«ទិវាអនាម័យបរិស្ថានជាតិ»សម្រាប់ឆ្នាំ ២០១៩ ក្រោមប្រធានបទ «ភូមិស្អាត សុខភាពល្អ»
ថ្ងៃ សៅរ៍, 23 វិច្ឆិកា, 2019«ទិវាអនាម័យបរិស្ថានជាតិ»សម្រាប់ឆ្នាំ ២០១៩ ក្រោមប្រធានបទ «ភូមិស្អាត សុខភាពល្អ» ត្រូវបានប្រារព្ធឡើងនៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជានៅថ្ងៃទី២៣ ខែវិច្ឆិកានេះដោយ កន្លែងប្រារព្ធទិវានេះនៅតាមរាជធានីខេត្តមានការចូលរួមពីសាធារណជនយ៉ាងច្រើនកុះករ។ នេះ គឺជាការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាពាក្យក្រសួងបរិស្ថាននៅ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ពីទឹកដីខេត្តរតនគិរី ជាទីដែលឯកឧត្តមរួមនឹងមន្ត្រីរាជការនៃ ក្រសួងបរិស្ថានចូលរួមប្រារព្ធទិវាអនាម័យបរិស្ថានជាមួយនឹងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សជាង ១០០០ នាក់។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ទិវាអនាម័យបរិស្ថានជាតិ នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យ បង្កើតឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ តម្រូវឱ្យប្រារព្ធធ្វើនៅថ្ងៃទី២៣ ខែវិច្ឆិកា ជារៀងរាល់ឆ្នំា ដើម្បីបំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការគ្រប់ផ្នែកគ្រប់ថ្នាក់ សិស្ស និស្សិត គ្រប់ភូមិសិក្សា ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ទាំងស្មារតី និងសម្ភារក្នុងការធ្វើអនាម័យ និងកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រសហគ្រាស ទីផ្សារ មជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅបំបាត់ឱ្យខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់ផ្សេងៗ ដើម្បីកែលម្អគុណភាពបរិស្ថាន ប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានបរិស្ថានល្អ មានភាពបៃតង មានសោភ័ណភាព មានផាសុកភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ធនធានធម្មជាតិនិងជីវៈចម្រុះត្រូវបានការពារ ហើយគុណភាព និងនិរន្តរភាពបរិស្ថានត្រូវបានធានា។