកជា” រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា”។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបផ្សេងទៀត​ ជាប្រមុខដឹកនាំ ហើយបានធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើនគ្រប់វិស័យដូចសព្វថ្ងៃ។

 

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានបន្តគាំទ្រនិងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម
ថ្ងៃ ចន្ទ, 2 សីហា, 2021 ក្រសួងបរិស្ថានបន្តគាំទ្រនិងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម
មន្ត្រីឧទ្យានុរក្សនៃស្នាក់ការខ្នងភ្នំ ចុះល្បាតទៅដល់ចំណុចពើងព្រះប្រាំអង្គក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
ថ្ងៃ សុក្រ, 30 កក្កដា, 2021 មន្ត្រីឧទ្យានុរក្សនៃស្នាក់ការខ្នងភ្នំ ចុះល្បាតទៅដល់ចំណុចពើងព្រះប្រាំអង្គក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»
កិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA)
ថ្ងៃ សុក្រ, 30 កក្កដា, 2021 កិច្ចប្រជុំលើកទី១៣ នៃក្រុមប្រឹក្សាភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានតំបន់សមុទ្រនៅអាស៊ីបូព៌ា(PEMSEA)